ភ្នំពេញ៖នៅក្នុងវេទិកាស្តីពីការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងសហគមន៍មូលដ្ឋានក្នុងការពារ និងអភិរក្សធនធានធម្មជាតិ នៅក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឲ្យដឹងថា ការប្រែប្រួលភាពរិចរិលនៃព្រៃឈើ នាពេលបច្ចុប្បន្ននៅកម្ពុជាមានត្រឹមតែ០,៦% ប៉ុណ្ណោះ។
យោងតាមប្រសាសន៍លោករដ្ឋមន្ត្រី ការវាយតម្លៃនេះធ្វើឡើងដោយការសិក្សាពីផ្កាយរណប ហើយការសិក្សាបែបវិទ្យាសាស្ត្រនេះ បញ្ជាក់ថាអត្រាភាពរិករិលនៃព្រៃឈើបានមានការថយចុះរយៈពេលជាង១០ឆ្នាំ(២០០៦-២០១៦)ហើយគិតជាមធ្យមមានការថយចុះនាពេលបច្ចុប្បន្នប្រមាណ០,៦% នៃផ្ទៃដីប្រទេស។
លោករដ្ឋមន្ត្រីបានលើកឡើងថា នេះជាមោទនភាពនៃក្រសួងបរិស្ថាន និងមានការខិតខំរួមគ្នានៃគ្រប់ភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា តាមព្យាករណ៍នៅក្នុងរយៈពេល២ឆ្នាំខាងមុខទៀត អត្រាភាពរិចរិលធនធានព្រៃឈើ នឹងបន្តធ្លាក់ចុះជាបន្តទៀតដោយសារប្រសិទ្ឋភាពនៃការអនុវត្តកំណែទម្រង់លើការគ្រប់គ្រង និងអភិរក្សតំបន់ការបារធម្មចាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមពីសហគមន៍មូលដ្ឋានពីកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ។
ជាមួយគ្នានេះដែរ ការគ្រប់គ្រងធនធានធម្មជាតិបានកំពុងដំណើការប្រែប្រួលគួរឱ្យគាត់សំគាល់។ ក្រសួងបរិស្ថានបានខិតខំបំពេញភារកិច្ចបង្កើតតំបន់ការពារធម្មជាតិថ្មីចំនួន ២៤ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ៣កន្លែង។ ដូចនេះប្រព័ន្ឋតំបន់ការពារធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន៖ តំបន់ការពារធម្មជាតិសរុបមាន៥១កន្លែង និងរបៀងជីវៈចម្រុះប្រព័ន្ធការបារធម្មជាតិ៣កន្លែង ដែលគ្រប់ដណ្តប់លើផ្ទៃដីប្រមាណ៧,៥លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងដែរថា ក្រសួងបរិស្ថានបាននិងកំពុងសិក្សាអំពីសក្តានុពលជីវៈចម្រុះ និងធនធានធម្មជាតិ ដើម្បីបង្កើតតំបន់ការពារធម្មចាតិថ្មីៗបន្ថែមទៀតដូចជាសរសរស្តម្ភសត្វតោ(ខេត្តក្រចេះ) ភ្នំនាងកង្រី-ភ្នំទូកមាស(ខេត្តកំពង់ឆ្នាំង) ព្រៃសហគមន៍សង្ឃរុក្ខវ័ន(ខេត្តឧត្តរមានជ័យ) ភ្នំប្រាំពីរ(ខេត្តបាត់ដំបង) កោះកេរ្តិ៍(ខេត្តព្រះវិហារ) និងសំបូរព្រៃគុក(ខេត្តកំពង់ធំ) ព្រមទាំងបាននិងកំពុងរៀបចំបែបបទដាក់បញ្ចូលតំបន់ស្នូលតំបន់ស្នូលស្ទឹងសែន និងតំបន់ជុំវិញទៅជាតំបន់ជុំវិញទៅជាតំបន់រ៉ាមសារ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថាវេទិកានេះ រៀបចំឡើងជាវប្បធម៌សន្ទនាសម្រាប់អ្នកចូលរួមបានចែករំលែកជាមតិ យោបល់ ដើម្បីជំរុញឲ្យបង្កើតជាផែនការសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន។ ជាមួយគ្នានេះដែរ ជាឱកាសដែលគ្រប់ភាគីពាក់ព័ន្ឋបានចូលរួមដោះស្រាយសំណូមពរបញ្ហាប្រឈមនានា ដើម្បីការការពារ និងអភិរក្សធនធានធម្មជាតិឱ្យមានប្រសិទ្ឋភាពបន្ថែមទៀត។ ក្រសួងបរិស្ថានបានបំពេញភារកិច្ចរបស់ខ្លួន ពាក់ព័ន្ធនឹងការការពារ និងអភិរក្សធម្មជាតិ ដោយទទួលទ្ធផលចម្បងៗជាច្រើន រួមមានកំណែទម្រង់ស្ថាប័ន គោលនយោបាយ និងច្បាប់ ការបង្កើនប្រសិទ្ឋភាពគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច និងធនធានធម្មជាតិ។ ចំណុចមួយទៀតផ្តោតលើការអនុវត្តស្មារតីវេទិកាថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ និងសារាចរណែនាំលេខ០៥សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ដោយប្រគល់សមត្ថកិច្ច និងការទទួលខុសត្រូវទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្នុងការដឹកនាំ និងសម្របសម្រួលការងារគ្រប់គ្រងថែរក្ស និងការពារធនធានធម្មជាតិ ជាពិសេសការចាត់វិធានការឱ្យបានហ្មត់ចត់ក្នុងការទប់ស្កាត់ការបង្ក្រាប និងការុបបំបាត់បទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ព្រមទាំងការរុករានដីនៅតំបន់ការពារធម្មជាតិ។ ដើម្បីជំរុញការអនុវត្តសារាចរណែនាំលេខ០៥ ក្រសួងបរិស្ថានបានផ្ទេរភារកិច្ចការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិគ្រប់ប្រភេទទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានមន្ទីរបរិស្ថាន ជាសេនាធិការឱ្យគណៈបញ្ជាការឯកភាពរាជធានី ខេត្ត។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បានចុះពិនិត្យ និងតាមដាន និងជួបប្រជុំជាមួយគណៈបញ្ជាការឯកភាពខេត្តនានា ដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងតំបន់ការពារធម្មជាតិទូទាំងប្រទេស៕ ដោយ៖កូឡាប