Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបូកស្រង់ពិន្ទុ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ត្រូវបានបញ្ចប់រួចរាល់

ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាការរៀបចំការប្រឡងប្រជែង និងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យការផ្ទៀងផ្ទាត់ ដើម្បីសម្រេចលើលទ្ធផលជាប់ជាស្ថាពរ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) ដើម្បីជ្រើសសម្រាំងបេក្ខជន។

តាមរយៈសំណេររបស់ឯកឧត្តម ហ៊ុន ម៉ានី នៅលើបណ្តាញសង្គមនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ , ជូនចំពោះគណៈកម្មការ អនុគណៈកម្មការ ស្ថាប័ន អង្គភាព និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ និងថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាលាភូមិន្ទរដ្ឋបាល។

ការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា រយៈពេល៤ថ្ងៃ ៨វេន ៣មណ្ឌល ដោយមានបេក្ខជនជិត៤ម៉ឺននាក់ បានបញ្ចប់ដោយជោគជ័យគួរជាទីមោទនៈ មានវិន័យ មានសណ្តាប់ធ្នាប់ល្អ និងមានរបៀបរៀបរយ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ ដំណើរការប្រឡងប្រជែង ទទួលបានជោគជ័យ ដោយសារ មានក្រុមការងារអនុវត្តប្រកបដោយសមត្ថភាព មានឆន្ទៈ មានការលះបង់ មានការចូលរួម មានទស្សនៈវិស័យ និងមានគោលដៅរួមគ្នា។ ទាំងនេះជាផ្នែកមួយឆ្ពោះទៅកាន់ភាពជោគជ័យនៃកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ចាប់តាំងពីថ្ងៃប្រកាសដាក់ពាក្យ ដំណាក់ការប្រឡងប្រជែង ដំណាក់កាលកែសន្លឹកកិច្ចការ រហូតមកដល់ពេលនេះដែលជាដំណាក់កាលប្រកាសលទ្ធផល ក្រុមការងារគ្រប់អង្គភាព គ្រប់ផ្នែក គ្រប់ៗរូបសុទ្ធតែបានបង្ហាញសក្តានុពលនៃភាពជាមន្ត្រីរាជការដែលមានគុណភាពរបស់កម្ពុជាតាមរយៈ ការអនុវត្តការងារប្រកបដោយភាពល្អិតល្អន់ ការផ្ចិតផ្ចង់ ការយកចិត្តទុកដាក់ ក៏ដូចជាការគិតគូរសម្របសម្រួលលើគ្រប់ទិដ្ឋភាពទាំងអស់ ធ្វើយ៉ាងណាធានាដល់ភាពត្រឹមត្រូវ និងដំណើរប្រព្រឹត្តទៅដោយរលូន មានព័ត៌មានគ្រប់គ្រាន់ និងមានយន្តការឆ្លើយតបទាន់សភាពការណ៍។ អ្វីដែលជាការកត់សម្គាល់នោះគឺ ការប្រឡងនាពេលនេះ មានភាពខុសប្លែកពីពេលនានាដែលយើងធ្លាប់បានអនុវត្តកន្លងមក ខណៈចំនួនបេក្ខជនចូលរួមប្រឡងប្រជែងមានចំនួនច្រើនជាងមុន កាលបរិច្ឆេទប្រឡងច្រើនថ្ងៃ ច្រើនវេន ច្រើនមណ្ឌលប្រឡង ព្រមទាំងកត្តាអាកាសធាតុនានា រួមជាមួយការប្រឈមចំពោះមុខផ្សេងៗទៀត។ ទោះបីជាយ៉ាងនេះក្តី ក្រុមការងារទាំងអស់មិនបានបង្អង់ដៃលើការងារនោះឡើយ។ ផ្ទុយទៅវិញក្រុមការងារទាំងអស់មានតែការបន្ថែមកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធ្វើយ៉ាងណាសម្រេចការការងារ ស្របតួនាទី ភារកិច្ច និងទំនួលខុសត្រូវ ប្រកបដោយភាពឆ្លាតវៃ ហ្មត់ចត់ រហ័សរហួន បត់បែន និងនវានុវត្តន៍។

