រដ្ឋបាលដូណាល់ ត្រាំ បានដាក់សម្ពាធកាន់តែខ្លាំងឡើងថែមទៀតលើមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ដើម្បីបង្ខំឲ្យមេដឹកនាំផ្តាច់ការវ័យក្មេងនេះបោះបង់មហិច្ឆតានុយក្លេអ៊ែររបស់ខ្លួនចោល តាមរយៈការដាក់ទណ្ឌកម្មថ្មីទៀត។ ទណ្ឌកម្មថ្មីបន្ថែមទៀតពេលនេះ គឺដាក់លើអ្នកជំនួញចិនម្នាក់ និងក្រុមហ៊ុនដឹកជញ្ជូន និងពាជ្ជិកម្មជាច្រើន។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិច Steven Mnuchin បាននិយាយនៅក្នុងសេចក្តីប្រកាសថា “ខណៈដែលកូរ៉េខាងជើងនៅតែបន្តការគំរាមកំហែងសនិ្តសុខ និងសន្តិភាពពិភពលោក ពួកយើងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការដាក់សម្ពាធសេដ្ឋកិច្ចឲ្យខ្លាំង ដោយបំបែកប្រភពពាណិជ្ជកម្មខាងក្រៅ និងប្រភពចំណូលរបស់វា”។
សរុបមក ទណ្ឌកម្មប្រកាសកាលពីថ្ងៃអង្គារម្សិលមិញនេះ បានដាក់លើអ្នកជំនួញចិនម្នាក់ និងក្រុមហ៊ុនដឹកជញ្ជូនចំនួន ១៣ ព្រមកប៉ាល់ដឹកទំនិញរបស់ក្រុមហ៊ុននោះចំនួន ២០ ដែលជាប់ទាក់ទងនឹងការធ្វើពាណិជ្ជកម្មលើទំហំទឹកប្រាក់រាប់លានដុល្លាជាមួយកូរ៉េខាងជើង។
ក្រុមហ៊ុនជំនួញចិនចំនួន ៣បានធ្វើការនាំចេញទំនិញមានតម្លៃទឹកប្រាក់ ៦៥០លានដុល្លា ទៅកាន់កូរ៉េខាងជើង និងបាននាំចូលមកវិញមានទឹកប្រាក់ទំហំ ១០០លានដុល្លា។ ផលិតនាំចេញទាំងនោះរួមមាន សៀវភៅ កុំព្យូទ័រ រ៉ែធ្យូងថ្ម និងរ៉ែដែក។
ក្រុមហ៊ុនចិនមួយទៀតឈ្មោះ Dandong Dongyuan Industrial បាននាំចេញផលិតផលយានយន្តដែលមានទំហំទឹកប្រាក់ច្រើនជាង ២៨លានដុល្លា។
វិធានការបន្ថែមដើម្បីដាក់សម្ពាធលើរបបព្យុងយ៉ាង កើតឡើងដែមួយថ្ងៃប៉ុណ្ណោះ ក្រោយពេលប្រធានាធិបតីអាមេរិច ដូណាល់ ត្រាំ បានប្រកាសដាក់កូរ៉េខាងជើងចូលក្នុងបញ្ជី រដ្ឋដែលគាំទ្រអំពើភេវរកម្មឡើងវិញ ក្រោយពេលរបបនេះត្រូវបានដកចេញពីបញ្ជីកាលពីឆ្នាំ ២០០៨ ក្នុងរបបគ្រប់គ្រងដោយលោកប្រធានាធិបតី George W. Bush។
កូរ៉េខាងជើងបច្ចុប្បន្នគឺជាប្រទេសមួយក្នុងចំណោមប្រទេស ៤ដែលស្ថិតក្នុងបញ្ជីរដ្ឋគាំទ្រអំពើភេវរកម្ម។ ប្រទេស ៣ផ្សេងទៀតរួមមាន អ៊ឺរ៉ង សូដង់ និងស៊ីរី៕ សុភ័ក្ត្រ