ក្រុងសៀមរាប ៖ កាលពីចន្លោះវេលាម៉ោង៣-ទៅម៉ោង៤និង០០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានករណីប្រទះឃើញ សព ជនរងគ្រោះឈ្មោះ ហ៊ឹម វណ្ណារ៉ូ ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋ និង ដោយមានបទបញ្ជារយ៉ាងម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌ នគរបាលក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯកទេព ចាន់ណា អធិការនគរបាលក្រុងសៀមរាប បានធ្វើការរក្សានិងពិនិត្យកន្លែងកើតហេតុ ហើយបើកការស្រាវជ្រាវ ។
លទ្ធផលពិនិត្យកន្លែងកើតហេតុ និងនៅលើសាកសពជនរងគ្រោះ មានស្នាមចាក់ដោយកាំបិតចំនួន១០ចំណុច ដោយឡែកសម្ភារះទ្រព្យសម្បត្តិរបស់ជនរងគ្រោះមិនមានការបាត់បង់ឡើយ យើងបានសន្និដ្ឋានថាករណីនេះ ជាករណីគំនុំ។
លោក វរសេនីយ៍ត្រី នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលផ្នែកព្រហ្មទណ្ឌ បានអោយដឹងថា បន្ទាប់ពីរូបលោក បានធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ អស់រយះពេល៧ម៉ោង នៅវេលាម៉ោង១៣:០០នាទីថ្ងៃខែដដែល មន្ត្រីនគរបាលយុត្តិធម៍យើង បានធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងនាំខ្លួនយកមកធ្វើការសាកសួរ។
ជនសង្ស័យមានឈ្មោះ សុខ លីនី ភេទស្រី អាយុ ២៦ឆ្នាំ មានទីកន្លែងកំណើត នៅភូមិដើមចន្ទ សង្កាត់ច្បារអំពៅ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវជាភរិយា របស់ជនរងគ្រោះ ។
ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីយប់វេលាម៉ោង២៤:២៥នាទី ឆ្លងចូលថ្ងៃទី១៥ខែសីហា នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងក្រុមទី១១ ភូមិឆ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបជនសង្ស័យបាន យកទូរសព្ទ័ ខលទៅជនរងគ្រោះ ឈ្មោះហុឹម វណ្ណារ៉ូ ដើម្បីអោយមកជួយយកកូន ទៅមន្ទីពេទ្យ ព្រោះកូនឈឺហើយក្អួតចេញមកឈាម តែជនរងគ្រោះបានតបវិញថា ចាំស្អែកទៅ ។
លុះដល់វេលាម៉ោង០១:១៣នាទីជនសង្ស័យបានធ្វើការខលទៅម្តងទៀត ដោយប្រាប់ជនរងគ្រោះថា បងឆាប់មកៗកូនយើងកាន់តែមិនស្រួលមែនទែនហើយ ជនរងគ្រោះក៏បានធ្វើដំណើរចេញពីកន្លែងធ្វើការ ដើម្បីទៅយកជនសង្ស័យនិងកូនទៅមន្ទីពេទ្យ។លុះដល់វេលាម៉ោង១:៣០នាទី ជនសង្ស័យក៏ខលមកជនរងគ្រោះម្តងទៀត សួរថា “បងដល់ណាហើយ?”ជនរងគ្រោះបានឆ្លើយថា ដល់ផ្លូវគ្រួសក្រហម ហើយជនរងគ្រោះបានប្រាប់ជនសង្ស័យថា អោយចេញមកនៅចាំមុខផ្ទះ។ជនសង្ស័យបានចេញមកចាំដោយមិនអោយសមាជិកក្នុងគ្រួសារដឹងឡើយ បន្ទាប់ពីបានជួបគ្នា ហើយ ក៏នាំគ្នាជូនកូនទៅមន្ទីពេទ្យគន្ធបុប្ផា ពេលទៅដល់ ហើយជនសង្ស័យបានអោយទូរសព្ទ័ទៅជនរងគ្រោះ ហើយក៏នាំកូនចូលក្នុងមន្ទីពេទ្យ ។
លុះចេញពីមន្ទីពេទ្យវិញ ជនរងគ្រោះ(ស្រវឹង)និងជនសង្ស័យ បាននាំគ្នាជិះម៉ូតូ នាំកូនមកផ្ទះវិញ ក្នុងអំឡុងពេលជិះម៉ូតូ ត្រឡប់មកផ្ទះវិញ ជនសង្ស័យបានលួងលោម អោយប្តីត្រឡប់មកនៅផ្ទះវិញជុំគ្នាវិញតែជនរងគ្រោះមិនព្រម ។ពេលជិតដល់កន្លែងកើតហេតុ ចន្លោះម៉ោង២-ម៉ោង៣:០០នាទីជនសង្ស័យ បាននិយាយថា “ធ្វើប្តីអាចម៍អី គ្រាន់តែកូនឈឺមិនជួយមើល”រួចហើយជនសង្ស័យបានប្រាប់ជនរងគ្រោះអោយឈប់ម៉ូតូ ដើម្បីចុះដើរពរកូន ពេលនោះជនរងគ្រោះបានបានយកកាំបិតចិតបន្លែរ មករុញបម្រុងចាក់ជនសង្ស័យ បណ្តាលអោយជនសង្ស័យដួល ទៅលើដី រីឯជនរងគ្រោះក៏ដួលដែល ពេលនោះដែរកូនរបស់ពួកគេ បានស្រែកយំខ្លាំង ដោយឃើញជនរងគ្រោះដួលដែរ ជនសង្ស័យបានឆក់យកកាំបិតពីដៃជនរងគ្រោះ បណ្តាលអោយមុត ម្រាមមេដៃឆ្វេង។ ក្រោយបានកាំបិតហើយជនសង្ស័យ ក៏បានចាក់ទៅលើជនរងគ្រោះជាប្តី ត្រង់ចំណុចពោះ ជាច្រើនកាំបិត បន្ទាប់មកជនសង្ស័យ បានប្រឹងក្រោក ដោយភ័យខ្លាចប្តីងើបមកធ្វើបាបខ្លួននិងកូន ជនសង្ស័យក៏បានយកកាំបិត ចាក់ខាងក្រោយខ្នងជនរងគ្រោះ បន្ថែមទៀត ដោយមិនដឹងចំកន្លែងណាខ្លះនោះទេ។បន្ទាប់មកជនសង្ស័យបានពរកូន រត់ចូលក្នុងផ្ទះវិញ ។ លុះដល់វេលាម៉ោង ៥:០០នាទី ជនសង្ស័យ បានយកសម្លៀកបំពាក់ដែលស្លៀកពីយប់នោះទៅបោកគក់សម្អាត ដើម្បីលាក់បាំងកុំអោយគេដឹង ប៉ុន្តែនៅតែមិនអាចលាក់បាំងពីសមត្ថកិច្ចយើងឡើយ។
យោងតាមចម្លើយសារភាព ជនសង្ស័យ និងវត្ថុតាងដែលដកហូតបាន ត្រូវបាននគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ ៖ បញ្ញាស័ក្តិ