ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានអញ្ជើញដឹកនាំក្រុមប្រឹក្សាភិបាល គណៈប្រតិបត្តិ និងទីប្រឹក្សាជាន់ខ្ពស់របស់សមាគមសិល្បករខ្មែរ ចូលជួបសំណេះសំណាលសម្ដែងការគួរសមជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានសមាគមកាយឫទ្ធិកម្ពុជា និងទទួលអនុសាសន៍ណែនាំ។
ជាកិច្ចចាប់ផ្ដើម លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគោរពថ្លែងអំណរគុណជូនចំពោះលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីជួបសំណេះសំណាលនេះ។ បន្ទាប់មក លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានជម្រាបជូនលោកជំទាវបណ្ឌិតស្ត្រីទី១នៃកម្ពុជា អំពីប្រវត្តិរបស់សមាគម ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ រួមទាំងសមិទ្ធផលការងារថ្មីៗ ដែលសម្រេចបាននៅក្នុងអាណត្តិទី៦ ក្រោមការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ារយៈពេលជាង៣ខែមកនេះ។
ការងារទាំងនោះរួមមាន៖ ការរៀបចំសមាសភាពក្រុមប្រឹក្សាភិបាល, គណៈប្រតិបត្តិ និងក្រុមការងារសមាគម,ការកែសម្រួលលក្ខន្តិកៈសមាគម, ការប្រមូលកៀរគរធនធានមនុស្សមកពីអន្តរវិស័យ និងធនធានថវិកា ដើម្បីគាំទ្រដល់សកម្មភាពរបស់សមាគម ជាដើម។ ដោយឡែកចំពោះសកម្មភាពវិញ សមាគមបានរៀបចំ និងចូលរួមរៀបចំព្រឹត្តិការសង្គមវប្បធម៌ជាច្រើនរួចមកហើយ ហើយថ្មីៗនេះក៏បានដឹកនាំសិល្បករ-សិល្បការិនី ប្រមាណ២០០នាក់ ចូលរួមអបអរសាទរមហាព្រឹត្តិការណ៍បើកការដ្ឋានសាងសង់ “ព្រែកជីកហ្វូណតេជោ” ផងដែរ រួមទាំងសកម្មភាពសប្បុរសធម៌ជួយសម្រួលដល់ជីវភាពសិល្បករចាស់ជរា និងបាត់បង់សមត្ថភាពក្នុងការសម្តែង ត្រូវបានអនុវត្តជាបន្តបន្ទាប់។
ក្រៅអំពីនេះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគម ក៏បានជម្រាបជូនពីផែនការសកម្មភាពនានាជាបន្តបន្ទាប់របស់សមាគមក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ផ្សារភ្ជាប់នឹងវិស័យទេសចរណ៍ផងដែរ។
ក្នុងនាមថ្នាក់ដឹកនាំ និងសមាជិកសមាជិកា សមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាបានបង្ហាញឆន្ទៈប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយជំរុញលើកស្ទួយ អភិរក្ស និងអភិវឌ្ឍវិស័យសិល្បៈវប្បធម៌ខ្មែរដ៏ល្អផូរផង់ ឱ្យកាន់តែមានកិត្យានុភាពបន្ថែមទៀតទាំងលើឆាកជាតិ និងអន្តរជាតិ ក្រោមម្លប់ដ៏ត្រជាក់នៃ អង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាពេល
បច្ចុប្បន្ន។
ក្នុងនោះលោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ ក៏បានស្នើឱ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរ ជាមួយនឹងសមាគមកាយឫទ្ធិកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ដើម្បីធ្វើកិច្ចការងារសង្គមរួមគ្នាផងដែរ។
