ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិភាក្សាពិនិត្យលទ្ធផលការស្រាវជ្រាវរកឃើញចម្ការមីនថ្មី របស់អង្គភាពស៊ីម៉ាក់។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរមីន ឯកឧត្តម ឃឹម រុស្សីដា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា តំណាងបញ្ជាការដ្ឋានកងទ័ពជើងគោក ឯកឧត្តម សែម រតនា តំណាងមជ្ឈមណ្ឌលជាតិគ្រង់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម និងមន្ត្រីបច្ចេកទេសមួយចំនួន ។
ឯកឧត្តមបណ្ឌិត លី ធុជ បានកោតសរសើរដល់អង្គភាពស៊ីម៉ាក់ ចំពោះការសិក្សាស្រាវជ្រាវគ្រប់ជ្រុងជ្រោយទៅលើទីតាំងចម្កាមីន និងចម្ការគ្រាប់ស្ថិតក្នុងខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ព្រះវិហារ ត្បូងឃ្មុំ ស្ទឹងត្រែង សៀមរាប និងកំពង់ធំ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំដល់ក្រុអង្គភាពដែលពាក់ព័ន្ធចាត់បញ្ចូលកិច្ចការនេះជាការងារអាទិភាព ដោយត្រូវដឹកនាំកម្លាំងជំនាញ ចូលរួមជាមួយកម្លាំងបោសសម្អាតមីនរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក ចុះពិនិត្យ និងវាយតម្លៃ មុនសម្រេចដាក់បញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យថ្នាក់ជាតិ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី












