Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូថ្មីចិន ទទួលស្គាល់សម្ដេចតេជោ ជាមិត្តពិតប្រាកដរបស់ចិន ជាអ្នកនយោបាយចាស់ទុំ ជាមេដឹកនាំកំពូលឆ្នើម ហើយថា នឹងពង្រឹងពង្រីកទំនាក់ទំនងបន្ថែមទៀត

រាជធានីភ្នំពេញ : ឯកអគ្គរដ្ឋទូតទើបតែត្រូវបានតែងតាំងថ្មីរបស់សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម វ៉ាង វិនពីន បានថ្លែងថាថា សម្តេចតេជោ ហ៊ុន សែន គឺជាអ្នកនយោបាយចាស់ទុំ ជាមេដឹកនាំកំពូល និងជាអ្នកយុទ្ធសាស្ត្រដ៏ឆ្នើមក្នុងការដឹកនាំមាគ៌ាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍជឿនលឿនដូចសព្វថ្ងៃ, ហើយមានសកម្មភាពជាច្រើនបង្ហាញថា សម្ដេចតេជោ គឺជាមិត្តពិតប្រាកដរបស់ចិន ដែលប្រវត្តិសាស្ត្របានកត់ត្រាទុកថា ជួយគ្នាក្នុងគ្រាក្រ សម្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន គឺមានតែសម្ដេចតេជោមួយគត់ បានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន អំឡុងពេលដែលមានហានិភ័យផ្ទុះកូវីដ-១៩។

ការលើកឡើងបែបនេះ របស់ ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទើបតែត្រូវបានតែងតាំងថ្មី ថ្លែងក្នុងឱកាសរូបលោក ត្រូវបានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន នៅវិមានព្រឹទ្ធសភា នាព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ជាមិត្តចាស់ដ៏ពិតប្រាកដរបស់ចិន ដែលបានគាំទ្រគ្នាទៅវិញទៅមក។ ឯកឧត្តម បានអរគុណសម្ដេច ដែលបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន អំឡុងពេលដែលមានការផ្ទុះកូវីដ-១៩ ដែលធ្វើឱ្យប្រជាជនចិន និងពិភពលោកមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចាត់ទុកថា សម្ដេចតេជោ ជាមិត្តល្អសម្រាប់ប្រជាជនចិន ដែលគាំទ្រគ្នាក្នុងគ្រាមានអាសន្ន, ដូចនេះ សុខទុក្ខរបស់កម្ពុជា គឺជាសុខទុក្ខរបស់ប្រទេសចិនដូចគ្នា។

ឯកឧត្តមឯកអគ្គរដ្ឋទូថ្មី បានបេ្តជ្ញាថា ក្នុងអាណត្តិការទូតរបស់ឯកឧត្តមនៅកម្ពុជា នឹងខិតខំពង្រឹងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ច-សង្គម, សន្តិសុខ-យោធា,​ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត, ហើយថា សូមគោរពអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយនាពេលខាងមុខ​។

ជាការឆ្លើយតបប្រកបដោយខ្លឹមសារជ្រាលជ្រៅ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការស្វាគមន៍ និងអបអរសារទរយ៉ាងកក់ក្តៅ ជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតថ្មី​ថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពី ឯកឧត្តម វ៉ាង វិនធាន បានបញ្ចប់អាណត្តិបេសកកម្មទៅ, ហើយវត្តមានដ៏ឆាប់រហ័សរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតថ្មីនាពេលនេះ បន្ទាប់ពីការចាកចេញរបស់ឯកអគ្គរដ្ឋទូតមុន បានសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ, សម្តេច មានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀតក្នុងអាណត្តិបេសកកម្មការទូតរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN