Tuesday, July 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា បានស្នើ UN ជួយគាំទ្រដល់ការធ្វើម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី “កម្ពុជា អ.ស.ប កូរ៉េ” ស្តីពីការប្រើប្រាស់ គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព នៅបំណាច់ឆ្នាំ២០២៤នេះ

spot_img

ភ្នំពេញ ៖ នៅរសៀលនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋ លេខាធិការប្រចាំការ បានអនុញ្ញាតជូន ឯកឧត្តម ហ្សង់ ព្យែរឡាគ័រ Jean-Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសវនការ និងពិភាក្សាការងារ នៅទីស្តីការ ក្រសួងការពារជាតិ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន សម្តែងការស្វាគមន៍ចំពោះ ឯកឧត្តម Jean- Pierre Lacroix អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព ដែលបាន អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ជាការលើកទឹកចិត្តដល់នាយទាហាន ពលទាហានកម្ពុជា ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កាន់តែមានភាពរីកចម្រើន និងជោគជ័យប ថែមទៀត ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានបញ្ជាក់ថា នៅក្នុងរយៈពេល១៨ឆ្នាំចុងក្រោយនេះ អាស្រ័យដោយនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាបានប្រែក្លាយជាប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមួកខៀវ ទៅជាប្រទេសផ្តល់វិភាគទានយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប ដែល ចាប់ផ្តើមតាំងពីឆ្នាំ២០០៦ បានបញ្ជូនកងអនុសេនាធំបោសសំអាតមីនជាលើកដំបូង មានចំនួនត្រឹមតែ១៣៥ នាក់ប៉ុណ្ណោះ ទៅកាន់ប្រទេសស៊ូដង់។ បច្ចុប្បន្នកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការបញ្ជូនកងដោះមីន របស់ខ្លួន ទៅជួយសម្រាលទុក្ខវេទនារបស់ប្រជាជនដទៃទៀត ដែលទទួលរងដោយសារផលវិបាកនៃសង្គ្រាមដូច កម្ពុជាដែរ។ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៤នេះ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួន ៥៧០នាក់ ចូលរួមក្នុងបេសកកម្មអ.ស.ប នៅក្នុង១០ប្រទេស និងបច្ចុប្បន្ន កងកម្លាំងកម្ពុជាកំពុងបំពេញ បេសកកម្មមានចំនួន៦២៧នាក់ នៅក្នុងប្រទេសអាហ្វ្រិកកណ្តាល លីបង់ ស៊ូដង់ខាងត្បូង ស៊ូដង់ និងកុងហ្គោ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានបញ្ជាក់បន្ថែមថានាពេលខាងមុខរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តបញ្ជូនកងកម្លាំង ទៅបំពេញបេសកកម្មនៅបណ្តាប្រទេសដែលកំពុងជួបវិបត្តិ ក្នុងនោះបានផ្តល់អាទិ-ភាពចំពោះកងកម្លាំងជាស្ត្រី ដែលជាការរួមចំណែកក្នុងកិច្ចដំណើរការរក្សាសន្តិភាព តាម សំណូមពររបស់អង្គការសហប្រជាជាតិ។ កម្ពុជាក៏បានដាក់បញ្ចូលកងកម្លាំងទៅក្នុងប្រព័ន្ធត្រៀមជាស្រេច “UNPCRS” រួមមាន កងវិស្វកម្មព្រលានយន្តហោះ១កង កងស្ពានបណ្តែតទឹកនិងចល័តលើគោក ១កង និងកង អាវុធហត្ថ១កង និងបានត្រៀមប្រុងប្រៀបរៀបចំរចនាសម្ព័ន្ធទាំងផ្នែកទន់រឹង ដូចជា ការកសាងសង់អគារថ្មីៗ បន្ថែម ឧបករណ៍ សម្ភារៈ មធ្យោបាយបំពាក់ដល់កងឯកភាពថ្មី, សម្ភារៈបុគ្គលម្នាក់ៗ,ជ្រើសរើសនាយទាហាន ពលទាហានពិនិត្យសុខភាព និងការហ្វឹកហ្វឺនបង្កើនសមត្ថភាពកងកម្លាំងរក្សាសន្តិភាពមុនពេលចេញដំណើរ ស្របតាមនិយាមរបស់អង្គការសហប្រជាជាតិ ។

