Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្រ្តី លី ធុជ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងរបស់ JMAS ដើម្បីរួមចំណែកលើកកម្ពស់ដល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្រោយបោសសម្អាតមីនរួច

spot_img

ភ្នំពេញ ៖ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយលោក YAMAZAKI Koji ប្រធាន JMAS និងសហការី ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ លោក YAMAZAKI Koji បានអបអរសាទរកម្ពុជា ធ្ចើជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ព្រមទាំងបានជូនពរឱ្យកម្ពុជាទទួលបានជោគជ័យក្នុងដំណើរការរៀបចំកិច្ចប្រជុំនេះ។ លោក YAMAZAKI Koji បានលើកឡើងអំពីការគាំទ្ររបស់ JMAS រយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ ក្នុងសកម្មភាពបោសសម្អាតមីននិងគ្រាប់ និងការអភិវឌ្ឍសហគមន៍ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណជា ៦៥គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលគ្រាប់មីនចំនួន ២១១៨៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦៣៦៤ គ្រាប់។

លោក YAMAZAKI Koji បានបន្តទៀតថា JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឱ្យបន្តផ្តល់នូវកិច្ចសហការ និងគាំទ្រនូវគម្រោងទាំងនេះ។ ជាងនេះទៅទៀត លោក YAMAZAKI Koji បានទទួលស្គាល់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជា ក្នុងការចែករំលែកជំនាញទៅកាន់ពិភពលោក។

តាងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការរួមចំណែក និងការគាំទ្ររបស់អង្គការ JMAS ជប៉ុន រយៈពេល ២២ឆ្នាំ ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តចំនួន៣ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះគម្រោងបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែងរបស់ JMAS ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងកសិកម្ម ជាដើម។ ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់វិស័យកសិកម្ម។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កាលពីដំណើរទស្សនកិច្ចសកម្មភាពរបស់ JMAS នៅក្នុងខេត្តស្ទឹងត្រែង នាចុងឆ្នាំ២០២១ ឯកឧត្តមបានឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងរបស់ JMAS ក្រោមកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលពិតជាបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍តាមកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យកសិកម្មដល់សហគមន៍ លើដីបោសសម្អាតរួច។

ឯកឧត្តមបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងរបស់ JMAS ដើម្បីរួមចំណែកលើកកម្ពស់ដល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្រោយបោសសម្អាតមីនរួច ព្រមទាំងបានបញ្ជាក់ថា កម្ពុជា និងជប៉ុន នឹងបន្តរក្សានូវទំនាក់ទំនង និងវឌ្ឍនភាពរួមគ្នាលើវិស័យសកម្មភាពមីន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×