ទាហ៊ានកូរ៉េខាងជើងម្នាក់ ដែលត្រូវបានបាញ់ឲ្យរងរបួសជាច្រើនគ្រាប់ ខណៈពេលរត់ផ្តាច់ខ្លួនទៅកូរ៉េខាងត្បូង បានដឹងខ្លួនវិញហើយ។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃពុធ ទី ២២នេះ។
បើតាមសេចក្តីរាយការណ៍របស់សារព៌តមានកូរ៉េខាងត្បូង Yonhap បានឲ្យដឹងថា ក្រោយពេលដឹងខ្លួន ទាហ៊ានរូបនោះ បានសុំមើលទូរទស្សន៍ ហើយគេបានដាក់ភាពយន្តកូរ៉េខាងត្បូងឲ្យគាត់មើល។
មន្ត្រីរដ្ឋាភិបាលមួយរូបថ្លែងថា “ពួកយើងជឿជាក់ថា ការពេលវេលាដែលគំរាមកំហែងអាយុជីវិតដ៍ខ្លាំងបំផុត បានរួចផុតហើយ”។ មន្ត្រីចង់សំដៅ ទាហ៊ានកូរ៉េខាងជើង ដែលបានដឹងខ្លួនវិញ។
ទាហ៊ានរងគ្រោះបានសម្រេចចិត្តរត់ចេញពីប្រទេសរបស់ខ្លួន តាមតំបន់ព្រំដែនគ្មានទ័ព ដែលជាតំបន់តាមកាមតឹងតែងបំផុត កាលពីសប្តាហ៍មុន ហើយត្រូវបានបាញ់យ៉ាងតិចចំនួន ៤គ្រាប់ ដោយទាហ៊ានកូរ៉េខាងជើងគ្នា មុនពេលរត់ចូលដល់កូរ៉េខាងត្បូង។
គ្រូពេទ្យ បាននិយាយថា ជនរងគ្រោះមានបញ្ហាផ្លូវចិត្តដោយសារតែ មានការភ័យខ្លាចខ្លាំង។ គាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយមិនទាន់ត្រូវបានគេបញ្ជាក់ជាសាធារណៈទេ។
ប្រជាជនកូរ៉េខាងជើង ប្រហែល ១០០នាក់ បានរត់ផ្តាច់ខ្លួនមកកូរ៉េខាងត្បូងជារៀងរាល់ឆ្នាំ ប៉ុន្តែកំរមានជនដែលរត់ចូលកូរ៉េខាងត្បូងតាមច្រកតំបន់គ្មានកងទ័ពនោះទេ៕ សុភ័ក្ត្រ