Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងការពារជាតិ ៖ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ អំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង

ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ តាមរយៈបណ្តាញទំនាក់ទំនងសង្គម នាថ្ងៃទី២២ ខែកក្កដានេះ បានបញ្ជាក់ថា តាំងពីម្សិលមិញរហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ អាកាសធាតុនៅតំបន់ជួរភ្នំក្រវាញ ហាក់មានភាពល្អប្រសើរឡើងវិញ ដែលកំពុងអំណោយផល ដល់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ឯកឧត្តម បន្ថែមថា នៅថ្ងៃនេះ កងកម្លាំងចម្រុះ បានបន្តធ្វើសកម្មភាពរុករកដោយស្វាហាប់ទាំងថ្មើរជើង និងពីលើដែនអាកាស ក្នុងនោះមានកម្លាំងមួយចំនួនបានសម្រូតខ្សែចុះពីឧទ្ធម្ភាគចក្រ នៅតាមចំណុចដែលមានការសង្ស័យ ដែលយើងសង្ឃឹមថា នឹងទទួលបានដំណឹង អំពីឧទ្ធម្ភាគចក្រក្នុងពេលដ៏ខ្លីខាងមុខនេះ។

ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងអស់ ដែលបានខិតខំយ៉ាងសកម្មមិនខ្លាចនឿយហត់ ក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងយោធិន២នាក់ ដែលបានបាត់ដំណឹង ក្នុងរយៈពេល១០ថ្ងៃមកនេះ ទោះបីជាមានបញ្ហាអាកាសធាតុ និងភូមិសាស្ត្រលំបាកក៏ដោយ និងសូមជូនពរ​បងប្អូនកងកម្លាំងទាំងអស់គ្នាមានសុវត្ថិភាព និងទទួលបានជោគជ័យ។

គួររំលឹកថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ កក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក។ តាមរយៈ លិខិត ស្ដីពីផែនការហោះហើរ របស់កងទ័ពអាកាសនៃក្រសួងការពារជាតិ លេខ៤១៧ /២៤ បានបញ្ជាក់ថា ឧទ្ធម្ភាគចក្រZ-9 លេខ MH912 ត្រូវមានជើងហោះហើរ ពីភ្នំពេញ -ថ្មដារ-ពោធិ៍សាតិ – ភ្នំពេញ ក្នុងភារកិច្ចហ្វឹកហ្វឺនផ្លូវឆ្ងាយឱ្យអាកាសយានិក ដែលចេញដំណើរពីម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី១២កក្កដា និងត្រូវវិលត្រឡបមកវិញ នៅម៉ោង១៤ រសៀលថ្ងៃដដែល៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×