ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋពលរដ្ឋ រស់នៅសង្កាត់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ បានឲ្យដឹងថា បានប្រទះឃើញត្រីផ្សោតសមុទ្រមួយក្បាលទម្ងន់ប្រមាណជាង១០០គីឡូក្រាម បានស្លាប់។ ពលរដ្ឋថា ត្រីផ្សោតខាងលើនេះ ត្រូវបានគេប្រទះឃើញស្លាប់អណ្តែតមកនៅលើឆ្នេរសមុទ្រ កោះរ៉ុងសន្លឹម កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។
ប្រភពពីពលរដ្ឋបានប្រទះឃើញត្រីផ្សោតស្លាប់ខាងលើ បានឲ្យដឹងថា ត្រីផ្សោតសមុទ្រមួយនេះ ទំនងជាបានស្លាប់ជាច្រើនថ្ងៃមកហើយ មុននឹងអណ្តែតមកដល់ឆ្នេរកោះរ៉ុងសន្លឹម។
មន្ត្រីពិនិត្យរកមូលហេតុស្លាប់ត្រីផ្សោតសមុទ្រមួយក្បាលនេះ បានសន្និដ្ឋានថា ត្រីសមុទ្រដ៏កម្រខាងលើនេះ ទំនងជាស្លាប់ ដោយសារតែ វាបានសុីចំណីសេសសល់ ដែលគេវេចខ្ចប់ ក្នុងស្បោងផ្លាស្ទីក ដែលត្រូវមនុស្សបោះចោល ចូលទៅក្នុងសមុទ្រ ពេលធ្វើដំណើរតាមសមុទ្រច្រើនហួសកំណត់ ព្រោះឃើញនៅនឹងមាត់ត្រីផ្សោតសមុទ្រនេះឃើញសុទ្ធតែកញ្ចប់ចំណីច្រកស្បោងផ្លាស្ទីក។
ត្រង់ចំណុចនេះ មន្ត្រីជំនាញ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឬអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ គប្បីរួមគ្នា លុបបំបាត់ការបោះចោលកាកសំណល់សំរាមផ្សេងៗ ចូលទៅក្នុងសមុទ្រអនាធិបតេយ្យជាបន្តទៀត ប្រយោជន៍រួមគ្នាការពារបរិស្ថានផងនិងការពារជីវិតសត្វសមុទ្រផង៕ ដោយ៖ ដែន សីមា