Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ៖ អ្នកបំផុសព័ត៌មានក្លែងក្លាយរឿងកាត់ខេត្ត៤ឲ្យវៀតណាម គឺមិនអាចអត់ឱនឲ្យបានទេ

កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលនឹងខិតខំសាងសង់នូវផ្លូវឆ្ពោះទៅកាន់មុំបី ជាប់ព្រំដែនរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម ឲ្យបានឆាប់ៗ និងបង្កើតច្រកព្រំដែននៅតំបន់ នោះផងដែរដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងបី។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅពួកជនអគតិមួយក្តាប់តូចដែលនិយាយថា កម្ពុជានឹងមានការផ្លាស់ប្តូរនូវអធិបតេយ្យតាមរយៈបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះគឺជាការប្រមាថ យ៉ាងធ្ងន់ធ្ងរដោយមិនអាចលើកលែងឲ្យបាននោះឡើយ ហើយចំពោះបុគ្គលដែលបាននិយាយបំភ្លៃការ ពិតនេះសម្តេចក៏បានស្នើរឲ្យតុលាការកាត់ទោសទៅតាមច្បាប់ និងមិនត្រូវដាក់ឈ្មោះពួកគេចូលក្នុងបញ្ជីបន្ធូរបន្ថយទោស និងលើកលែងទោសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន៖ «បុគ្គល ជេម សុខ ដែលរស់នៅក្រៅស្រុកនេះ មានភ័ស្តុតាងណា ដែលហ៊ាននិយាយថាក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV វៀតណាមជាអ្នកផ្តួចផ្តើម? តើបុគ្គលជេម សុខ បានឯកសារ និងភ័ស្តុតាងមកពីណាដែលហ៊ានអះ អាងដោយគ្មានមូលដ្ឋានច្បាស់លាស់យ៉ាងដូច្នេះ?»។
ជុំវិញតំបន់អភិវឌ្ឍន៍ត្រីកោណនេះ លោក ជេម សុខ បានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមតាំងពីឆ្នាំ១៩៩៥ ការនិយាយបែបនេះគឺគ្មានភស្ដុតាង ដោយគ្មានការអៀនខ្មាស។

សម្ដេចតេជោបញ្ជាក់ថា ការផ្ដួចផ្ដើមបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណរវាងកម្ពុជា-ឡាវ-វៀតណាម (CLV) គឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផ្ទាល់ មិនដូចការវិភាគខុសដោយគ្មានមូលដ្ឋានរបស់លោក ជេម សុខ នោះឡើយ។ សម្ដេចតេជោក៏បានបបួលលោក ជេម សុខ ស្បថចំពោះសម្តីដែលបានលើកឡើងថា តំបន់អភិវឌ្ឍន៍ត្រីកោណនេះផ្តួចផ្តើមដោយវៀតណាម។

សម្ដេចថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើអ្នកគ្រាន់បើ អ្នកអាចធ្វើសម្បថ បើអ្នកមិនគ្រាន់បើទេ អ្នកមិនចាំបាច់ធ្វើទេ ជាពិសេសខ្ញុំចង់និយាយទៅដល់ ជេម សុខ តែម្ដង ដែលនៅយប់មិញនេះ ខ្ញុំបានមើលឃើញក្នុង YouTube ថាជាគំនិតផ្ដួចផ្ដើមរបស់វៀតណាមពីឆ្នាំ១៩៩៥ និងមានការប្រជុំគ្នានៅប្រទេសឡាវនាឆ្នាំ១៩៩៥នោះ។ ប្រសិនបើប្អូន ជេម សុខ ហ៊ានធ្វើសម្បថត្រឹមតែឱ្យងាប់ឆ្កែមួយក្បាល ប្អូននឹងត្រូវចាត់ទុកជាអ្នកក្លាហាន ប៉ុន្តែបើប្អូនមិនហ៊ានធ្វើសម្បថទេ ប្អូននឹងចុះចាញ់ដោយខ្លួន​ឯង»។

សម្ដេចតេជោបានស្នើឱ្យលោក ជេម សុខ ស្បថ ថតវីដេអូស្បថហើយ បញ្ជូនតាម YouTube ក៏បាន បញ្ជូណតាមតេឡេក្រាមដែលធ្លាប់ភ្ជាប់ជាមួយគ្នាក៏បាន។ តែយ៉ាងណា សម្តេចតេជោលែងប្រកាន់នឹងលោក ជេម សុខ ហើយ ព្រោះសម្តេចចាត់ទុកជាមនុស្សមានបញ្ហាសរសៃប្រសាទ និងជាមនុស្សកែមិនឡើង។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា លោក ជេម សុខ តាមដានសភាពការណ៍ប្រទេសជាតិមិនទាន់អ្នកបម្រើការក្នុងជួររាជរដ្ឋាភិបាលក្នុងប្រទេសនោះឡើយ មិនបាច់ធ្វើចេះគ្រប់រឿងនោះទេ។

