Wednesday, September 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន បានដឹកនាំកិច្ចប្រជុំលើកទី៦ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៦ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព និងកំណត់នូវប្រធានបទអប់រំសុខភាពចម្បងសម្រាប់ឆ្នាំ២០២៥ ខាងមុខ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដោយមានការអញ្ជើញចូលរួមពីក្រុមការងារជាមន្ត្រីបង្គោលមកពីនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងកម្មវិធីជាតិ ព្រមទាំងដៃគូរអភិវឌ្ឍវិស័យសុខាភិបាល ដែលជាសមាជិកក្រុមការងារបង្គោលសរុបចំនួន ២១នាក់។

ក្រោយការពិភាក្សាគ្នាយ៉ាងផុសផុល អង្គប្រជុំសម្រេចបាននូវលទ្ធផលសំខាន់ៗដូចខាងក្រោម៖
១. ត្រូវរៀបចំរបាយការណ៍វឌ្ឍភាព ៦ ខែដើមឆ្នាំការងារអប់រំ និងលើកកម្ពស់សុខភាព ឱ្យបានរួចរាល់ឆាប់បំផុតដែលអាចធ្វើទៅបាន​
២. ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលផ្នែកពាក់ព័ន្ធ​ ក្នុងការចាក់ផ្សាយសារអប់រំសុខភាពតាមរយៈការហៅទូរស័ព្ទ (Call Tune) រួមទាំងបន្តពង្រីកវិសាលភាពសកម្មភាពនេះ​ តាមរយៈការបន្តចាក់ផ្សាយសារអប់រំថ្មីៗជាបន្តបន្ទាប់
៣. ត្រូវរៀបចំនូវគំរូសារអប់រំសុខភាព តិចអំបិល តិចខ្លាញ់ តិចស្ករ សម្រាប់ដាក់តាំងលើតុពិសារអាហារតាមភោជនីយដ្ឋាន និងអាហារដ្ឋាន យោងតាមមតិរួមដែលបានផ្តល់យោបល់ក្នុងអង្គប្រជុំ ដើម្បីការពិភាក្សាសម្រេចនៅកិច្ចប្រជុំលើកទី៧​ ក្នុងដើមខែបន្ទាប់នេះ
៤. ត្រូវបន្តការអប់រំអំពីគ្រឿងស្រវឹងដោយប្រើប្រាស់សារដែលមានស្រាប់ហើយ​ និងការរៀបចំសារអប់រំគន្លឹះសម្រាប់ឆ្នាំ២០២៥ ដោយកំណត់យកប្រធានបទគ្រឿងស្រវឹង នឹងគ្រោះថ្នាក់ចរាចរណ៍ជាប្រធានបទចម្បង​
៥. ត្រូវបន្តការអប់រំអំពីគ្រឿងញៀន និងការរៀបចំធ្វើបទបង្ហាញលើប្រធានបទនេះដោយមានកំណត់នូវគោលដៅនៃសារអប់រំជាក់លាក់ រួមទាំងការព្រៀងនូវសារអប់រំសម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំលេីកទី៧​ នៃខែបន្ទាប់ខាងមុខ​
៦.​ សមាជិក-សមាជិកានៃក្រុមដែលជាមន្ត្រីបង្គោលចាត់តាំងពីនាយកដ្ឋាន​ និងកម្មវិធីជាតិនីមួយៗ​ ត្រូវខិតខំចូលរួមប្រជុំតាមការអញ្ជើញ​ ឱ្យបានគ្រប់គ្នា​ ព្រោះមានបុគ្គលខ្លះមិនបានចូលរួមទាល់តែសោះតាំងពីដើមអាណត្តិនៃរាជរដ្ឋាភិបាលថ្មី​ និងបានស្នើឱ្យលោកស្រីប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព​ ធ្វើការសាកសួរជាមួយប្រធាននាយកដ្ឋាន​ និងកម្មវិធីជាតិទាំងនោះ​ ដេីម្បីជំរុញការចូលរួមបន្ថែមទៀត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×