Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ ប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ នៅទីក្រុងបាងកក

បាងកក, ប្រទេសថៃ, ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃលើកទី៣។ កិច្ចប្រជុំនេះបានផ្តោតលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ (១) ពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកទស្សនៈនានាស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍ប្រទេសទាំងពីរ និង (២) ធ្វើបច្ចុប្បន្នភាពផែនការសកម្មភាពរួមស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍២០២៣-២០២៥ សំដៅបន្តពង្រឹងការអនុវត្តកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីរវាងប្រទេសទាំងពីរ ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខរាជរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក។

ដោយទទួលបានគោលការណ៍អនុញ្ញាតពី រាជរដ្ឋាភិបាល ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងស្របតាមស្មារតីនៃអនុស្សរណៈយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ កម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៤ និងឆ្លើយតបទៅនឹងស្មារតីនៃជំនួបទ្វេភាគីរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋ ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ពាក់ព័ន្ធការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ កិច្ចប្រជុំនេះបាន ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់សហប្រធានទាំងពីរគឺ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម Sermsak Pongpanit – រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ និងកីឡានៃព្រះរាជាណាចក្រថៃ ដោយមានការចូលរួមពីក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) និង អាជ្ញាធរទេសចរណ៍ថៃ (TAT) ព្រមទាំងវិស័យឯកជន ពាក់ព័ន្ធនានា។

អង្គប្រជុំបានស្តាប់របាយការណ៍លទ្ធផលនៃកិច្ចប្រជុំក្រុមការងាររួមគ្នាស្ដីពីកិច្ចសហប្រតិបត្តិការ ទេសចរណ៍ទ្វេភាគីរវាងកម្ពុជានិងថៃលើកទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ និងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួម ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ថៃ ២០២៣-២០២៥ ព្រមទាំងបានកែសម្រួលចំណុចមួយចំនួននៃផែនការសកម្មភាពរួមគ្នានេះ ដើម្បីឱ្យឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែងនាពេលបច្ចុប្បន្ន ដោយផ្តោតលើកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន៥ រួមមាន៖
១) ការសម្រួលការធ្វើដំណើរ និងឆ្លងកាត់ព្រំដែន ដោយភាគីទាំងពីរបានឯកភាពពង្រឹងការ សម្របសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនជូនទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបី។
២) យុទ្ធនាការផ្សព្វផ្សាយទីផ្សារទេសចរណ៍រួមគ្នា “ព្រះរាជាណាចក្រពី គោលដៅមួយ
ដោយភាគីទាំងពីរបានពិភាក្សាលើការផ្សព្វផ្សាយរួមគ្នា ការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍ (Familiarization Trip) ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា និងការជំរុញការចូលរួម ក្នុងព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំដោយប្រទេសនីមួយៗ។

៣) ការអភិវឌ្ឍធនធានមនុស្សតាមរយៈការជំរុញការអនុវត្តកិច្ចព្រមព្រៀងទទួលស្គាល់អ្នក ជំនាញទេសចរណ៍អាស៊ាន (MRA-TP) និងការបម្លាស់ទីអ្នកជំនាញទេសចរណ៍អាស៊ាន ខណៈដែលប្រទេសទាំងពីរជាប្រទេសឆ្នើមក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ។
៤) ការជំរុញអភិវឌ្ឍទេសចរណ៍ប្រកបដោយគុណភាព ដោយភាគីទាំងពីរបានឯកភាពគ្នាបន្ត ជំរុញអនុវត្តស្តង់ដាសម្រាប់សេវាកម្មទេសចរណ៍នានា។
៥) ការជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹង ការចែករំលែកព័ត៌មាន និងសក្តានុពលវិនិយោគក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ លើសពីនេះទៀត ភាគីកម្ពុជានិងភាគីថៃក៏បានសហការរៀបចំសិក្ខាសាលាស្តីពី “កញ្ចប់វិជ្ជាជីវៈ ទេសចរណ៍រួមគ្នា” រវាងប្រទេសថៃ និងកម្ពុជា ដែលមានការចូលរួមពីវិស័យឯកជនពាក់ព័ន្ធ។

ទន្ទឹមនឹងនេះ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក អ៊ុត វិជិត នាយកប្រតិបត្តិ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) បានដឹកនាំក្រុមការងារជួប ពិភាក្សាជាមួយអាជ្ញាធរទេសចរណ៍ថៃ (TAT) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងស្ថាប័នទាំងពីរ។
ជារួម កិច្ចប្រជុំទ្វេភាគីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ថៃ លើកទី៣នេះ បានប្រព្រឹត្តទៅប្រកប
ដោយភាពជោគជ័យ ជាមួយនឹងលទ្ធផលប្រកបដោយផ្លែផ្កាក្នុងស្មារតីមិត្តភាព និង សាមគ្គីភាព៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×