Wednesday, July 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ត្រីគឺជាប្រភពអាហារជាចម្បងរបស់ប្រជាពលដ្ឋខ្មែរ ដូច្នេះបងប្អូនប្រជាពលរដ្ឋគប្បីថែរក្សា និងធ្វើការអភិរក្សត្រីនេះឲ្យកាន់តែមានប្រសិទ្ធភាព និងសម្បូរបន្ថែមទៀត

spot_img

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំរដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធ ត្រូវពង្រឹងសមត្ថភាព​សហគមន៍នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផលស្របតាមទិសស្លោក «សហគមន៍នេសាទ គ្មានបទល្មើសជលផល» និងត្រូវខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិនៅតាមបណ្តាសហគមន៍ទាំងនោះ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និងព្រៃកោងកាង ដើម្បីគាំទ្រជីវភាពប្រជានេសាទនិងកាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតែមួយមុខ សម្រាប់ទ្រទ្រង់ជីវភាព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងពិធី “ទិវាមច្ឆជាតិ ១កក្កដា ២០២៤ នៅបឹងធំ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” ។

ទិវាមច្ឆជាតិ ១ កក្កដា នៅថ្ងៃនេះប្រារព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ហើយជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។ ក្រសួងកសិកម្មរៀបចំ ទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលតី មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ចំនួនប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ។ល។ នឹងត្រូវលែងចូលទៅក្នុងបឹងនេះ។

ផ្អែកលើយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធី គោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិកម្ម ដែលរួមមានការលើកស្ទួយផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល, ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជាមិនត្រឹមតែអាចធានាបាននូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជននៅទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពីតម្រូវការ និងបាននាំចេញផលិតផល កសិកម្មជាង ៨លានតោន ដោយបាននាំមកវិញនូវចំណូលជារូបិយបណ្ណអន្តរជាតិជិត ៥ពាន់លានដុល្លារ ទៀតផង។

អនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ទន្ទឹមនឹងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះសកម្មភាពការងារ ដែលក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងអនុវត្ត ដើម្បីពង្រឹងការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានជលផលប្រកបដោយចីរភាព សម្រាប់កូនចៅ ជំនាន់ក្រោយរបស់យើង និងបំផុសស្មារតី ទិវាមច្ឆាជាតិ ១ កក្កដា, សម្ដេចធិបតី បានផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ ៖
ទី១. រដ្ឋបាលជលផល ត្រូវបន្តពង្រឹងការអភិរក្សធនធានជលផល ព្រៃលិចទឹក និង ព្រៃកោងកាង, ជាពិសេសការអភិរក្សត្រីមេពូជ សត្វផ្សោតទន្លេមេគង្គ និងវារី- សត្វងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងបន្តលែងកូនត្រី ត្រី មេពូជ និងវារីសត្វឱ្យកាន់តែច្រើនថែមទៀតទៅក្នុងទីជម្រកធម្មជាតិ។ ទន្ទឹមនេះ រដ្ឋបាលជលផល ត្រូវសិក្សា កែលម្អ និងស្តារកន្លែងអភិរក្សត្រីមេពូជ និង ទីជម្រកមច្ឆជាតិផ្សេងទៀតដែលគោករីងរាក់ ជាពិសេសនៅរដូវប្រាំង។ ត្រង់ចំណុចនេះ សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងក្រសួងធនធានទឹក និងឧតុនិយម បង្កើនកិច្ចសហការកាន់តជិតស្និទ្ធថែមទៀត ដើម្បីការពារ និងសង្គ្រោះជម្រកត្រី ត្រីមេពូជ និងវារីសត្វងាយរងគ្រោះ។

ទី២. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ត្រូវដឹកនាំ និងជំរុញគាំទ្រការ ចុះបញ្ជីដីរដ្ឋឱ្យបានឆាប់រហ័ស ដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាទន្ទ្រានកាន់ កាប់ដីរដ្ឋ, ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ជម្រក ត្រី និងជាកន្លែងស្វែងរកចំណី។ ទន្ទឹមនេះ សម្តេចធិបតី លើកទឹកចិត្តដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ បន្តចូលរួម ជំរុញចលនាដាំព្រៃលិច និងព្រៃកោងកាង ឡើងវិញ ដើម្បីផ្តល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ និងថែរក្សានិរន្តរភាពប្រព័ន្ធអេកូឡូស៊ី។
ទី៣. គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទនៅបឹង- ទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និង បង្កើនការទប់ស្កាត់ការ នេសាទខុសច្បាប់, ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រម ទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជា ឧបករណ៍ឆក់ និងស្បៃមុងជាដើម។ ទន្ទឹមនេះ, គួរបង្កើនការផ្សព្វផ្សាយ ការអប់រំ និងការចូល រួមរបស់ប្រជាពលរដ្ឋក្នុងការអភិរក្ស និងការធានានិរន្តរភាពធនធានជលផល សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។

