Saturday, February 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉េង ពោធិ៍នា ៖ មហាវិថី ស៊ី ជីនពីង គឺជាសក្ខីភាពថ្មីមួយបន្ថែមទៀតរវាងកម្ពុជានិងចិន ដែលបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងទ្វេភាគីជា ប្រវត្តិសាស្ត្រយូរអង្វែង

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានគូសបញ្ជាក់ថាការប្រសិទ្ធនាមឈ្មោះផ្លូវ” មហាវិថី ស៊ី ជីនពីង” គឺជាសក្ខីភាពថ្មីមួយបន្ថែមទៀតរវាងកម្ពុជានិងចិន ដែលបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងទ្វេភាគីជា ប្រវត្តិសាស្ត្រយូរអង្វែង។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានលើកឡើងយ៉ាងដូច្នេះ ក្នុងពិធីសម្ភោធបង្កោលផ្លាកឈ្មោះផ្លូវ”មហាវិថី ស៉ីជិនពីង”នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។

ឯកឧត្តម ប៉េង ពោធិ៍នា បានមានប្រសាសន៍ថា មហាវិថី ស៊ី ជីនពីង គឺជា សក្ខីភាពថ្មីមួយបន្ថែមទៀតរវាងកម្ពុជានិងចិន ដែលបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងទ្វេភាគីជា ប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបានព្រមទាំង បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត និងកតញ្ញូតាធម៌ដឹងគុណរបស់រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ដើម្បីចារិកទុកជាអនុស្សាវរីយ៍ ជាប្រវត្តិសាស្ត្រ និងជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តមនូវកត្តិនាមនិងកិត្តិស័ព្ទរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង រួមទាំងរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែបានគាំទ្រយ៉ាងសកម្មដល់បុព្វហេតុនៃសុខសន្តិភាព ស្ថិរភាព និង ការជំរុញកំណើនសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឍរីក ចម្រើនរបស់កម្ពុជា។

ឯកឧត្តមបានបន្តថា មហាវិថី ស៊ី ជីនពីង មានប្រវែង ៤៧,១០គីឡូម៉ែត្រ គឺ ជាកំណាត់ផ្លូវមេ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពី គីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ ទៅដល់គីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីលើកឡើងទៀតថា មហាវិថីនេះ មានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវខេត្ត និងផ្លូវជាតិសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល និងតភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េយលេខ១ (AH-1), ផ្លូវអាស៊ានហាយវ៉េយ លេខ១១ (AH-11), ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយ របស់យើង និងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលកំពុងដំណើរការសាងសង់ និង គ្រោងបញ្ចប់នាពេលខាងមុខ។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងទៀតថា គិតមកដល់ បច្ចុប្បន្ននេះ គម្រោងស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ដែលប្រើប្រាស់ ឥណទានសម្បទាន និងជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ទាំងសាងសង់រួច និងកំពុងសាងសង់មានទំហំទឹកប្រាក់សរុបប្រមាណ ៣ ពាន់លានដុល្លារអាម៉េរិក ក្នុងនោះផ្លូវថ្នល់មានប្រវែងសរុបប្រមាណ ៤ ពាន់គីឡូម៉ែត្រ និងស្ពានធំៗចំនួន ១៦ស្ពាន ប្រវែងសរុបប្រមាណ ១៤ ពាន់ម៉ែត្រ។

ឯកឧត្តមបញ្ជាក់ថា៖”ទាំងអស់នេះ គឺជាសមិទ្ធផល និងការរីកចម្រើននៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដែលយើងទាំងអស់គ្នាបានឃើញដោយផ្ទាល់នឹងភ្នែក និងបានទទួលផលពីការ អភិវឌ្ឍ ក្រោមការដឹកនាំរបស់ឥស្សរជនជាន់ខ្ពស់ និងឥស្សរជនបន្តវេនរបស់កម្ពុជា ដែលបាន បង្កើតពង្រីក និងបន្តរក្សាទំនាក់ទំនងការទូតបានយ៉ាងល្អប្រសើរជាមួយបណ្តាប្រទេសនៅក្នុង តំបន់ និងសកលលោក ជាពិសេសកិច្ចសហប្រតិបត្តិការល្អជាមួយសាធារណរដ្ឋប្រជាមានិតចិន”។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការក៏បានលើកឡើងថាដោយពិធីនាថ្ងៃនេះប្រារព្ធឡើងចំខួបអនុស្សាវរីយ៍លើកទី ៦៦ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន (១៩ កក្កដា ១៩៥៨ -១៩ កក្កដា ២០២៤)។