ជាការឆ្លើយតប លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១កម្ពុជាបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសិល្បករខ្មែរក្រោមកដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធានក្នុងរយៈពេលកន្លងមកនេះ ដែលបានធ្វើកិច្ចការងារជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈវប្បធម៌ ក៏ដូចជាកិច្ចការងារចូលរួមចំណែកជួយដល់សង្គមជាតិ។ លោកជំទាវបណ្ឌិតក៏សូមកោតសរសើរនូវការផ្ដួចផ្ដើមបង្កើតសមាគមសិល្បករនេះឡើង នាអាណត្តិជាបន្តបន្ទាប់កន្លងមកផងដែរ ព្រោះការងារបង្កើតសមាគម ឬអង្គការជារឿងងាយស្រួល តែការថែរក្សា និងការគ្រប់គ្រងឱ្យមានសកម្មភាពជារឿងលំបាក។
ទោះបីជាយ៉ាងណា លោកជំទាវបណ្ឌិត ក៏បានផ្ដល់អនុសាសន៍ណែនាំជាច្រើនដល់ជាអាទិ៍៖
ទី១.លោកជំទាវបណ្ឌិតបានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើយ៉ាងណាពង្រីកវិសាលភាពបន្ថែមទៀត តាមរយៈការប្រមូលសិល្បករ លមិនទាន់បានចុះឈ្មោះជាសមាជិក ឱ្យក្លាយជាសមាជិក ដើម្បីងាយស្រួលបានដឹងពីសុខទុក្ខ និងធ្វើការជាមួយគ្នាបានល្អ ជាពិសេសអាចជួយគ្នាទៅវិញទៅមកបាន។
ទី២.បន្តចូលរួមលើកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិ ជាពិសេសការថែរក្សា និងអភរិក្សចំពោះទម្រង់សិល្បៈវប្បធម៌ ដែលកំពុងមានការប្រឈម តាមអនុសាសន៍ណែនាំរបស់សម្ដេចធិបតីនាពេលកន្លងមក ដោយខិតខំអភិរក្សធនធានទាំងនោះឡើងវិញ។
ទី៣.លោកជំទាវក៏បានស្នើសុំឱ្យសមាគមធ្វើយ៉ាងណា គិតគួរដល់អ្នកជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ព្រោះថាសិល្បករ-សិល្បការិនី ជំនាន់មុនមានវ័យកាន់តែចាស់ទៅហើយ។ ក្នុងនោះមានទម្រង់សិល្បៈមួយចំនួនកាន់តែខ្សត់អ្នកចង់រៀនសូត្របន្តវេន។ ដូច្នេះអាចគិតគួរធ្វើយ៉ាងណាឱ្យកូនៗរបស់អ្នកសិល្បករ សិល្បការិនី ដែលចង់បន្តវេនពីឪពុកម្ដាយរបស់ពួកគាត់។
ទី៤. លោកជំទាវបណ្ឌិតបានស្នើដល់សិល្បករ-សិល្បការិនីទាំងអស់ ធ្វើជាទូតសុឆន្ទៈក្នុងការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ និងទេសចរណ៍របស់ជាតិតាមរយៈការស្លៀកពាក់ ដោយផ្សារភ្ជាប់ជាមួយតំបន់ទេសចរណ៍ជាដើម។
ទី៥.លោកជំទាវបានស្នើដល់អ្នកសិល្បៈមានការប្រុងប្រយ័ត្ន គួរចៀសវាងការបង្កើតមាតិការណាមិនពិតទៅជារឿងបំពុលសង្គម ប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម ជាពិសេសរឿងជំនឿសាសនា។ ពោលគឺត្រូវធ្វើជាគំរូសម្រាប់អ្នកគាំទ្រ ក្នុងការផ្សព្វផ្សាយពីសីលធម៌ គុណធម៌ សច្ចធម៌ជាដើម។
ទី៦.លោកជំទាវបណ្ឌិតជំទាវបានលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ធ្វើការផ្សារភ្ជាប់ជាមួយវិស័យឯកជន ជាពិសេសវិស័យសិល្បៈបុរាណ ដែលអាចជួយលើកតម្កើង និងជួយដល់ជីវភាពសិល្បករផងដែរ។
ជាចុងបញ្ចប់! លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ក៏បានស្វាគមន៍នូវសំណើររបស់អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ក្នុងការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមសិល្បករខ្មែរមួយនឹងសមាគមកាយឫទ្ធិកម្ពុជា ក៏ដូចជាសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) ដើម្បីធ្វើកិច្ចសហប្រតិបត្តិការធ្វើការងារសង្គម សិល្បៈវប្បធម៌ និងការងារមនុស្សធម៌រួមគ្នានៅពេលខាងមុខផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី