ភ្នំពេញ៖ ពិធីបង្សុកូលឧទ្ទិសកុសល ដល់ជនរងគ្រោះស្លាប់ នៅលើអតីតស្ពានពេជ្រ ដែលមានគោលដៅតែមួយគត់ គឺមនុស្សធម៌ និងតាមប្រពៃណីសាសនា ដែលកើតឡើងធំ ក្រោយពីរបបប្រល័យពូជសាសន៍ប៉ុលពត។ បើទោះបីជាក្នុងពេលនោះ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានជួយ ដោះស្រាយក៏ដោយ ក៏ជាមេរៀនមួយសម្រាប់សមត្ថកិច្ច គ្រប់ផ្នែកទាំងអស់ត្រូវចងចាំ និងយកចិត្តទុកដាក់ជារៀងរហូត ហើយរាល់ការជួបជុំក្នុងពិធីជួបជុំតូចធំនានា គឺចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់។
ក្នុងពិធីបង្សុកូលឧទ្ទិសកុសលដល់ជនរងគ្រោះនៅលើអតីតស្ពានពេជ្រនៅព្រឹកថ្ងៃទី២២ខែវិច្ឆកា ឆ្នាំ២០១៧នេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ មានប្រសាសន៍ថា៖ចាប់ពីពេលនេះទៅ យើងនឹងខិតខំការពារ មិនឲ្យកើតមានហេតុការណ៍ ដ៏ខ្លោចផ្សានេះ ជាលើកទី២ទៀតទេ នេះជាមេរៀនដ៏អាក្រក់សម្រាប់យើងទាំងអស់គ្នា។ ដោយសារតែមានមេរៀន ដ៏ជូចត់នេះ ហើយទើបបានជារដ្ឋបាលរាជធានីភ្នំពេញ តែងបារម្ភខ្លាំងនៅពេលមានពិធីបុណ្យផ្សេងផ្សេង ឬការប្រមូលផ្តុំមនុស្សច្រើន ធ្វើបាតុកម្ម កូដកម្មជាដើម ដែលងាយនឹងកើតមាន នូវគ្រោះអាសន្ន ដូចនៅអតីតស្ពានពេជ្រនេះ ជាឧទាហរណ៍ស្រាប់។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានបញ្ជាក់ថា បន្ទាប់ពីសម័យខ្មែរក្រហមដែលកាប់សម្លាប់ប្រជាជនកម្ពុជារាប់លាននាក់នោះ គឺកម្ពុជា បានជួបប្រទះនូវឧប្បទ្ទវហេតុរត់ជាន់គ្នាស្លាប់លើស្ពានកោះពេជ្រអស់ចំនួន៣៥៣នាក់ ។ ដែលឧប្បទ្ទវហេតុនេះក៏ជាប្រវត្តិសាស្ត្រសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ដូចដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី ធ្លាប់បានមានប្រសាសន៍ថា គឺជាឧប្បទ្ទវហេតុដែលកើតឡើងធំក្រោយពីរបបប្រល័យពូជសាសន៍ប៉ុលពត ។ ពិធីនេះត្រូវបានប្រមុខរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ បានជំរុញឲ្យបានរៀបចំជារៀងរាល់ឆ្នាំ ជាមួយនឹងក្រុមគ្រួសារជនរងគ្រោះបងប្អូនសាច់ញាតិ ដែលមិនអាចភ្លេចបាន ចំពោះការបាត់បង់កូនចៅក្នុងឧប្បទ្ទវហេតុនេះ។ គិតមកដល់ពេលនេះមានរយៈពេល៧ឆ្នាំមកហើយ បើទោះបីជាក្នុងពេលនោះសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បានជួយ ដោះស្រាយក៏ដោយ ក៏ជាមេរៀនមួយសម្រាប់សមត្ថកិច្ច គ្រប់ផ្នែកទាំងអស់ត្រូវចងចាំ និងយកចិត្តទុកដាក់ជារៀងរហូត ហើយរាល់ការជួបជុំក្នុងពិធីជួបជុំតូចធំនានា គឺចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ ឲ្យបានខ្លាំងក្លាដើម្បីបង្ការព្រឹត្តិការណ៍ដូច្នេះ កើតឡើងម្តងទៀត ។ លោកប្រធានក្រុមប្រឹក្សា ក៏បានប្រកាសនៅចំពោះមុខសាច់ញាតិជនរងគ្រោះថា ក្នុងនាមរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តរៀបចំពិធីនេះជារៀងរាល់ឆ្នាំ ជាមួយក្រុមគ្រួសារនៃជនរងគ្រោះ នៅស្តូបនៃចុងស្ពានភ្លោះកោះពេជ្រ ដើម្បីឧទ្ធិសមហាកុសលដ៏ជ្រះថ្លាជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះដែលបានស្លាប់។
គួររំលឹកថា៖កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ត្រូវនឹងថ្ងៃចុងក្រោយនៃពិធីបុណ្យអុំទូក បានកើតឡើងនូវឧបទ្ទវហេតុនៅលើអតីតស្ពានពេជ្រនៃតំបន់កោះពេជ្រដោយសារតែហ្វូងមនុស្សដ៏ច្រើនសន្ធឹកសន្ធាប់មកលេងបុណ្យអុំទូករត់ជាន់គ្នាលើស្ពានបណ្តាលឲ្យមនុស្ស៣៥៣នាក់ស្លាប់ និងរបួសរាប់រយនាក់ផ្សេងទៀត៕ ដោយ៖កូឡាប