ឯកឧត្តម រដ្ឋមន្ត្រី បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងបន្តគាំទ្រ កម្ពុជាគ្រប់កាលៈទេសៈ និងគ្មានលក្ខខណ្ឌស្មុគស្មាញ ក្នុងការអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់-ស្ពាន ជាពិសេសការការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជាឱ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា “មហាវិថី ស៊ី ជីនពីង” ជាផ្លូវវាងក្រុងដ៏មានសារៈសំខាន់មួយខ្សែ ដែលមិនត្រឹមតែសម្រាប់បងប្អូនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលប៉ុណ្ណោះទេ តែថែមទាំងផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងការជួយសម្រួលការធ្វើដំណើរវាងក្រុងបាន ឆាប់រហ័ស និងជួយបញ្ចៀសការកកស្ទះចរាចរណ៍នៅក្នុងក្រុង។ ខ្សែផ្លូវនេះ មានភាពប្រទាក់គ្នាជាមួយបណ្តាខ្សែផ្លូវជាតិ ផ្លូវខេត្តសំខាន់ៗ ហើយនៅអនាគតក៏នឹងតភ្ជាប់ទៅ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិតផងដែរ។ ការប្រសិទ្ធនាមឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ និងការដឹងគុណរបស់កម្ពុជា ចំពោះមិត្តចិន ដែលតែងតែបានផ្តល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗ ជាពិសេស កិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល សូមចូលរួមអបអរសាទរ និងស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Wang Wenbin ដែលទើបត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនថ្មី ប្រចាំកម្ពុជា។ ឯកឧត្តមសង្ឃឹមថា ឯកឧត្តម Wang Wenbin នឹងបន្តផ្តល់កិច្ចសហការជួយអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា និងបន្តពង្រឹងចំណងមិត្តភាពដែកថែប ឲ្យកាន់តែស្អិតរមួតនិងខ្លាំងក្លាថែមទៀត។

ឯកឧត្តមបញ្ជាក់ថា ការប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី Xi Jinping បង្ហាញពីកត្តាញូតាធម៌ និងដឹងគុណ ដល់ប្រជាជននិងរដ្ឋាភិបាលចិន ដែលបានផ្តល់ជំនួយយ៉ាងច្រើនដល់កម្ពុជា ជាពិសេស ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ របស់ប្រធានរដ្ឋចិន Xi Jinping ដែលបានផ្តល់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច និងពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជា។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា និង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី នៅក្នុងពិធី នារង្វង់មូលនៃផ្លូវក្រវាត់ក្រុងទី៣ រាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កម្ពុជា ក្រុមហ៊ុនសំណង់សៀងហៃ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ាងអាន និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

ឯកឧត្តម Wang Wenbin បានលើកឡើងថា ការប្រសិទ្ធនាមឈ្មោះ មហាវិថី Xi Jinping បង្ហាញពីទំនាក់ទំនងមិត្តភាពជាប្រពៃណី ដែលមិនអាចបំបែកបាន រវាងចិននិងកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ទៀតថា កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងចិននិងកម្ពុជានឹងបន្តបើកស្ថានការណ៍ថ្មី និងសម្រេចបានលទ្ធផលថ្មី។

«ជានិមិត្តរូបថា ប្រជាជនចិន និងកម្ពុជា កាន់ដៃគ្នា យ៉ាងស្អិតរមួត បន្តឆ្ពោះទៅមុខ ជានិច្ច នូវមិត្តភាពប្រពៃណី ដែលបង្កើតឡើងដោយអ្នកដឹកនាំជំនាន់មុនៗ។ ប្រទេសទាំងពីរនឹងជំរុញការប្តេជ្ញាចិត្ត និងកម្លាំងដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងចិន-កម្ពុជា ឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមជឿជាក់ថា រាជធានីភ្នំពេញនឹងបន្តបញ្ចេញនូវភាពរស់រវើក និងភាពរស់រវើកជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៃឧបទ្វីបខាងត្បូង កណ្តាល និងក្នុងតំបន់អាស៊ីអាគ្នេយ៍»។


ក្នុងពិធីដ៏មានតម្លៃនាឱកាសនេះក៏មានការចែកអំណោយជានិមិត្តរូប ពិធីបើករបាំងស្បៃបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ការបង្ហោះប៉ោងៗ និងដាំដើមឈើ ដើម្បីជាការអបអរសាទរ ស្របទៅនិងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×