នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសម ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងសន្តិសុខសាធារណៈចិន និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន និងសហការី ដែលបានអញ្ជើញចូលជួបសម្តែងការគួរសម និងមានក្តីសោមនស្សដែលបានទទួលជួបឯកឧត្តម និងក៏សូមចូលរួមអបអរសាទរ ឯកឧត្តម ដែលត្រូវមកបំពេញបេសកកម្មការងារនៅកម្ពុជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ ប្រចាំនៅកម្ពុជានាពេលនេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិសនិ្តបណ្ឌិត បានមានប្រសាសន៍ថា កម្ពុជានិង ចិន មានទំនាក់ទំនងការទូតជិតស្និទ្ធជាមួយគ្នាប្រមាណជាង ៦ទសវត្សរ៍ ហើយដោយមានការឯកភាពគ្នារវាង សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន នៅក្នុងឱកាសចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង កាលពីខែតុលា ឆ្នាំ២០២៣ ក្នុងការកំណត់យកឆ្នាំ២០២៤ នេះ ជាឆ្នាំ នៃ «ការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន» គឺជាការបន្តបើកច្រកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន ក៏ដូចជារវាងប្រជាជន និងប្រជាជន ទាំងពីរ ឱ្យកាន់តែមានភាពស្អិតរមួតបន្ថែមទៀត។
ឯកឧត្តមអភិសនិ្តបណ្ឌិត បានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈចិនដែលបានអញ្ចើញឯកឧត្តម និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដើម្បីចូលរួមកម្មវិធីវេទិកាសន្តិសុខសាធារណៈសកល ព្រមទាំងដើម្បីបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជា-ចិន ខាងមុខនេះ ដើម្បីទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗពីភាគីចិន។
ជាការឆ្លើយតប ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណចំពោះ
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្ដែងការគួរសម និងសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត លើទំនាក់ទំនងត្បូងពេជ្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-ចិន ។
ឯកឧត្ដម Wang Wenbin និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងពិភាក្សាគ្នាពីការងារអន្តោប្រវេសន៍ ការបង្ក្រាបបទល្មើសផ្សេងៗ ការប្រយុទ្ធប្រឆាំងល្បែងពាណិជ្ជកម្ម រួមមានការជួញដូរ/រត់ពន្ធមនុស្ស និងគ្រឿងញៀន និងប្តេជ្ញាពង្រឹងការងារឱ្យកាន់តែល្អប្រសើរថែមទៀត។
ឯកឧត្ដមអភិសន្តិបណ្ឌិត សង្ឃឹមថាភាគីចិន នឹងបន្តផ្តល់ជំនួយនានា រួមមានមានជំនួយគាំទ្រផ្នែកសម្ភារៈ និងបច្ចេកទេស បម្រើដល់វិស័យសន្តិសុខនិងការបណ្តុះបណ្តាលផ្សេងៗដល់ក្រសួងមហាផ្ទៃ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី












