Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ ទៀ សីហា៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅកម្ពុជា ក្នុងន័យដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ឱ្យប្រសើរថែមទៀត

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យលោក អ៊េនទ្រូ ហាប់ ( Andrew Heup ) ឧបការីរងអមស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងលោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky Ly) នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលានៅទ្រឹស្ដីការក្រសួងការពារជាតិ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិក ដែលមានទំនាក់ទំនងការទូតជាមួយគ្នារយៈពេលជាង ៧០ ឆ្នាំ ហើយដែលទំនាក់ទំនងនេះ នៅតែបន្តកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា បើទោះបីជានៅមានបញ្ហាប្រឈមខ្លះៗក៏ដោយ ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក្នុងនាមក្រសួងការពារជាតិកម្ពុជា បានថ្លៃងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានចូលរួមដល់ដំណើរការបង្រួបបង្រួមជាតិ និងការស្វែងរកសន្តិភាពនៅកម្ពុជា នាដើមទស្សវតរ៍ទី៩០ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ និងការអភិវឌ្ឍកម្ពុជាឡើងវិញ ទាំងវិស័យកសិកម្ម អប់រំ សុខាភិបាល ការដោះមីន ក៏ដូចជាការជួយឧបត្ថម្ភលើការងារមនុស្សធម៌ផ្សេងៗទៀត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែក របស់លោកវរសេនីយ៍ឯក ចាំង ជេគីលី និងសហការី ក្នុងការពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៅក្នុងអាណត្តិការទូតយោធារបស់លោកនៅកម្ពុជា ។ ហើយឯកឧត្តមរដ្ឋមន្ត្រី ក៏សូមអរគុណដល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ឡយ អូស្ទីន រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក នៅកម្ពុជាកាលពីពេលថ្មីៗនេះ និងបណ្តាគណៈប្រតិភូអាមេរិកជាច្រើនទៀត ក្នុងន័យដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ។

ឯកឧត្តម ក៏ក៏បានថ្លែងអំណរអរគុណផងដែរ ដល់សហរដ្ឋអាមេរិក ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស វគ្គខ្លីៗដល់កងយោធពលខេមរភូមិន្ទ នាពេលកន្លងមក ដោយឯកឧត្តមចាត់ទុកការជួយបណ្ដុះបណ្ដាលរបស់សហរដ្ឋអាមេរិកនេះ គឺបានបង្ហាញពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ។ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហរដ្ឋអាមេរិក ឱ្យប្រសើរថែមទៀត ។

ឯកឧត្តម ទៀ សីហា បានលើកឡើងនូវកិច្ចការចំពោះមុខមួយចំនួន រួមមាន ការរៀបចំឲ្យមានក្រុមការងារសម្របសម្រួល ការកសាងធនធានមនុស្ស ការផ្លាស់ប្ដូរទស្សនកិច្ចផ្នែកយោធា ការផ្លាស់ប្ដូរព័ត៌មានឧក្រិដ្ឋកម្មផ្សេងៗ កិច្ចសហប្រតិបត្តិការហ្វឹកហ្វឺន និងការស្វែងរកអដ្ឋិធាតុកងទ័ពអាមេរិកបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅឥណ្ឌូចិន ។ ឯកឧត្តម ទៀ សីហា ក៏បានជូនពរលោកវរសេនីយ៍ឯក ចាំង ជេគីលី ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មីរបស់លោក និងសូមឲ្យធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ។

លោកវរសេនីយ៍ឯក ចាំង ជេគីលី បានថ្លែងអំណរគុណចំពោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាទទួលជួបរូបលោកនិងសហការី និងបានយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋន្រ្តី។ លោកវរសេនីយ៍ឯក ចាំង ជេគីលី បានថ្លែងអំណរគុណចំពោះកិច្ចខិតខំរបស់កងទ័ពកម្ពុជា ក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ។ លោកវរសេនីយ៍ឯក បានលើកឡើងពីដំណើរទស្សនកិច្ចថ្មីៗរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកនៅកម្ពុជា ថាជាទស្សនកិច្ចដ៏ល្អមួយក្នុងគោលបំណងពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយលោកវរសេនីយ៍ឯក ក៏សូមអរគុណដល់ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដែលបានសហការធ្វើឲ្យដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ ។

ចុងបញ្ចប់នៃជំនួបរវាងរដ្ឋមន្ត្រីការពារជាតិកម្ពុជាជាមួយលោកអនុព័ន្ធយោធាបញ្ចប់អាណត្តិរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាបានបំពាក់ជូនគ្រឿងឥស្សរិយយស សហមេត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកវរសេនីយ៍ឯក ថាំង ជេរគីលី ជាការតបស្នងចំពោះស្នាដៃដែលលោកបានខិតខំក្នុងការពង្រឹងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទនិងសហរដ្ឋអាមេរិកក្នុងរយៈពេល ៣ ឆ្នាំនៃអាណតិការទូតយោធារបស់លោកកន្លងមកនៅកម្ពុជា ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×