Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បណ្តុះបណ្តាលជនបង្គោល ” ខ្ញុំ 👉អ្នក យើងទាំងអស់គ្នា រួមគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន”

រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកវគ្គបណ្តុះបណ្តាលជនបង្គោល ក្រោមប្រធានបទ ” ខ្ញុំ👉អ្នកយើងទាំងអស់គ្នា រួមគ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន ” ក្រោមអធិបតីភាពលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្ប: ដោយមានការចូលរួមពីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ទាំង២៥ មន្រ្តីរាជការ សាស្ត្រាចារ្យ អ្នកសិល្ប: សិល្បករ សិល្បការិនី ពិធីករ ពិធីការិនី តារាសម្តែង កំប្លែង អ្នកបង្កើតមាតិកាសង្គម និងបវរកញ្ញា Miss Grand Cambodia ឆ្នាំ២០២៤ សរុបជិត២០០នាក់។

ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានមតិស្វាគមន៍ និងរាយការណ៍អំពីលទ្ធផលដែលបានចូលរួមកន្លងមកមាន៖ ការបញ្រ្ជាបខ្លឹមសារអប់រំទៅតាមភាពយន្ត វីដេអូ ខារ៉ាអូខេ និងសកម្មភាពផ្សេងៗរបស់ក្រសួងផងដែរ។ សម្រាប់វគ្គបណ្តុះបណ្តាលនេះគឺលើកកម្ពស់សមត្ថភាពអ្នកចូលរួមទាំងអស់ឱ្យកាន់តែខ្ពស់និងមានមូលដ្ឋានកាន់តែរឹងមាំបន្ថែមទៀត ។

លោកឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានពាំនាំនូវការអរគុណ និងកោតសរសើរដោយស្មោះរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចំពោះថ្នាក់ដឹកនាំក្រសួងវិប្បធម៌និងវិចិត្រសិល្បៈ ដែលបានឆ្លើយតបប្រកបដោយការទទួលខុសត្រូវទៅនឹងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់ទុកគ្រឿងញៀនជាបញ្ហារួម និងត្រូវចូលរួមបង្ការ ទប់ស្កាត់ និងលុបបំបាត់ទាំងអស់គ្នា។ លោកឧត្តមសេនីយ៍ ក៏បានបញ្ជាក់ច្បាស់ថា សិល្បករ សិល្បការនី តារាសម្តែង តារាកំប្លែង បវរកញ្ញា អ្នកផលិតមាតិការ និងតារាផ្សេងៗទៀត គឺជាកម្លាំងចលករដ៏សំខាន់ និងមានឥទ្ធិពល ក្នុងការចូលរួមចំណែកផ្សព្វផ្សាយអប់រំ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសចូលរួមធ្វើឱ្យសម្រេចនូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងកម្ពុជា ទៅជាប្រទេសមួយដែលគ្រឿងញៀនលែងជាឧបសគ្គនិងបញ្ហារបស់សង្គមជាតិ។

លោកជំទាវ ឡង់ឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សាកូណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងអំណរគុណចំពោះអ្នកចូលរួមទាំងអស់។ ជាមួយនោះ លោកជំទាវ ក៏បានរំលឹកអំពីផ្លែផ្កានៃសុខសន្តិភាព ដែលបានមកពីគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្វើឱ្យប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងផ្តល់ឱកាសឱ្យយើងបានជួបជុំដូចថ្ងៃនេះដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងបន្ថែមធ្វើជាមូលដ្ឋានក្នុងការរៀបចំ និងចូលរួមផ្សព្វផ្សាយអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀនឱ្យបានទូលំទូលាយ និងស៊ីជម្រៅ ពិសេសលើកកម្ពស់ការបង្ការ ទប់ស្កាត់ និងលុបបំពាត់បញ្ហាគ្រឿងញៀន ឱ្យទៅជាចលនាជាតិមួយ ស្របតាមប្រធានបទប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់ឆ្នាំនេះ គឺ “ចូលរួមទាំងអស់គ្នាដើម្បីជិវិតនិងសហគមន៍គ្មានគ្រឿងញៀន”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×