Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសថៃ រយៈពេលពីរថ្ងៃ

spot_img

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ខែ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។

អញ្ជើញជូនដំណើរសម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី ១ រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការរដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបទៀត។

ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនាពេលនេះ ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង ពង្រីកទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាបន្តជំរុញបន្ថែមទៀតនូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិត។

ក្នុងអំឡុងពេលនៃការស្នាក់នៅព្រះរាជាណាចក្រថៃ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និង ព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង។

ជាមួយគ្នានោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែប្រសើរឡើងថែមទៀត។ ខណៈពេលនោះដែរសមភាគីរដ្ឋសភាទាំងពីរ ក៏នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភានៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

សូមជម្រាបជូនថា សម្តេចរដ្ឋសភាធិបតី មានដំណើរទស្សនកិច្ចក្រៅប្រទេសជាបន្តបន្ទាប់ក្នុងអាណត្តិទី៧ នេះ ហើយរហូតមកដល់ពេលនេះសម្រាប់ក្នុងក្របខណ្ឌអាស៊ាន ព្រះរាជាណាចក្រថៃជាប្រទេសទី ៣ ដែលសម្តេចប្រធានរដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ច បន្ទាប់ពីប្រទេសវៀតណាម នៅថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣, ទស្សនកិច្ចប្រទេសឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ ពីថ្ងៃទី៤ – ៧ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទ។ ក្រៅពីទស្សនកិច្ចប្រទេសក្នុងតំបន់អាស៊ាន សម្តេចរដ្ឋសភាធិបតី ក៏បានទៅបំពេញទស្សនកិច្ចទ្វេភាគី និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកលើកដំបូង នៅសាធារណរដ្ឋបារាំង កាលពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ។

សូមបញ្ជាក់ថា ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសភូមិផងរបងជាប់គ្នា ក៏ដូចជាប្រទេសដ៏ទៃទៀតក្នុងតំបន់ និងក្រៅតំបន់ ជាបេសកកម្មដ៏សំខាន់របស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក្នុងឋានៈជាប្រធានរដ្ឋសភាថ្មីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងជាការរួមចំណែកដល់ការថែរក្សាសុខសនិ្តភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងទូទាំងសកលលោកផងដែរ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×