ការស្រាវជ្រាវបង្ហាញថា សឹងតែទាំងអស់នៃទឹកសុទ្ធច្រកដប ក្នុងនោះមានទាំងក្រុមហ៊ុនល្បីឈ្មោះដូចជា Aquafina និង Dasani មានហានិភ័យមិនសុវត្ថិភាពចំពោះអ្នកប្រើ ។
ការស្រាវជ្រាវមួយរបស់ពួកអ្នកវិទ្យាសាស្ត្រអាមេរិក ទើបប្រកាសលទ្ធផលធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ពេលដែល ៩៣% ក្នុងចំណោមគំរូទឹកសុទ្ធ ២៥៩ ពីម៉ាកសញ្ញា ១១ នៅ ៩ ប្រទេស មានផ្ទុកគ្រាប់ជ័រដ៏សែនតូច ។
ម៉ាកទឹកសុទ្ធច្រកដប ត្រូវបានយកមកត្រួតពិនិត្យរួមមាន៖ Aqua (Danone), Aquafina (PepsiCo), Bisleri (Bisleri International), Dasani (Coca-Cola), Epura (PepsiCo), Evian (Danone), Gerolsteiner (Gerolsteiner Brunnen), Minalba (Grupo Edson Queiroz), Nestlé Pure Life (Nestlé), San Pellegrino (Nestlé) និង Wahaha (ហានចូវ Wahaha Group) ។
ប៉ាន់ស្មានជាមធ្យមមានប្រមាណ ៣០០ គ្រាប់ជ័រក្នុង១លីត្រទឹកសុទ្ធ ។ គួរឲ្យចាប់អារម្មណ៍ក្នុងទឹក Nestle Pure Life មួយដបផ្ទុកជាង ១០.០០០ គ្រាប់ជ័រ ។ ដូច្នេះ ប្រសិនអ្នកទទួលទានទឹក១លីត្ររាល់ថ្ងៃក្នុង១ឆ្នាំ, សរីរាង្គអ្នកមានហានិភ័យស្រូបយករាប់សិបពាន់គ្រាប់ជ័រតូចៗនោះ ។
ពួកអ្នកវិទ្យាសាស្ត្រឲ្យដឹងថា តួលេខនេះបានកើនទ្វេដង ប្រៀបនឹងការស្រាវជ្រាវមុននេះ ។ គ្រាប់ជ័រតូចៗ (microplastic) មិនអាចមើលឃើញដោយភ្នែកធម្មតា ដោយសារមានទំហំពី ៦ ទៅ ១០០ micron ៕ លីសា