សម្តេចតេជោបានពន្យល់ឱ្យដឹងថា គំនិតផ្ដួចផ្ដើមតំបន់អភិវឌ្ឍន៍ត្រីកោណនេះ គឺសម្ដេចតេជោផ្ទាល់ជាអ្នកផ្ដួចផ្ដើមគំនិត ហើយក្នុងពេលធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្ដេចតេជោក៏បានស្នើភាគីឡាវដើម្បីគាំទ្រគំនិតនេះ ដែលពេលនោះលោក ស៊ីសុវត្ថិ កែវប៊ុនផាញ់(Sisavath Keobounphanh) ដែលបច្ចុប្បន្នបានទទួលមរណភាពទៅហើយនោះ គឺបានគាំទ្រនូវគំនិតនេះ។ បន្ទាប់ពីនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំមួយ ពេលនោះ សម្ដេចតេជោក៏បានស្នើទៅកាន់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាន់ វ៉ាន់ខាយ (Phan Van Khai)។

សម្តេចតេជោថ្លែងទៀតថា គំនិតបង្កើតកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ ដោយសារតែតំបន់នេះទាំងកម្ពុជា ឡាវ និងវៀតណាម ជាតំបន់មានស្ថានភាពក្រីក្រជាងគេ។ សម្ដេចតេជោបន្តថា នៅអំឡុងពេលសតវត្សទី២០ឆ្លងចូលសតវត្សទី២១ តំបន់ភាគឦសានរបស់កម្ពុជា ពិសេសខេត្តមណ្ឌលគិរី និងរតនគិរី នៅខ្ចីផ្លូវរបស់វៀតណាមប្រើប្រាស់នៅឡើយទេ ខណៈផ្លូវភាគច្រើនជាផ្លូវដី ដូច្នេះធ្វើឱ្យអាជីវករមួយចំនួនត្រូវធ្វើដំណើរចេញពីខេត្តទាំងនេះរបស់កម្ពុជាឆ្លងទៅខាងវៀតណាម ហើយបានចូលមកកម្ពុជាវិញតាមខេត្តស្វាយរៀង ឬតាមខេត្តកំពង់ចាម។ ដូច្នេះស្ថានទាំងនេះគឺបានលេចឡើងនូវភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការនៅតំបន់នោះ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើតុលាការដាក់ទោសឱ្យបានធ្ងន់ធ្ងរបំផុត ចំពោះបុគ្គលដែលបានអុជអាល និងបំភ្លៃ​ការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម (CLV) ខណៈបច្ចុប្បន្ននេះ មនុស្ស៣នាក់ហើយដែលបានចាប់ខ្លួនបន្ទាប់ពីនិយាយបំភ្លៃករណីនេះ។

សម្តេចបានសង្កត់ធ្ងន់ថា ការនិយាយអុជអាលបំភ្លៃ​ការពិតទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម គឺជាការប្រមាថដ៏ធ្ងន់ធ្ងរដែលមិនអាចទទួលបានយកបាន និងមិនអាចលើកលែងទោសឱ្យបានទេ។

សម្តេចតេជោ បានគូសបញ្ជាក់ថា «តើមានកិច្ចព្រមព្រៀងមួយណាដែលទាក់ទងនឹងការដោះដូរអធិបតេយ្យភាព ហើយបើសិនជាមានការដោះអធិបតេយ្យភាព តើចាំបាច់ប្រទេសទាំង៣នេះ បោះព្រំដែនជាមួយគ្នាធ្វើអី ការចោទប្រកាន់នេះជាការប្រមាថមិនអាចលើកលែងទោសឱ្យបានទេ ហើយខ្ញុំព្រះករុណា ស្នើដល់តុលាការ ប្រសិនបើកាត់ទោស គួរតែកាត់ទោសដល់អតិបរមា ហើយសុំឱ្យក្រសួងយុត្តិធម៌ និងពន្ធធនាគារសុំកុំដាក់មនុស្សទាំងនេះទៅក្នុងបញ្ជី ដែលមិនត្រូវបានទទួលការបន្ធូបន្ថយទោសឬលើកលែងទោស គឺឱ្យជាប់គុករហូតដល់ឱ្យផុតកំណត់ ព្រោះនេះគឺជាការសន្សំរឿងជាការប្រមាថដ៏ធ្ងន់ធ្ងរ សូម្បីតែម្សិលមិញដែលខ្ញុំព្រះករុណា ខ្ញុំបង្ហោះ ឈ្មោះ ហៃ វណ្ណា នៅឯជប៉ុន បានចូលមកនិយាយពីរឿងកាត់ដី៤ខេត្តឱ្យគេ បានខ្ញុំករុណាខ្ចិលតមាត់ ប្លុកវាក្រវាត់ចោល ប៉ុន្តែអ្នកឯងមិនត្រូវភ័ន្តច្រលំទេ អ្នកឯងក៏មានក្រុមគ្រួសារនៅស្រុកខ្មែរដែរ សូមអ្នកឯងត្រូវចងចាំ ហើយអ្នកនៅស្រុកខ្មែរ សូមកុំប្រហើន បើបានស្តាប់សារនេះហើយ សូមបញ្ឈប់ទៅ»។

