ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុអោយដឹងថា សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តនេះ ដោយមានការសម្របសម្រួលពី លោក លឹម ប៊ុន ហេង ព្រះរាជ្ញរងអមសាលាដំបូងខេត្តព្រះសីហនុ បានចុះបង្ក្រាបទីតាំង ចែកចាយប្រេីប្រាស់ថ្នាំញៀន ទ្រង់ទ្រាយធំមួយកន្លែង ក្នុងរង្គសាលស្កាយឡាញ(ក្លឹប ឬបាឌីស្កូ) ចាប់ពីម៉ោង ១ និង៤៥នាទីយប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ រហូតដល់ម៉ោង៥ភ្លឺថ្ងៃដដែល។
ជាលទ្ធផល សមត្ថកិច្ច បានឃាត់ខ្លូនជនសង្ស័យចំនួន ៥៣នាក់ ស្រី៧នាក់។ ក្នុងនោះមានជនជាតិចិន១០នាក់ ជនជាតិឥណ្ឌូនេស៊ី ១៧នាក់ ជនជាតិកូរ៉េ ២នាក់ ដែលភាគច្រើន គឺជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូហ្គោដិនស៊ី និងកាសុីណូ តុងហ្វាងមិនជូ។
យុទ្ធនាការនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនពលរដ្ឋខ្មែរ ចំនួន២៤នាក់។
សកម្មភាពដដែលនេះ សមត្ថកិច្ចក៏បានចាប់យកបានថ្នាំញៀន ខេតាមីន និង អិចស្តាស៊ី ចំនួន២៦កញ្ចប់ ដបថ្នាំញៀនសំរាប់លាយជាមួយទឹក៤ដប។ ក្រោយពេលពេលធ្វេីតេស្ដអ្នកទាំងអស់នោះ មានផ្ទុកសារធាតុថ្នាំញៀន។
លោកស្នងការឲ្យដឹងថា ពេលឆ្មក់ចូលឆែកឆេរ ជនសង្សយ័ទាំងនោះកំពុងប្រេីប្រាស់ជាក់ស្តែងតែម្តង។ បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងសាកសួរ ដើម្បីឈានទៅបន្តនិតិវិធីតាមផ្លូវច្បាប់៕ ដោយ៖ ដែន សីមា