Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការពិនិត្យ និងរៀបចំស្តង់ដាសាលារៀនឈើឆ្លើយតបទៅនឹងខ្ទង់ចំណាយ និងធានាជំរុញបរិយាកាសសិក្សាល្អប្រសើរសម្រាប់សិស្សានុសិស្ស

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យហង់ជួន ណារ៉ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការពិនិត្យ និងរៀបចំស្តង់ដាសាលារៀនឈើ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោក លោកស្រី និងមន្ត្រីមកពីនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាលើគម្រោងនៃការសាងសង់សាលារៀនធ្វើពីឈើដែលមានស្តង់ដា និងប្រសិទ្ធភាពខ្ពស់ ដើម្បីដោះស្រាយបញ្ហាខ្វះខាតថ្នាក់រៀនចំពោះមុខឱ្យទាន់ពេលវេលានៅតំបន់ជួបការលំបាក ក៏ដូចជាពិនិត្យមើលថវិកា ដាក់ចេញជាគោលការណ៍ឱ្យច្បាស់លាស់ដើម្បីធានាបាននូវសាលារៀនធ្វើពីឈើដែលមានស្តង់ដាសមរម្យទទួលយកបានឱ្យឆ្លើយតបទៅនឹងខ្ទង់ចំណាយ និងធានាជំរុញបរិយាកាសសិក្សាល្អប្រសើរសម្រាប់សិស្សានុសិស្ស។

មុនឈានចូលដល់កិច្ចពិភាក្សា ក្រុមការងារជំនាញបានធ្វើបទបង្ហាញអំពីលទ្ធផលនៃការសិក្សាពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធអប់រំសាលារៀនធ្វើពីឈើ ជម្រើសគំនូសប្លង់អគារសិក្សាធ្វើពីឈើ ប្រភេទអគារ និងការប៉ាន់ស្មានតម្លៃនៃការសាងសង់ ការសាងសង់បង្គន់អនាម័យ ការបំពាក់ក្តាខៀន តុកៅអីសិស្ស សម្ភារបរិក្ខារ និងការពង្រាយគ្រូជាដើម។

ដើម្បីជំរុញនូវប្រសិទ្ធភាពការងារ សូមឱ្យក្រុមការងារ បន្តសិក្សាបន្ថែមដើម្បីស្វែងរកនូវជម្រើសគម្រោងដែលមានស្តង់ដាល្អបំផុតមួយ ឆ្លើយតបទៅនឹងកញ្ចប់ថវិកា ក៏ដូចជាធានាបាននូវផាសុកភាព និងបរិយាកាសសិក្សាល្អសម្រាប់សិស្ស ដោយក្នុងនោះត្រូវធ្វើការវិភាគឱ្យលម្អិត និងស៊ីជម្រៅពីគុណភាព និងប្រសិទ្ធភាពនៃការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលអាចនឹងកើតឡើងពីអគារឈើ ក៏ដូចជាពិនិត្យមើលតម្រូវការជាក់ស្តែងរបស់នាយក នាយិកា លោកគ្រូអ្នកគ្រូនៅសាលារៀនផ្ទាល់ និងសហគមន៍នោះ ដោយសង្កត់ធ្ងន់ថា ត្រូវតែជាគ្រោងដែលមានគ្រឹះធ្វើពីថ្ម ដើម្បីធានាបានភាពរឹងមាំ និងសុវត្ថិភាពខ្ពស់ និងអាចរុះរើសាងសង់ជាអគារថ្មនាពេលអនាគតបាន។

គួរបញ្ជាក់ដែរថា គម្រោងនៃការសាងសង់សាលារៀនឈើនេះ គឺដើម្បីឆ្លើយតបតម្រូវការបន្ទាន់ ដែលកំពុងខ្វះខាតថ្នាក់រៀននៅតាមតំបន់ជួបការលំបាក ស្របតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានគោលដៅធានាផ្តល់ជូននូវបរិយាកាសសិក្សាប្រកបដោយគុណភាព សមភាព និងបរិយាបន្ន ដើម្បីឈានទៅលុបបំបាត់សាលារោងដោលគ្មានស្តង់ដា និងសាលារៀនចាស់ទ្រុឌទ្រោមឱ្យអស់នាពេលអនាគត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×