ភ្នំពេញ ៖ ក្នុងឱកាសនៃជំនួប អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបអ្នកឧកញ៉ា និងសហការី បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ អ្នកឧកញ៉ា ម៉ៅ ចំណាន ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសមិទ្ធផលការងារ ដែលសមាគមសិល្បករខ្មែរ សម្រេចបាននាពេលកន្លងមក, ការរៀបចំកែសម្រួលរចនាសម្ព័ន្ធដឹកនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សមាគម ព្រមទាំងការរៀបចំផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការអនុវត្តការងាររបស់ខ្លួន ដោយផ្តោតលើសកម្មភាពចំបងមួយចំនួន រួមមាន៖ ១). ការប្រមូលចងក្រងសមាជិករបស់សមាគម ដែលផ្តោតលើសិល្បករដែលមានអាជីពសម្តែងសកម្ម សិល្បករដែលបាត់បង់សមត្ថភាពសម្តែង អតីតសិល្បករ និងសិល្បករមហាជន និង២).ការផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សមាជិករបស់សមាគមសិល្បករខ្មែរ តាមរយៈសេវាជួយសង្គ្រោះជិវិត(ការផ្តល់ឈាម) សេវាជំនួយផ្នែកច្បាប់ និងវិញ្ញាបនបត្របញ្ជាក់ពីអាជីពរបស់សិល្បករ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ តាមតម្រូវការជាក់ស្តែង និងការទទួលបាននូវមូលនិធិទ្រទ្រង់របស់សមាគមដល់សមាជិកផងដែរ។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយអ្នកឧកញ៉ា ម៉ៅ ចំណាន និងសហការី និងបានអបអរសាទរជាថ្មីម្តងទៀតចំពោះអ្នកឧកញ៉ា ដែលទទួលបានសេចក្តីទុកចិត្ត និងត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណិត្តថ្មីនេះ។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានកោតសរសើរចំពោះការសម្រេចបាននូវលទ្ធផលការងាររបស់សមាគម ក៏ដូចជាការរៀបចំកែសម្រួលរចនាសម្ព័ន្ធ និងការដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងាររបស់សមាគម ក្នុងការចូលរួមចំណែកទ្រទ្រង់ និងប្រមូល ចងក្រងនូវសិល្បករ សិល្បការិនី គ្រប់ទម្រង់ និងការផ្តល់ឱកាសចូលរួមក្នុងការថែរក្សាវប្បធម៌ប្រពៃណី និងការលើកកម្ពស់នូវស្នាដៃសិល្បៈរបស់ជាតិផងដែរ។ បន្ថែមលើនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យសមាគមបន្តខិតខំប្រមូលចងក្រងសិល្បករ សិល្បការិនីគ្រប់ទម្រង់ចូលជាសមាជិកសមាគមសិល្បៈ ដើម្បីប្រសិទ្ធភាពនៃការធ្វើការរួមគ្នា ដោយចេះជួយគ្នាទៅវិញទៅមក ជាពិសេសជួយដល់សិល្បករដែលជួបការលំបាក និងមានវ័យចាស់ ដែលបាត់បង់សមត្ថភាពសម្តែង។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យមានការសហការ ជាមួយបណ្តាស្ថាប័ន-អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល ដើម្បីចូលរួមចំណែកក្នុងការកសាង សមាគមសិល្បៈខ្មែរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងផ្តល់ឱកាសចូលរួមដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់សិល្បៈផ្សេងៗ ទោះបីមិនមែនជាសមាជិករបស់សមាគម ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសិល្បៈនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះដែរ សម្តេចធិបតី បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគមបន្តអនុវត្តការងារសំខាន់ៗចំនួន ៣ ដែលរួមមាន៖ (១) លើកទឹកចិត្តឱ្យសមាគមចូលរួមសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការសិក្សាស្រាវជ្រាវចងក្រងឯកសារគោល និងកំណត់អត្តសញ្ញាណនៃស្នាដៃសិល្បៈឱ្យបានច្បាស់លាស់ (២) ចូលរួមផ្សព្វផ្សាយនូវស្នាដៃសិល្បៈឱ្យកាន់តែទូលំទូលាយ តាមរយៈការរៀបចំបង្កើតព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗ ដើម្បីឱ្យសាធារណជនបានយល់ដឹងអំពីវប្បធម៌សិល្បៈដ៏ផូរផងរបស់ជាតិ និង (៣) បន្តជំរុញការចូលរួមអនុវត្តប្រកបដោយភាពបត់បែននូវស្នាដៃសិល្បៈវប្បធម៌ ដោយឈរលើមូលដ្ឋានជាក់លាក់ និងច្បាស់លាស់ ដើម្បីលើកកម្ពស់ និងជំរុញទីផ្សារ ដោយធានាបាននូវនិរន្តភាព និងចីរភាពនៃវិស័យសិល្បៈ ប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងលើកទឹកចិត្តឱ្យសមាគមជំរុញការអនុវត្តក្រមសីលធម៌នៃអ្នកសិល្បៈឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ និងចូលរួមផ្សព្វផ្សាយសារអប់រំផ្សេងៗ ដូចជាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងខិតខំចូលរួមចំណែកផលិតនូវមាតិកាដើមដោយខ្លួនឯង (Original Content) ផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី