Saturday, April 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាចេញសេចក្តីណែនាំ ស្តីពីប្រព្រឹត្តិកម្មចំពោះទំនិញឆាប់ខូច

រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានផ្សាយផ្សាយសេចក្តីណែនាំលេខ៣១៣០/២៤ អគរ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ស្តីពី ប្រព្រឹត្តិកម្មចំពោះទំនិញឆាប់ខូច។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ឯកឧត្តមបណ្ឌិត គុណ ញឹម បានលើកឡើងក្នុងសេចក្តីណែនាំនេះយ៉ាងដូច្នេះថា អនុលោមតាមច្បាប់ស្តីពីគយ, បញ្ញត្តិមាត្រា ៧.៩ ស្តីពីទំនិញឆាប់ខូច នៃកិច្ចព្រមព្រៀងស្តីពីកិច្ចសម្រួល ពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក, ប្រកាសលេខ៥៦៩ សហវ.ប្រក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១០ ស្តីពីការត្រួតពិនិត្យទំនិញនាំចេញ ទំនិញនាំចូល និងមធ្យោបាយដឹកជញ្ជូន, ប្រកាសលេខ ១១១ សហវ.ប្រក. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការអនុញ្ញាតឱ្យបំពេញទម្រង់ការគយនៅក្រៅការិយាល័យគយ និង ប្រកាសលេខ ១០៧ សហវ.ប្រក. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ស្តីពីការរាយការណ៍ ការធ្វើចរាចរ ការធ្វើ សន្និធិ និងការដឹកជញ្ជូនទំនិញនាំចេញ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

សូមកំណត់ ក្រើនរម្លឹក និងណែនាំ ដូចខាងក្រោម÷

១. ទំនិញឆាប់ខូច គឺជាប្រភេទទំនិញដែលឆាប់ខូចគុណភាព ដោយសារចរិតលក្ខណៈធម្មជាតិនៃទំនិញ ឬដោយសារការរក្សាទុកទំនិញមិនអនុលោមតាមស្តង់ដាកំណត់។ ទំនិញឆាប់ខូច រាប់បញ្ចូលទាំង បន្លែ ផ្លែឈើ សាច់ស្រស់ សត្វរស់ ផលិតផលនិងទំនិញបង្កក ទឹកដោះគោស្រស់និងផលិតផល ពីទឹកដោះគោ និងឱសថមួយចំនួន ជាដើម ដែលតម្រូវឱ្យរក្សាទុកក្នុងសន្និធិពិសេស។

២. តាមសំណើរបស់ម្ចាស់ទំនិញ ឬតំណាងម្ចាស់ទំនិញ អង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវផ្តល់អាទិភាពក្នុងការត្រួតពិនិត្យ និងបញ្ចេញទំនិញឆាប់ខូច ឱ្យបានឆាប់តាមការដែលអាចធ្វើទៅបាន តាមនីតិវិធី ដោយមិនរង់ចាំតាមលំដាប់លំដោយ និងអាចអនុញ្ញាតឱ្យត្រួតពិនិត្យទំនិញមុនពេល ចុះបញ្ជីកាប្រតិវេទន៍គយ, បំពេញទម្រង់ការគយនៅក្រៅការិយាល័យតយ និងបញ្ចេញទំនិញនៅ ក្រៅពេលម៉ោងធ្វើការ ដោយរាល់ការចំណាយជាបន្ទុករបស់ម្ចាស់ទំនិញ ឬតំណាងម្ចាស់ទំនិញ តាម បទប្បញ្ញត្តិជាធរមាន។

៣. ក្នុងករណីពុំមានទីកន្លែងរក្សាទុកទំនិញឆាប់ខូច ក្នុងពេលរង់ចាំការត្រួតពិនិត្យ ឬការបញ្ចេញទំនិញ ពីគយ អង្គភាពគយនិងរដ្ឋាករមានសមត្ថកិច្ច ត្រូវអនុញ្ញាតឱ្យម្ចាស់ទំនិញ ឬតំណាងម្ចាស់ទំនិញ ប្រើប្រាស់មធ្យោបាយ ឬទីកន្លែងរក្សាទុកទំនិញឆាប់ខូចរបស់ខ្លួនតាមការចាំបាច់ ដើម្បីធានាបាន នូវគុណភាពទំនិញ។

៤. នៅពេលដែលមានការពន្យារពេលយូរក្នុងការបញ្ចេញទំនិញឆាប់ខូច អង្គភាពគយនិងរដ្ឋាករ មានសមត្ថកិច្ច ត្រូវបញ្ជាក់ពីមូលហេតុនៃការពន្យារពេល តាមសំណើជាលាយលក្ខណ៍អក្សររបស់ ម្ចាស់ទំនិញ ឬតំណាងម្ចាស់ទំនិញ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី