Monday, July 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រជុំតាមដានវឌ្ឍនភាពការងារវិភាគមុខងារ និងការធ្វើបច្ចុប្បន្នទិន្នន័យមន្ត្រីរាជការស៊ីវិល

spot_img

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលើការអនុវត្តការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិល ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។ កិច្ចប្រជុំ ព្រឹកនេះបានបែងចែកជា៣ របៀបវារៈសម្រាប់ជាមូលដ្ឋានរាយការណ៍រួមមាន (១)ការធ្វើវឌ្ឍនភាព លើរបាយការណ៍វិភាគមុខងារ (២) វឌ្ឍនភាពលើការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិលក្រសួង ស្ថាប័ន និង(៣) វឌ្ឍនភាពលើការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្រ្តីរាជការស៊ីវិលថ្នាក់ក្រោមជាតិ ក្នុងវិស័យអប់រំ និងសុខាភិបាល។

មានប្រសាសន៍ក្នុងអង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីតាមដានវឌ្ឍនភាពការងារផង ដកស្រង់បទពិសោធ និងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមនានា ព្រមទាំង និងដាក់ចេញទិសដៅរួមគ្នាដើម្បីប្រសិទ្ធភាព និងគុណភាពការងារ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។

បន្ទាប់ពីទទួលជ្រាបរបាយការណ៍វឌ្ឍនភាពលើការងារនីមួយៗ អង្គប្រជុំបានពិភាក្សាផ្តល់ធាតុចូល ក្នុងគោលដៅចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលបានជួបប្រទះ ហើយដាក់ទិសដៅបន្ត ទៅលើការងារចំពោះមុខ។ ក្នុងនោះស្មារតីអង្គប្រជុំបានលើកឡើងអំពី ការបន្តអនុវត្តការងារដែលនៅសេសសល់ដូចជា ការបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន ដែលចាំបាច់, ការបន្តធ្វើបច្ចុប្បន្នភាពបញ្ចូលទិន្នន័យមន្ត្រីរាជការស៊ីវិលក្នុងប្រព័ន្ធ (HRMIS), ការរៀបចំយន្តការគាំទ្រ និងលើកទឹកចិត្តមន្ត្រីអនុវត្តការងារ, ការបន្តពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសដែលចុះអនុវត្តការងារ និងការពិនិត្យ វាយតម្លៃ ហើយវេចខ្ចប់របាយការណ៍ រាយការណ៍បន្តជូនថ្នាក់ដឹកនាំ និងសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំការងារជាបន្តបន្ទាប់។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា “យើង (មន្ត្រីក្រសួងមុខងារសាធារណៈ) ត្រូវបន្តភាពជាគំរូជាប្រចាំ ព្រោះនេះជាឧត្តមភាពនៃមន្ត្រីរាជការដែលយើងមានស្រាប់ហើយ ខណៈការងារកែទម្រង់រដ្ឋបាលសាធារណៈ បានបាញ់ឆ្ពោះមកកាន់ក្រសួងមុខងារសាធារណៈ ដែលអង្គភាពដឹកនាំអនុវត្តផង។ … “មន្ត្រីយើងពិតជាបានឆ្លងកាត់ការលំបាក មានការខិតខំប្រឹងប្រែង និងមានភាពអំណត់ ព្រោះការងារទាំងអស់ដែលយើងលើកយកមកពិភាក្សាទាំងអស់នេះ ជាកិច្ចការលំបាក ត្រូវការពេលវេលា ទាមទារការសហការទាំងក្នុង និងក្រៅ ហើយត្រូវការអនុវត្តជាជំហ៊ានៗ។” ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ទាំងអស់នេះហើយ ជាការអនុវត្តតាមគោលការណ៍ «រៀបចំផ្ទះរបស់យើងឱ្យបានស្អាត និងមានរបៀបរៀបរយ»។

សូមជម្រាបថា កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំនៃសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក នៃគណៈកម្មការប្រតិបត្តិនៃ គ.វ.រ. និងក្រុមការងារបច្ចេកទេសទាំងអស់ មានចំនួនសរុប ៦៧រូប៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×