Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតផល Firmax3 Cream ជា​គ្រឿងសំអាង មិនមែន​ជា​ថ្នាំ​សម្រាប់​ព្យាបាល​ជំងឺ​នោះ​ទេ , សូម​បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់ វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​

​​ភ្នំពេញ ​៖ ផលិតផល Firmax3 Cream បាន​ផ្សព្វផ្សាយ​អួតអាង​ថា អាច​ព្យាបាល​ជំងឺ​សន្លាក់​ដៃជើង ជំងឺ​បេះដូង ខ្លាញ់​រុំ​ស​សៃឈាម ជំងឺ​ទឹកនោម​ផ្អែម ទឹកនោម​ប្រៃ ជំងឺ​ក្រពះ ពោះវៀន ជំងឺ​ឬ​ស​ដូង​បាត ជំងឺស្ដ្រី​គ្រប់​ប្រភេទ ជំងឺលើសឈាម ព្រមទាំង​ជំងឺ​ជាច្រើន​មុខ​ទៀត​។ ក្រសួង​សុខាភិបាល បញ្ជាក់ថា ផលិតផល Firmax3 Cream ជា​គ្រឿងសម្អាង គ្មាន​គុណភាព​បង្ការ ឬ​អាច​ព្យាបាល​ជំងឺ​ដូច​ការផ្សព្វផ្សាយ​បំផ្លើស​ខាងលើ​នេះ​ទេ ។ ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រើប្រាស់​គ្រឿងសម្អាង​ឈ្មោះ Firmax3 Cream បញ្ឈប់​ការប្រើប្រាស់​ជាបន្ទាន់ ព្រោះ​វា​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព និង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ថែមទៀត​ផង​។​

​ការអំពាវនាវ​របស់​ក្រសួង​សុខាភិបាល ធ្វើឡើង​បន្ទាប់​ពី​ពិនិត្យឃើញថា លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក មាន​អ្នក​ចែកចាយ​ផលិតផល​នេះ បាន​ផ្សព្វផ្សាយ​អួតអាង ភូតកុហក បោកប្រាស់ បំផ្លើស​ហួស​ពី​ការពិត​នូវ​ផលិតផល​ប្រភេទ​នេះ​។ ពួកគេ​បាន​អួតអាង​ថា ផលិតផល​នេះ​អាច​ព្យាបាល​ជំងឺ​សន្លាក់​ដៃជើង ជំងឺ​បេះដូង ខ្លាញ់​រុំ​ស​សៃឈាម ជំងឺ​ទឹកនោម​ផ្អែម ទឹកនោម​ប្រៃ ជំងឺ​ក្រពះ ពោះវៀន ជំងឺ​ឬ​ស​ដូង​បាត ជំងឺស្ដ្រី​គ្រប់​ប្រភេទ ជំងឺលើសឈាម ព្រមទាំង​ជំងឺ​ជាច្រើន​មុខ​ទៀត​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា ផលិតផល Firmax3 Cream គ្រាន់តែ​ជា​គ្រឿងសំអាង ដូចនេះ​គ្មាន​គុណភាព ក្នុង​ការបង្ការ ឬ​ព្យាបាល​ជំងឺ​ណាមួយ​ដូច​ការផ្សព្វផ្សាយ​នោះ​ឡើយ​។​

​តាម​សេចក្តីជូនដំណឹង​នេះ​បាន​បញ្ជាក់​ដែរ​ថា គ្រឿងសំអាង Firmax3 Cream ដែល​កំពុង​ផ្សព្វផ្សាយ​នេះ ជា​ផលិតផល​ក្នុង​
​ប្រទេស​ម៉ាឡេស៊ី និង​នាំចូល​ដោយ​ក្រុមហ៊ុន RF3 WORD CAMBODIA ប៉ុន្ដែ​ក្រុមហ៊ុន​បានបញ្ជាក់​ថា គណនី​ដែល​ផ្សព្វផ្សាយ​បំផ្លើស​ឲ្យ​ហួស​ពី​ការពិត​នេះ មិនមែន​ជា​គណនី​ហ្វេ​សប៊ុក​របស់​ក្រុមហ៊ុន​នោះ​ឡើយ​។​

​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ដល់​ម្ចាស់​គណនី​ហ្វេ​សប៊ុក ដែល​ផ្សព្វផ្សាយ​បំផ្លើស​ខុសពី​ការពិត​ទាំង​អស់ ត្រូវ​បញ្ឈប់​ការផ្សព្វផ្សាយ​ផលិតផល​នេះ តាម​បណ្ដាញ​សង្គម​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ​ក្រសួង នឹង​ចាប់​វិធានការ​តឹងរឹង​ទៅ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​គណនី​ទាំងអស់​៕ ​ដោយ​ ៖​កូឡាប​

​សម្រាប់​ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង របស់​ក្រសួង​សុខាភិបាល ខាងក្រោម​៖

×