សម្តេចបានប្រកាសថា ​ចំពោះមនុស្ស៣នាក់ដែលចាប់ខ្លួន​នោះ គឺអ្នកនៅខេត្តសៀម ដោយម្នាក់ចាប់ខ្លួនកាលពីថ្ងៃមុន និង២ទៀត ចាប់ខ្លួននៅថ្ងៃនេះ ត្រូវបានបញ្ជូនមកភ្នំពេញ​ដើម្បីមកតតាំងគ្នានៅក្នុងតុលាការ។

សម្តេចបានពន្យល់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម គឺមិនបានទាក់ទិនជាមួយនឹងការបញ្ចូល ដែនដីជាមួយគ្នានោះទេ។ ​កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងដែលគិតគូរពីបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខការពារជាតិ ​ហើយភាគីនីមួយៗត្រូវគ្រប់គ្រងដែនដី​និងការអភិវឌ្ឍន៍ក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក ពោលគឺកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចទាំងភាគីកម្ពុជា ឡាវ និងវៀតណាម។

ជាមួយគ្នា សម្តេចតេជោ ក៏ចង់ឱ្យប្រជាពលរដ្ឋ និងនិស្សិត ទៅស្រាវជ្រាវនៅក្រសួងពាណិជ្ជកម្ម ដើម្បីឱ្យយល់ដឹងឱ្យច្បាស់ថា​អ្វីទៅជាកិច្ចព្រមព្រៀង ហើយមានផលប្រយោជន៍អ្វីខ្លះ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ ប៉ុន្តែ បានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច សង្គម និងសន្តិសុខជាតិ។

