Sunday, October 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ភ្លៀងនឹងបន្តធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេសជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាប

រាជធានីភ្នំពេញ៖នៅ ថ្ងៃទី១៤ ខែ កក្កដាឆ្នាំ២០២៤ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ប្រព័ន្ធសម្ពាធទាបមួយបានកើតមានឡើង នៅសមុទ្រចិនខាងត្បូង ហើយនឹងរំកិលទៅកាន់កោះហៃណាំ (HAINAN) ដែលនឹងបណ្តាលឱ្យរបបខ្យល់មូសុងនិរតីចាប់ផ្តើមបង្កើនឥទ្ធិពលកាន់តែខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថា៖

ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ភ្លៀងនឹងបន្ត ធ្លាក់គ្របដណ្តប់ស្ទើរទូទាំងប្រទេសជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបមាន ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ និង រាជធានីភ្នំពេញ។ តំបន់ខ្ពង់រាបមានដូចជា ខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតំបន់ជួរភ្នំក្រវាញ។ តំបន់មាត់សមុទ្រ មានដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត និងជួរភ្នំបូកគោ។

ដោយឡែកនៅតំបន់សមុទ្រនឹងមានខ្យល់បោកបក់ខ្លាំង ដែលនឹងបង្កឱ្យមានរលកសមុទ្រខ្ពស់ ជាងធម្មតា ដែលមានកម្ពស់មធ្យមអប្បបរមា ១,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ពីស្ថានភាពធាតុអាកាសមានភ្លៀងធ្លាក់ខ្លាំង ខ្យល់កន្ត្រាក់និងរលកសមុទ្រមានកម្ពស់ខ្ពស់ ដើម្បីជៀសវាង ពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

×