ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ បានបន្តជួយឧបត្ថម្ភតុចំនួន ១០០តុ ជូនវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង មានទីតាំងនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការជួយឧបត្ថម្ភតុរៀនខាងលើនេះ ទទួលបានការស្វាគន៍ និងគាំទ្រពីនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សរៀន នៅវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ព្រមទាំងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។
នាឱកាសចុះមកបង្រៀនបំប៉ន ដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្របាក់ឌុបឆ្នាំនេះ នាយកសាលាវិទ្យាល័យ ហ៊ុន សែន ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ លោកបានថ្លែងអំណរគុណដល់ លោកឧកញ៉ាទៀ វិចិត្រ និងក្រុមគ្រួសារ ដែលបានបន្តជួយឧបត្ថម្ភ តុរៀនចំនួន១០០តុ សម្រាប់សិស្សានុសិស្សវិទ្យាលយ័ ហ៊ុន សែន ស្មាច់ដែង ឃុំរាម ដើម្បីអង្គុយរៀនសូត្រឲ្យបានប្រសើរឡើងនៅថ្ងៃខាងមុខ។
តុរៀនទាំង១០០តុនេះ លោកឧកញ៉ា ទៀ វិចិត្រ បានចាត់តំណាងឲ្យចុះទៅប្រគល់ជូន អ្នកគ្រប់គ្រងសាលា ដោយផ្ទាល់ កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
លោកនាយកបន្តថា តុទាំង១០០នេះ សាលាបានរៀបចំបែងចែក ដាក់តាមបន្ទប់រៀន ដើម្បីអោយសិស្សានុសិស្សអង្គុយរៀនសូត្រ ជំនួសតុចាស់ៗ ដែលខូចខាតទ្រុឌទ្រោម។
ត្រង់ចំណុចនេះ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ការឧបត្ថម្ភតុចំនួន ១០០ខាងលើនេះ គឺធ្វើឡើងតាមសំណូមពរ របស់នាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សវិទ្យាលយ័ ហ៊ុន សែន ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ដែលស្នើសុំសម្រាប់ការសិក្សា របស់សិស្ស ព្រោះខ្វះខាតតុអង្គុយ។
លោកឧកញ៉ា ទៀ វិចិត្រ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ការជួយឧបត្ថម្ភ តុចំនួន១០០តុនេះ ក៏ក្នុងគោលបំណងរួមចំណែក ជួយដល់វិស័យអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ជាមួយប្រដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដូចលោកធ្លាប់បាន ជួយឧបត្ថម្ភ ជាសម្ភារៈផ្សេងៗ ជូនសាលារៀនជាច្រើនកន្លែង នាពេលកន្លងមកដូច្នេះដែរ៕ ដោយ៖ ដែន សីមា