កណ្ដាល ៖ នគរបាលក្រុងតាខ្មៅ ធ្វើការចាប់ខ្លួនយុវជនម្នាក់ ក្នុងករណីរំលោភសេពសន្ថវៈលើអនីតិជន បន្ទាប់ពីយុវជនសង្ស័យ និងក្មេងស្រីរងគ្រោះបានស្រឡាញ់គ្នាជាង៥ខែ និងធ្លាប់បានរួមភេទជាមួយគ្នា ជាច្រើនលើកមកហើយ ប៉ុន្តែដោយសារតែឪពុកម្ដាយខាងស្រី មិនពេញចិត្តនឹងយុវជនរូបនេះ ក៏បានតាមទាន់ និងប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង ។ ករណីចាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ១៦ បុរីគ្រីស្តាល់ ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា យុវជនសង្ស័យឈ្មោះ ភៅ សុខួច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ រីក្មេងស្រីរងគ្រោះឈ្មោះ យ ស.ន អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
មន្រ្ដីនគរបាលក្រុងតាខ្មៅ បានបន្ដថា កន្លងមកក្មេងស្រីរងគ្រោះនិងយុវជនសង្ស័យ មានទំនាក់ទំនងស្រឡាញ់គ្នា អស់រយៈពេលប្រហែលជាង៥ខែមកហើយ រហូតដឹងឮដល់ឪពុកម្តាយខាងស្រី តែឪពុកម្ដាយខាងស្រី មិនពេញចិត្តយុវជនសង្ស័យនោះទេ គឺបំបែកបង្ខាំងគ្នា មិនឲ្យក្មេងស្រីរងគ្រោះ និងយុវជនសង្ស័យ ជួបគ្នាទេ ប៉ុន្តែក្មេងស្រីរងគ្រោះ និងយុវជនសង្ស័យ តែងតែណាត់ជួបគ្នា រហូតបានរួមភេទជាមួយគ្នា រហូតបានសម្រេចនៅផ្ទះកើតហេតុ ជាច្រើនលើកច្រើនសារ ។ លុះរហូតដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ យុវជនសង្ស័យនិងក្មេងស្រីរងគ្រោះ បានណាត់ជួបគ្នាម្ដងទៀត នៅកន្លែងដដែល ខណៈនោះធ្វើឲ្យម្ដាយឪពុកក្មេងស្រីរងគ្រោះដឹង ក៏តាមដានរហូតឃើញកូនស្រីរបស់ខ្លួន និងយុវជនរងគ្រោះ កំពុងដេកជាមួយគ្នានៅក្នុងផ្ទះកើតហេតុ ភ្លាមនោះក៏ប្ដឹងសមត្ថកិច្ច ឲ្យធ្វើការចាប់ខ្លួនយុវជនសង្ស័យខាងលើ ចាត់ការតាមនីតិវិធីច្បាប់ ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹង ពីឪពុកម្ដាយក្មេងស្រីរងគ្រោះ ភ្លាមនោះក៏ចុះធ្វើការចាប់ខ្លួន យកយុវជនសង្ស័យ មកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលតាខ្មៅ នៅចំពោះមុខសមត្ថកិច្ច យុវជនសង្ស័យសារភាពថា ខ្លួនពិតជាបានស្រឡាញ់គ្នា ជាមួយនឹងក្មេងស្រីរងគ្រោះ អស់រយៈពេលជាង៥ខែមកហើយ និងបានរួមភេទជាមួយគ្នា ជាច្រើនដងផងដែរ ៕ ដោយ៖កូឡាប