ស្ត្រីម្នាក់ខណៈកំពុងបណ្តើរសុនខដ៏ធំ១ក្បាលរបស់នាង ស្រាប់តែបានបាត់បង់ស្មារតីនៅលើដងផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Daqing ខេត្ត Heilongjiang ប្រទេសចិន ។
យោងតាម Thepaper.cn ដែលដកស្រង់ប្រភពពី South China Morning Post, អ្នកថ្មើរជើងជាច្រើនបានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះស្ត្រីម្នាក់ ខណៈសុនខដ៏ស្មោះត្រង់របស់នាង បានបង្ហាញកាយវិការឆ្លេរឆ្លានៅជុំវិញនៅវិញនាង ប្រៀបបីដូចអង្គរក្សដ៏ទន់ភ្លន់ម្នាក់អីចឹង ។
បើតាមប្រភពមួយឲ្យដឹង ស្ត្រីនោះត្រូវបានគេបញ្ចេញឲ្យដឹងថា នាងកំពុងផឹកស៊ីកាលពីយប់មុន ។
សុនខរបស់នាង ត្រូវបានឃើញឃើញដើរតាមនាងយ៉ាងឆ្លេរឆ្លាគួរឲ្យបារម្ភ នៅពេលម្ចាស់ស្រីរបស់វាត្រូវបានលើកដាក់លើហ្វ្រង់កា ដោយក្រុមគ្រូពេទ្យ ។
បុគ្គលិកពេទ្យបន្ទាប់មក បានព្យាយាមលួងវាឲ្យស្ងប់អារម្មណ៍ ប៉ុន្តែ សត្វចិញ្ចឹមដ៏ស្មោះស្ម័គ្រនេះ នឹងពុំចាកចេញពីម្ចាស់របស់វាទេ ។ ហេតុដូច្នេះ បុគ្គលិកពេទ្យក៏បានអនុញ្ញាតឲ្យវាចូលក្នុងរថយន្តសង្គ្រោះបន្ទាន់ជាមួយពួកគេតែម្តង ។
គិលានុបដ្ឋាយិកាឈ្មោះ Yu Jingjing និយាយថា៖ «ជាទូទៅ សុនខពុំត្រូវបានអនុញ្ញាតឲ្យឡើងជិះក្នុងរថយន្តសង្គ្រោះបន្ទាន់នោះទេ ។ ប៉ុន្តែ ដោយពិចារណាថា ម្ចាស់ឆ្កែជាច្រើនបានចាត់ទុកសត្វចិញ្ចឹមរបស់ពួកគេ ជាសមាជិកគ្រួសារ ហើយគ្រួសារ ឬ មិត្តភក្តិរបស់ស្ត្រីរងគ្រោះ ពុំអាចទាក់ទងបាន ហេតុនេះ យើងខ្ញុំមិនដាច់ចិត្តទុកវាចោលនៅទីនោះទេ» ។
គិលានុបដ្ឋាយិកាក៏បានបង្ហើបឲ្យដឹងទៀតថា ពួកគេដំបូងមានការស្ទាក់ស្ទើរ ក្នុងការចូលទៅយកស្ត្រីរងគ្រោះនោះដែលកំពុងដេកស្តូកស្តឹងនៅលើដី ខណៈសុនខដ៏ធំរបស់នាងកំពុងការពារនាង ។ គេបានរាយការណ៍ឲ្យដឹងថា នៅពេលអ្នកជំងឺបានដឹងខ្លួន នាងក៏បានស្រែកសួររកសុនខរបស់នាង ហើយអ្នកទាំងពីរក៏បានជួបជុំគ្នាឡើងវិញ ។
Zhang Jihong ប្រធានគិលានុបដ្ឋាយិកាមន្ទីរពេទ្យ ត្រូវបានដកស្រង់សម្តីដោយនិយាយថា៖ «នៅពេលយើងខ្ញុំឃើញអ្នកជំងឺឱបសុនខភ្លាមៗនៅពេលដែលនាងភ្ញាក់ឡើង នោះយើងខ្ញុំពិតជាបានធ្វើរឿងដ៏ត្រឹមត្រូវមួយ តាមរយៈការនាំយកវាមកជាមួយ» ៕ ចន្ទី (worldofbuzz)