ទី៤. រដ្ឋបាលជលផល រដ្ឋបាលថ្នាក់ក្រោមជាតិ និងតួអង្គពាក់ព័ន្ធត្រូវពង្រឹងសមត្ថ- ភាពសហគមន៍នេសាទក្នុងការគ្រប់គ្រង ការពារ និងអភិរក្សធនធានជលផល ស្របតាមទិសស្លោក “សហគមន៍នេសាទ គ្មានបទល្មើសជលផល” និងត្រូវ
ខិតខំពង្រីកសកម្មភាពទេសចរណ៍ធម្មជាតិ នៅតាមបណ្តាសហគមន៍ទាំងអស់ ជាពិសេសនៅតំបន់ដែលសម្បូរដោយមច្ឆជាតិ សត្វផ្សោត សត្វស្លាប ព្រៃលិចទឹក និងព្រៃកោងកាង ដែលគាំទ្រជីវភាពប្រជានេសាទ និងកាត់បន្ថយការពឹងផ្អែកទៅលើការនេសាទតែមួយមុខសម្រាប់ទ្រទ្រង់ជីវភាព។
ទី៥. ជំរុញវារីវប្បកម្មតាមគ្រប់រូបភាព ទាំងទឹកសាប និងសមុទ្រ ដោយលើកកម្ពស់ ការស្រាវជ្រាវបច្ចេកទេសបង្កាត់-ភ្ញាស់វារីសត្វកម្រដែលប្រឈមនឹងការផុតពូជ ដើម្បីអភិរក្ស និងកូនត្រីពូជដែលមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដើម្បីលើក- កម្ពស់ជីវភាពវារីវប្បករផងនិងកាត់បន្ថយសម្ពាធមកលើធនធានជលផល ធម្មជាតិផង។ ទន្ទឹមនេះ ត្រូវបង្កើនការត្រួតពិនិត្យគុណភាព សុវត្ថិភាព សមត្ថ- ភាពកែច្នៃ និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃជលផល ដើម្បីពង្រឹងភាពប្រកួតប្រជែង របស់ផលិតផលជលផលកម្ពុជា ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។ ជាមួយគ្នានេះដែរ សម្ដេចធិបតី អំពាវនាវ និង លើកទឹកចិត្តឱ្យដៃគូអភិវឌ្ឍន៍និងវិស័យឯកជន ចូលរួមគាំទ្រឱ្យកាន់តែខ្លាំងថែមទៀត តាមរយៈការផ្តល់ បច្ចេកទេស និងដើមទុន រួមទាំងហិរញ្ញប្បទានការប្រាក់ទាប ដើម្បីជំរុញវារីវប្ប- កម្ម និងការកែច្នៃផលផលិតផលជលផលកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ​៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តការពារ និងទប់ស្កាត់រាល់ការបំផ្លាញដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប និងបទល្មើសធនធានធម្មជាតិដទៃទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍​ ៥ចំណុច ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពង្រឹងការគ្រប់គ្រងនិងការអភិរក្សលើការអភិវឌ្ឍន៍ធនធានជលផលប្រកបដោយនិរន្តរភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះពលរដ្ឋទាំងអស់ ដែលគាំទ្រដល់គម្រោងប្រវត្តិសាស្ត្រព្រែកជីកហ្វូណនតេជោ ដែលការគាំទ្រនេះបង្ហាញពីស្មារតីជាតិនិយមទាំងអស់គ្នា ដោយការគាំទ្រនេះមានទាំងប្រជាពលរដ្ឋ និងបក្សនយោបាយគ្រប់និន្នាការទាំងអស់។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អំពាវនាវដល់ស្ថាប័នជំនាញឱ្យបង្កើនការស្រាវជ្រាវ និងបង្កាត់ពូជត្រីដែលជិតផុតពូជឱ្យមានចំនួនច្រើនឡើងវិញ ដើម្បីជំរុញការងារអភិរក្ស និងលែងទៅក្នុងទឹកធម្មជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ដើម្បីលើកស្ទួយកសិកម្ម ខណៈវិស័យកសិកម្មជាផ្នែកមួយ នៃការលើកស្ទួយដល់សេដ្ឋកិច្ចកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់​ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់។ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និង ការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង​ ដូចជាឧបករណ៍ឆក់ និងស្បៃមុងជាដើម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×