Friday, July 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត

spot_img

ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA)  បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានគោរពជម្រាបជូនសម្តេចធិបតីផងដែរថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចមកកម្ពុជានាពេលនេះរូបលោក និងគណៈប្រតិភូ ERIA បានជួបពិភាក្សាការងារជាមួយក្រសួងពាណិជ្ជកម្ម ធនាគារជាតិនៃកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមរយៈដំណើរទស្សនកិច្ចនេះ ERIA នឹងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេស ERIA នឹងបន្តផ្ដោតលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសលើផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។​

បន្ថែម​ពីនេះ​ លោកសាស្ត្រចារ្យ​ Tetsuya Watanabe​ ក៍បានជម្រាបជូនអំពីបំណងក្នុង​ការ​គោរពអញ្ជើញសម្តេចតេជោ ធ្វើជាវាគ្មិន​ពិសេស​ នៅ​ERIA School of Government ដើម្បី​ចំណែក​រំលែកនូវបទពិសោធន៍ជោគជ័យ​ នៃដំណើរស្វែងរកសន្តិភាព​ និង​បញ្ចប់សង្គ្រាម​នៅកម្ពុជា​ ដល់សិក្ខាកាម​ដែលជាមន្ត្រីសាធារណៈ​។ ជោគជ័យរបស់កម្ពុជា ក៏ជាការ​ចូលរួមចំណែកក្នុង​ការថែរក្សា​សន្តិភាព និងស្ថិរភាព​ក្នុង​តំបន់ផងដែរ។

ជាការឆ្លើយតប សម្ដេចធិបតីបានស្វាគមន៍ និងសម្តែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយលោក សាស្ត្រចារ្យ និងគណៈប្រតិភូនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា។
សម្ដេចធិបតីក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្ដោតជាសំខាន់លើការអភិវឌ្ឍធនធានមនុស្សតាម រយៈការដាក់ចេញនូវគំនិតផ្តួចផ្តើមផ្សេងៗក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ក៏ដូចជាដាក់ចេញនូវវិធានការគន្លឹះ សម្រាប់ការកែទម្រង់ក្នុងវិស័យអាទិភាពផ្សេងៗទៀត និងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យឆ្នាំ ២០៥០ ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ និងការត្រៀមលក្ខណៈចំពោះកត្តាប្រឈមដែលអាចកើតមានឡើង ខណៈដែលកម្ពុជាត្រៀមចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៩។

ទន្ទឹមនឹងនេះ  សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីការបន្តយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការអភិវឌ្ឍសមត្ថភាពផលិតរបស់ពលរដ្ឋ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់កម្ពុជានាពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សលើវិស័យឧស្សាហកម្ម។

ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ERIA  ឱ្យទទួលបានជោគជ័យក្នុងការ បំពេញបេសកកម្ម នៅព្រះរាជាណាចក្រកម្ពុជា និងបានលើកទឹកចិត្តដល់ERIA បន្ដកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×