ខេត្តកំពង់ចាម ៖ ក្រុមអ្នកញៀនល្បែង ជល់មាន់ និងអាប៉ោងចំនួន៣នាក់ ត្រូវកម្លាំងជំនាញព្រហ្មទណ្ឌខេត្តឃាត់ខ្លួន ដែលបានលួចលាក់នាំគ្នាមកលេងស្បែង ក្នុងចម្ការស្វាយចន្ទី នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១០ និង៣០នាទីនៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ លោកឧត្តមសេនីទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យកម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោក វរសេនីយ៍ឯក ថាញ់ សុខវ៉ុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេសជ្រៃ ចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងដាក់លុយ) នៅចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិអូរបេង ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជាលទ្ធផលសមត្ថកិច្ច បង្ក្រាបបាននិងចាប់ខ្លួនបានមុខសញ្ញាអ្នកលេងបានចំនួន៣នាក់ ៖ ១-ឈ្មោះ នុត វ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ២-ឈ្មោះ ឈាង ផល្លី ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ ។ ៣-ឈ្មោះ ឃឹម ឆ័ង ភេទប្រុស អាយុ២៩ឆ្នាំ ជាតិខ្មែរ ។ ទាំង២នាក់ មានទីលំនៅភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី៕ បញ្ញាស័ក្តិ