ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារលិខិតជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលធ្វើឡើងក្រោមប្រធានបទ សេរីភាព និងជំរុញការអភិវឌ្ឍ។
នៅក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន៣ទំព័រ ចុះថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៧នេះសម្តេចតេជោ ហ៊ុន សែន បានអបអរសាទរ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្លឹបកាសែតកម្ពុជា ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ និងរៀបចំយន្តការសម្រាប់ អនុវត្តក្នុងគៅលបំណងលើកស្ទួយសិទ្ធិ សេរីភាពខាងសារព័ត៌មាន ពង្រឹងគុណភាព និងការទទួលខុសត្រូវផ្នែក ជីវៈសារព័ត៌មាន ដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ កសាងសុខសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយចីរភាព។
តាមសារលិខិតរបស់នាយករដ្ឋមន្ត្រី សម្រាប់ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅឆ្នាំ២០១៧នេះ ក្រោមប្រធានបទ សេរីភាព និងជំរុញការអភិវឌ្ឍ គឺពិតជាមានសារសំខាន់ស្របតាមស្ថានភាពជាក់ស្តែង និងតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងនិងលើកស្ទួយសេរីភាពខាងសារព័ត៌មានក្នុងក្របខ័ណ្ឌច្បាប់ដែលធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីរបបសារព័ត៌មាន និងជំរុញការចូលរួមរបស់សារព័ត៌មាន ក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាពនោះគឺជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគោរព លើកកម្ពស់យ៉ាងហ្មត់ចត់ នូវសេរីភាពសារព័ត៌មាន និងការកសាងព័ត៌មានប្រកបដោយវិជ្ជាជីវៈដើម្បីសម្រេចបាននូវការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា និងការកសាងប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។
ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើន ហើយរាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកសារព័ត៌មាន គឺជាដៃគូអភិវឌ្ឍមិនអាចខ្វះបាន និងបានយកចិត្តទុកដាក់លើកស្ទួយវិស័យសារព័ត៌មាន ឲ្យមានការរីកចម្រើន។ ការបើកទូលាយសេរីភាពសារព័ត៌មាន នៅកម្ពុជា បានធ្វើឲ្យវិស័យនេះមានការរីកចម្រើនយ៉ាងឆាប់រហ័សដែលរហូតមកដល់បច្ចុប្បន្ន មានអង្គភាពសារព័ត៌មាន បរទេសដែលកំពុងធ្វើការផ្សព្វផ្សាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានចំនួន៥៣០អង្គភាព ក្នុងនោះកាសែតផ្សាយជាភាសាខ្មែរមានចំនួន១៣៩អង្គភាពកាសែតផ្សាយជាភាសាបរទេសមានចំនួន៤៣អង្គភាព ទស្សនាវដ្តីមានចំនួន៣០៦អង្គភាព ព្រឹត្តិបត្រព័ត៌មានមានចំនួន៤២អង្គភាព។ ចំណែកវិទ្យុមានចំនួន២១១ស្ថានីយ៍ក្នុងនោះវិទ្យុបរទេសមានចំនួន១០ស្ថានីយ៍ ទូរទស្សន៍ផ្សាយផ្ទាល់មានចំនួន២១ស្ថានីយ៍ និងទូរទស្សន៍ផ្សាយបន្តចំនួន១១២ស្ថានីយ៍ ទូរទស្សន៍ផ្កាយរណបមានចំនួន១ស្ថានីយ៍ ទូរទស្សន៍ឌីជីថលមានចំនួន៥ស្ថានីយ៍ ទូរទស្សន៍អនឡាញមានចំនួន៥៨អង្គភាព និងការិយាល័យតំណាងទីភា្នក់ងារសារព័ត៌មានបរទេស ការិយាល័យតំណាងវិទ្យុទូរទស្សន៍បរទេសប្រចាំការអចិន្ត្រៃយ៍មានចំនួន២១អង្គភាព។ សមិទ្ធផលការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយតាមបែបបុរាណនិងតាមបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន បានឆ្លុះបញ្ចាំងអំពីការរីកចម្រើន ការបើកទូលាយនូវសេរីភាពសារព័ត៌មាន និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា លើវិស័យសារព័ត៌មាន ដែលបានប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានសេរីភាសារព័ត៌មានល្អជាងប្រទេសជាច្រើននៅតំបន់អាស៊ាន ។
គួររំលឹកដែរថា៖វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំដោយក្លិបអ្នកកាសែតកម្ពុជាកន្លងមកនោះគឺជាគំនិតផ្ដួចផ្ដើមរបស់សពលោក ប៉ែន សមិទ្ធិអតីតប្រធានក្លឹកអ្នកាសែតកម្ពុជានិងជាអតីតនិពន្ធនាយកកាសែតរស្មីកម្ពុជាល្បីឈ្មោះពីអំឡុងឆ្នាំ១៩៩៣រហូតដល់ឆ្នាំ២០១៣តែក្រោយមកដោយសារតែសារព័ត៍មានអនឡាញរីកដុះដាលច្រើនលឿនទៅកាសែតសរសេរបានថយបន្តិច។ លោក ប៉ែន សមិទ្ធិ បានលាចាកលោកទៅហើយមិនបានឃើញសកម្មកភាពការងារដ៏ល្អរបស់ក្លឹបអ្នកកាសែតកម្ពុជាបន្តនិរន្តរភាពរហូតបានទទួលសារលិខិតអបអរសាទរនិងគាំទ្រពីមេដឹកនាំកំពូលរបស់ជាតិសម្ដេចតេជោ ហ៊ុន សែន នាពេលនេះទេ៕ ដោយ៖កូឡាប