ខេត្តក្រចេះ ៖ គំនរឈើ៥៩៣ដុំ ត្រូវកងកម្លាំងអាវុធហត្ថខេត្តក្រចេះ បង្ក្រាបនៅក្នុងក្រុមហ៊ុនលឹម រ៉ូយ៉ាល់នៅដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកែវសីម៉ា ដែលត្រូវបានមជ្ឈដ្ឋនានា អះអាងថា គឺជាការៀបចំរបស់អាជ្ញាធរ ប៉ុន្តែត្រូវអាជ្ញាធរខេត្តមណ្ឌលគិរី បានចេញសេចក្តីបដិសេធថា មិនពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់។
បើយោងតាមរបាយការណ៍របស់អាវុធហត្ថខេត្តក្រចេះ បានឲ្យដឹងថា គិតត្រឹមម៉ោង៧ ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៨ ដឹកនាំដោយលោកមេបញ្ជាការកងរាជអាវុធហត្ថក្រចេះ លោក សាន្ត ប៊ុនថាន ចុះប្រត្តិបត្តិប្រើពលទានចំនួន ៤៥នាក់ រថយន្ដ១០គ្រឿង អាវុធ២៥ដើម ស្រាវជ្រាវបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកែវសីម៉ា និយាមការ (683691-1401577) ដល់និយាមការ(692503-1417324) ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។
សូមបញ្ជាក់ថា ឈើដែលកងកម្លាំងអាវុធហត្ថខេត្តក្រចេះ ចុះបង្ក្រាបនោះ គឺឈ្មួញធ្វើកាប់បំផ្លាញ ក្នុងដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃកែវសីម៉ា ដោយយកមកទុកចំណុចខាងលើ គ្រោងនាំចេញនាពេលឆាប់ៗនេះ ទៅប្រទេសវៀតណាម តាមច្រកក្នុងទឹកដីស្រុកស្នួល។
ជាមួយករណីនេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានចេញសេចក្តីបដិសេធថា មិនពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់ ខណ:គណ:កម្មាធិការជាតិរកឃើញគំនរឈើខុសច្បាប់ជាច្រើនកំណាត់នៅក្នុងក្រុមហ៊ុនលឹម រ៉ូយ៉ាល់ នៅដែនជម្រកសត្វព្រៃភ្នំព្រិចស្រុកកែវសីមាគិតត្រឹមម៉ោង៧ ថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៨។
ការចេញសេចក្តីបដិសេធរបស់អាជ្ញាធរខេត្តមណ្ឌលគិរីនេះ បន្ទាប់មានរបាយការណ៍សារព័ត៌មានជាច្រើនបានរាយការណ៍ថា លោកស្វាយ សំអ៊ាង និងមន្ត្រីជំនាញក្នុងខេត្តមណ្ឌលគិរី បានឃុបឃិតជាមួយឧកញ៉ា៣នាក់ គឺ ស៊ឹង សំអុល តុប វីយ៉ាដា និង ប៉ោ សំអឿន បានប្រមូលប្រជាពលរដ្ឋ ចូលកាប់ព្រៃតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច ស្រុកកែវសីម៉ា ត្រៀមនាំចេញទៅលក់នៅប្រទេសវៀតណាម នាពេលខាងមុខនេះ។
ការបដិសេធបែបនេះ ត្រូវបានអ្នកសង្កេតការណ៍បទល្មើសព្រៃឈើ នៅខេត្តមណ្ឌលគិរី ចាត់ទុកថា ជាការដោះសារប្រកែកមិនទទួលស្គាល់ពីការកើតមានបទល្មើសព្រៃឈើ ក្នុងទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ ។
កន្លងមកបទល្មើសព្រៃឈើធំៗជាច្រើនករណី បានកើតឡើងនៅខេត្តមណ្ឌលគិរីនេះ ជាក់ស្តែងដូចជា បទល្មើសនៅតំបន់អូរហ៊ុចដែលអាជ្ញាធរខេត្តមណ្ឌលគិរី បានបើកដៃឲ្យជនជាតិជាតិវៀតណាម យកគ្រឿងចក្រចូលកាប់ឈើរាប់សិបម៉ែត្រគូបនាំទៅប្រទេសវៀតណាម ហើយសំណុំរឿងនេះ ស្ថិតនៅក្នុងចំណាត់ការរបស់តុលាការរាជធានីភ្នំពេញនៅឡើយ៕ ដោយ ៖ បញ្ញាស័ក្តិ