ឯកឧត្តម Jean-Pierre Lacroix បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានស្ម័គ្រចិត្តបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបំពេញបេសកកម្មរបស់អង្គការ សហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តម បានបង្ហាញពីការដឹងគុណបំណាច់ចំពោះកងរក្សាសន្តិភាពកម្ពុជា ដែលបានពលីជីវិតក្នុងតំបន់បេសកកម្ម ដើម្បីបុព្វហេតុសន្តិភាព និងសន្តិសុខ នៅ លើពិភពលោក។

ឯកឧត្តម Jean-Pierre Lacroix បានបញ្ជាក់ថា នាពេលខាងមុខអង្គការសហប្រជាជាតិមានតម្រូវការ ចាំបាច់កងកម្លាំងរក្សាសន្តិភាពលើជំនាញបោសសំអាតមីន កម្ទេចគ្រាប់និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការកសាង ស្ពានថ្នល់។ នាពេលកន្លងមកជំនាញទាំងបី កងរក្សាសន្តិភាពកម្ពុជាពិតជាមានសមត្ថភាពប្រកបដោយវិជ្ជាជីវះ ក្នុងការបំពេញការងារក្នុងតំបន់បេសកកម្មរបស់អង្គការសហប្រជាជាតិ ទាំងសមត្ថភាពជំនាញវិជ្ជាជីវៈ និងបាន ប្រើប្រាស់ភាសាអង់គ្លេស និងបារាំងស្ទាត់ជំនាញ។

ឯកឧត្តម Jean-Pierre Lacroix សម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានចក្ខុវិស័យក្នុងការ បង្កើនកងកម្លាំងជានារីចូលរួមបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ ព្រោះថានាពេលបច្ចុប្បន្នកងរក្សា សន្តិភាពជានារីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ នៅក្នុងសហគមន៍ ដែលកំពុងប្រឈមរងគ្រោះដោយវិបត្តិសង្គ្រាមរ៉ាំរៃដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រោះធម្ម ជាតិផ្សេងៗទៀត។

ឯកឧត្តម Jean-Pierre Lacroix សូមគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមកម្លាំងនៅក្នុងប្រព័ន្ធ ត្រៀមជាស្រេច(UNPCRS) ទាំងបីកង កងវិស្វកម្មព្រលានយន្តហោះ កងស្ពានបណ្តែតទឹកចល័តលើគោក និង កងអាវុធហត្ថដែលជាកម្លាំងដ៏សំខាន់ ដែលជាតម្រូវការចាំបាច់របស់អង្គការសហប្រជាជាតិនាពេលខាងមុខ។ ឯកឧត្តមសន្យានឹងខិតខំស្វែងរកការគាំទ្រសម្រាប់ទទួលយកកងរក្សាសន្តិភាពកម្ពុជាសម្រាប់ទៅបំពេរបេសកកម្ម របស់អង្គការសហប្រជាជាតិបន្ថែមទៀត។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន បានស្នើឯកឧត្តម Jean-Pierre Lacroix ជួយគាំទ្រលើកិច្ចការមួយចំនួនដូចតទៅ៖

  • ផ្តល់លទ្ធភាពជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជាក្នុងប្រព័ន្ធត្រៀមជាស្រេច“UNPCRS” កងអនុសេនាធំ កងវិស្វកម្មព្រលានយន្តហោះ, កងស្ពានបណ្តែតទឹកនិងចល័តលើគោក, និងកងអនុសេនាធំកងអាវុធហត្ថ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ
  • ជួយគាំទ្រដល់ការធ្វើម្ចាស់ផ្ទះវគ្គហ្វឹកហ្វឺនគម្រោងត្រីភាគី “កម្ពុជា អ.ស.ប កូរ៉េ” ស្តីពីការប្រើប្រាស់ គ្រឿងចក្រវិស្វកម្មធុនធ្ងន់ ក្នុងប្រតិបត្តិការរក្សាសន្តិភាព នៅបំណាច់ឆ្នាំ២០២៤នេះ ឱ្យដំណើរការទទួលបានជោគជ័យតាមកម្មវិធីគ្រោងទុក ៕ ​រក្សាសិទ្ធដោយ ៖ សុទ្ធលី
spot_img
×