ឯកឧត្តមបានថ្លែងបន្តទៀតថា ខ្ញុំបានចូលរួមគ្រប់ដំណើរការ និងជារៀងរាល់ថ្ងៃ។ រយៈ៤ថ្ងៃកន្លងមក ក្រុមការងារមិនបានរកឃើញការប្រឈមណាមួយដែលបង្កភាពស្មុគស្មាញខ្លាំងនោះទេ ព្រោះគ្រប់ជំហានការងារទាំងអស់ត្រូវបានគិតគូរយ៉ាងហ្មត់ចត់រួចជាស្រេចទៅហើយ។ បេក្ខជនដែលចូលរួមប្រឡងប្រជែងមានភារកិច្ចចម្បងតែមួយគត់ គឺការប្រើប្រាស់សមត្ថភាពប្រឡងប្រជែងជាមួយបេក្ខជនដទៃទៀត លើវិញ្ញាសាដែលតាក់តែងថ្មីៗ ជារៀងរាល់ថ្ងៃ ថ្មីៗរាល់វេនប្រឡង ដែលអនុលោមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល និងស្របតាមជំនាញឯកទេសនីមួយៗដែលត្រូវជ្រើសរើស។ ទន្ទឹមនេះ ក្រុមការងារក៏មិនបានប្រទះឃើញសំណៅឯកសារ ឬភាពមិនប្រក្រតីណាមួយដែល ជាបញ្ហាចោទចំពោះបេក្ខជននោះទេ។ លើសពីនេះទៅទៀតនោះ ខ្ញុំបានកត់សម្គាល់ និងសង្កេតឃើញថា ក្រុមការងារទាំងអស់បានអនុវត្តការងារប្រកបដោយឆន្ទៈខ្ពស់ និងស្មារតីគាំទ្រ ជ្រោមជ្រែងបេក្ខជន និងសម្របសម្រួលបេក្ខជន បានល្អប្រសើរបន្ថែមលើសពីតួនាទីរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ក្នុងន័យនេះ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់គណៈកម្មការ អនុគណៈកម្មការរៀបចំ ក្រុមការងារនៃក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ បណ្តាសាកលវិទ្យានានាដែលបានចាត់តំណាងចូលរួម យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរពេទ្យដែលបានរៀបចំរថយន្តគិលានសង្គ្រោះតាមមណ្ឌលនីមួយៗ កងកម្លាំងអន្តរាគមន៍គ្រប់ប្រភេទ អ្នកសង្កេតការណ៍ ប្អូនៗគរុនិស្សិត និងក្រុមការងារមកពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមធ្វើឱ្យដំណើរប្រឡងប្រជែងនេះទទួលបានលទ្ធផលជាវិជ្ជមានដូចការគ្រោងទុក។ ការចូលរួមជាវិជ្ជមានលើការងារកែទម្រង់ទាំងអស់នេះ ជាបច្ច័យនៃក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលបានឱកាសស្មើៗគ្នាដើម្បីចូលរួមប្រកួតប្រជែងគ្នាក្លាយជាមន្ត្រីរាជការស៊ីវិល
ព្រមទាំងជាចលករដ៏មានឥទ្ធិពលដែលជំរុញដល់ការផ្លាស់ប្តូរផ្នត់គំនិតជាវិជ្ជមានមកលើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ។ យើងបាន និងកំពុងឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ហើយយើងនឹងបន្តកិច្ចការងារបន្ថែមទៀតប្រកបដោយថាមពល និងភាពមោះមុត ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកេរតំណែលដ៏ប្រពៃសម្រាប់អ្នកជំនាន់ក្រោយៗ៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

spot_img
×