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការដាក់ខេត្តរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម មិនជាការដាក់ ដើម្បីបង្កើតប្រទេសមួយ ឬដាក់ខេត្តនេះឱ្យទៅជាខេត្តនៃសហព័ន្ធណាមួយដូចដែលបុគ្គលចោទប្រកាន់ប៉ុន្មានថ្ងៃនេះនោះទេ។ សម្ដេចតេជោ បានប្រកាសឱ្យដឹងថា សមត្ថកិច្ចបានចាប់មនុស្ស៣នាក់ ក្រោយធ្វើសកម្មភាពបំភ្លៃការពិត និងមូលបង្កាច់ និងនិយាយអាក្រក់តាមប្រព័ន្ធផ្សព្វផ្សាយ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យនិស្សិតទៅស្រាវជ្រាវអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ នៅក្រសួងកសិកម្ម ដើម្បីបានដឹងច្បាស់អំពីកិច្ចសហប្រតិបត្តិការមួយនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីឱ្យដឹងថាអ្វីខ្លះទៅជាកិច្ចព្រមព្រៀង នៅទីនេះគ្មានកិច្ចព្រមព្រៀងណាដែលទាក់ទិនការបញ្ចូលដែនដី ជាមួយគ្នានោះទេ ក្រៅពីផ្តោតតែលើបញ្ហាសេដ្ឋកិច្ច សង្គម សន្តិសុខ និងការពារជាតិ ដែលភាគីនីមួយៗត្រូវគ្រប់គ្រងដែនដីរបស់ខ្លួន និងការអភិវឌ្ឍក្នុងដែនដីរបស់ខ្លួន ដោយមានការរួមចំណែកតភ្ជាប់ជាមួយគ្នា បំពេញឱ្យគ្នាទៅវិញទៅមក។ មិនមែនតែកម្ពុជាទទួលផលប្រយោជន៍ទេ វៀតណាមក៏ទទួលផលប្រយោជន៍ ឡាវក៏ទទួលផលប្រយោជន៍ ពីសហប្រតិបត្តិការ វៀតណាម គឺជាប្រទេសដែលមានបច្ចេកទេសកែច្នៃកសិផល ក្នុងពេលដែលកម្ពុជា និងឡាវ មានវត្ថុធាត់ដើម ដែលអាចបញ្ជូនទៅកែច្នៃ ដូចជាអីឡូវគ្រាប់ស្វាយចន្ទី កម្ពុជា មិនទាន់មានប្រើប្រាស់អស់លទ្ធភាពនូវការកែច្នៃទេ កៅស៊ូ ក៏ដូចគ្នា ក្នុងស្ថានភាពដែលយើងមានភាពអនុគ្រោះមួយចំនួនសម្រាប់ការកែលម្អ»។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជាទទួលបានការផ្គត់ផ្គង់អគ្គិសនីពីឡាវ ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែធំឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ កិច្ចព្រមព្រៀងនេះកុំតែមានឧបសគ្គមួយចំនួនឡាវនឹងត្រូវលក់អគ្គិសនី ឱ្យកម្ពុជារហូតទៅដល់ជិត ៤,០០០មេហ្គាវ៉ាត់ឯណោះ។ ចំណុចនេះ គឺជាផលប្រយោជន៍ដែលកម្ពុជា ពីកិច្ចព្រមព្រៀង ចំណែកឡាវ ក៏ទទួលបានផលប្រយោជន៍ពីការផ្គត់ផ្គង់អំបិលចេញពីកម្ពុជា ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឡាវ បានទទួលផលប្រយោជន៍ពីកម្ពុជា​តាំងពីទសវត្ស១៩៨០ ដោយសារតែកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ផ្លូវដឹកជញ្ជូន ចេញទៅសមុទ្រ តាមរយៈផ្លូវជាតិលេខ៧ និងដឹកទំនិញទម្លាក់មកខេត្តក្រចេះព្រមទាំងបញ្ជូនបន្តតាមទន្លេមេគង្គ ចំណុចនេះគឺជាការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ដែនអធិបតេយ្យនៃប្រទេសនីមួយៗ គឺមានការបោះ​បង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា នៅមុំបី គឺមានបង្គោលចំនួន៣ ដូច្នេះ សង្ឃឹមថារាជរដ្ឋាភិបាលនឹងបន្តការខិតខំដើម្បីកសាងនូវផ្លូវជាតិលេខ៧៨.៥ ពីទីរួមខេត្តរតនគិរី ទៅកាន់មុំបី ហើយសម្តេចសង្ឃឹមថានឹងបានធ្វើដំណើរទៅកាន់តំបន់មុំ៣ តាមរយៈផ្លូវជាតិនេះផងដែរ។ សម្រាប់ធ្វើជាតិនេះចេញពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ឆ្ពោះមកដល់តំបន់កន្ទុយនាគ ដែលមានប្រវែងជាង ១៦៦គីឡូម៉ែត្រ និងមានទទ្ទឹម៩ម៉ែត្រ រំពឹងថាផ្លូវនេះនឹងសាងសង់ឱ្យរួចរាល់ឆាប់ៗ និងបង្កើតច្រកព្រំដែននៅតំបន់នោះដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងបី។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងតាំងពីបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណនៅឆ្នាំ១៩៩៩មក គម្រោងមួយនេះ បានផ្ដល់ប្រយោជន៍ឱ្យកម្ពុជាជាច្រើន ជាពិសេសធ្លាប់បានជួយសង្គ្រោះអាយុជីវិតស្ត្រីឆ្លងទន្លេ ព្រោះស្ត្រីមានផ្ទៃពោះអាចទៅឆ្លងទន្លេនៅប្រទេសឡាវបាន តាមរយៈហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ងាយស្រួលធ្វើដំណើរ និងទប់បញ្ហាគ្រោះមហន្តរាយឆ្លងដែន ដូចជាបញ្ហាភ្លើងឆេះព្រៃ និងបញ្ហាគ្រោះទឹកជំនន់។

សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា។

តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ មានចំនួន ១៣ខេត្ត ប្រទេសវៀតណាម មានចំនួន ៥ខេត្ត (ខេត្តកុនទុម ហ្កាឡាយ ដាក់ឡាក់ ដាក់ណុង និងប៊ីងភឿក), ប្រទេសឡាវ មានចំនួន៤ខេត្ត (ខេត្តអាតាពើ សាឡាវ៉ាន់ សេកុង និងខេត្តចំប៉ាសាក់) និងកម្ពុជា មានចំនួន៤ខេត្ត (ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង)។

តំបន់អភិឌ្ឍន៍ត្រីកោណនៃប្រទេសទាំង៣ ជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។ តំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រដល់បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហាអនុតំបន់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×