ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពីករណីក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខន់ស្ដ្រាក់សិន អ៊ីមផត អ៊ិចផត ខូអិលធីឌី លើកស្លាកប៉ាន់ណូព័ត៌មានក្លែងក្លាយនៅលើកំណាត់ផ្លូវខេត្ដលេខ៣១៣ និងបានអះអាងដោយព័ត៌មានមិនពិតថា ក្រុមហ៊ុនដូចមានឈ្មោះខាងលើនេះ គឺជាក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវខេត្ដលេខ៣១២ ក្នុងគោលបំណងបោកប្រាស់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូ។
បើតាមសេចក្តីជូនដំណឹងនៅថ្ងៃទី ២៦ ខែមិថុនាឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់សាធារណជន ប្រជាពលរដ្ឋ និងក្រុមហ៊ុន សំណង់ផ្លូវថ្នល់ស្ពានលូទាំងអស់ឱ្យបានជ្រាបថា កន្លងទៅថ្មីៗនេះមានករណីក្រុមហ៊ុនឈ្មោះ នង សារិន មាន សំណាង អ៊ិនវេសម៉ិន ខន់ស្ត្រាក់សិន អឹមផត អិចផត ខូអិលធីឌី (NONG SARIN MEAN SAMNANG INVESTMENT & CONSTRUCTION IMPORT EXPORT CO., LTD) បានលើកស្លាកប៉ាន់ណូ ព័ត៌មានក្លែងក្លាយ និង ប្រមូលផ្តុំគ្រឿងចក្របញ្ឈរលើកំណាត់ផ្លូវខេត្តលេខ៣១៣ មានទីតាំងចាប់ពីរង្វង់មូលថ្មី ខេត្តព្រៃវែង ឆ្ពោះទៅផ្សារកអណ្ដើក ផ្លូវជាតិលេខ១ និងបានអះអាងដោយព័ត៌មានមិនពិតថា ក្រុមហ៊ុនដូចមានឈ្មោះខាងលើនេះ គឺជាក្រុមហ៊ុនម៉ៅការ ស្ថាបនាផ្លូវខេត្តលេខ៣១២ មានទីតាំងចាប់ពីផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ទៅដល់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រីព្រំប្រទល់កម្ពុជា-វៀតណាម ។
ជាការពិត កំណាត់ផ្លូវខេត្តលេខ៣១៣ កំពុងស្ថិតនៅក្រោមការថែទាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង ហើយកំណាត់ផ្លូវខេត្តនេះពុំមានផែនការស្ថាបនាដោយឥណទានធនាគារអភិវឌ្ឍន៍អាស៊ីនោះទេ។ ចំណែកឯ ផ្លូវខេត្តលេខ៣១២ ដែលបាននឹងកំពុងស្ថាបនាក្រោមឥណទានធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានក្រសួងសាធារណការ នឹងដឹកជញ្ជូន ជាម្ចាស់គម្រោង និងក្រុមហ៊ុន ILSUNG-KR Joint Venture ជាក្រុមហ៊ុនម៉ៅការស្ថាបនាស្របច្បាប់ បានចាប់ផ្តើមការដ្ឋានសាងសង់កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ សម្រេចបានវឌ្ឍនភាពការងារប្រមាណ ៦៥ ភាគរយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងអំឡុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមយកឱកាសនេះជម្រាបជូនសាធារណជន ប្រជាពលរដ្ឋ និង ក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូទាំងអស់ឱ្យបានជ្រាបថា ក្រុមហ៊ុនឈ្មោះ នង សារិន មានសំណាង អ៊ិនវេសម៉ិន ខន់ ស្ត្រាក់សិន អឹមផត អិចផត ខូអិលធីឌី (NONG SARIN MEAN SAMNANG INVESTMENT & CONSTRUCTION IMPORT EXPORT CO., LTD) ដែលមានឈ្មោះ ចេង ប៊ុន ឆេង ជាអគ្គនាយក បានផ្តល់ព័ត៌មានក្លែងក្លាយអំពីការ ស្ថាបនាផ្លូវខេត្តលេខ៣១៣ និងផ្លូវខេត្តលេខ៣១២ នេះ ក្នុងគោលបំណងបោកប្រាស់សាធារណជន ប្រជាពលរដ្ឋ និង ក្រុមហ៊ុនសំណង់ផ្លូវថ្នល់ស្ពានលូ ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចផ្ទាល់ខ្លួន ដោយខុសពីការពិត និងច្បាប់របស់កម្ពុជា ។
ចំពោះមុខ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងចាត់វិធានការផ្លូវច្បាប់ទៅតាមការចាំបាច់លើបុគ្គល ចេង ប៊ុន ធេង ដែលបានក្លែងបន្លំឯកសារ និងព័ត៌មានបោកប្រាស់នេះ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

