ភ្នំពេញ ៖ នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៅថ្ងៃទី១៤ខែសីហានេះ បានប្រកាសថា ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីជូនដំណឹង ដល់សាធារណជន មិនឲ្យប្រើប្រាស់ផលិតផលសេរ៉ូម ឈ្មោះ Glutaone 600 ដោយផលិតផលនេះ គ្មានចុះបញ្ជិកា និងគ្មានការត្រួតពិនិត្យ ពីក្រសួងសុខាភិបាលឡើយ។ ការប្រើប្រាស់ផលិតផលទាំងនេះ អាចបណ្តាលឲ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិត។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា “ផលិតផលសេរ៉ូម ឈ្មោះ Glutaone 600 ជាប្រភេទឱសថ ផលិតនៅប្រទេសថៃ គ្មានអសយដ្ឋានច្បាស់លាស់ គ្មានក្រុមហ៊ុននាំចូលត្រឹមត្រូវ គ្មានចុះបញ្ជិកា គ្មានការត្រួតពិនិត្យគុណភាព និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល ហើយថែមទាំងផ្សព្វផ្សាយភូតកុហក បោកប្រាស់ និងបំផ្លើសហួសពីការពិតគ្មានមូលដ្ឋានវិទ្យាសាស្ត្រត្រឹមត្រូវដូចជា ធ្វើឲ្យស្បែកសបែបស៊ីជម្ពូរ ជួយឲ្យស្បែកភ្លឺថ្លាម៉ត់រលោង ផ្តល់សំណើមដល់ស្បែក បំបាត់មុន បំបាត់ស្នាមអុជខ្មៅ អាចម៍រុយ ជាំ ជំនួយក្រចក និងសក់ ស្អាតតាំងពីចុងសក់ដល់ចុងជើង។ល។ សេរ៉ូម អាចបង្កឲ្យប៉ះពាល់ដល់សុខភាព អាចបណ្តាលឲ្យមហារីកស្បែក ឬអាចឈានដល់បាត់បង់អាយុជីវិត ដោយសារប្រតិកម្មមកពីការព្យូរសេរ៉ូមមិនបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសសុខាភិបាល ឬបែកគ្រាប់ឈាម របស់អ្នកប្រើប្រាស់ទៀតនេះ ដូច្នេះក្រសួងសុខាភិបាលសូមណែនាំដល់បងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការប្រើប្រាស់សេរ៉ូមនេះ ជាបន្ទាន់ ហើយក្រសួងសុខាភិបាល នឹងចាត់វិធានការផ្លូវច្បាប់ចំពោះម្ចាស់គណនីទាំងអស់ ដែលនាំចូល ផ្សព្វផ្សាយ ឬចែកចាយសេរ៉ូមនេះ ទៅតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ៕ ដោយ ៖ កូឡាប