ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤នេះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។
ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានថ្លែងថា ជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ខណៈដែលវិនិយោគិនជប៉ុនទទួលបានទំនុកចិត្តខ្ពស់ និងបានរួមចំណែកជាច្រើនដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគដែលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ ហើយកម្ពុជាពិតជាត្រូវការភាគីជប៉ុនដូចដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សូមវិនិយោគិនជប៉ុនចាត់ទុកប្រទេសកម្ពុជាថាជាផ្ទះរបស់ខ្លួន។
លោកអ្នកឧកញ៉ាប្រធានបានសង្កត់ធ្ងន់ថា សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ជានិច្ចនូវកិច្ចសហប្រតិបត្តិការនានារវាងស្ថាប័នទាំងពីរសំដៅជំរុញក៏ដូចជាទាក់ទាញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។
ទន្ទឹមនឹងនេះ លោកស្រី Mio Kawada បានលើកឡើងថា ក្នុងនាមលោកស្រីផ្ទាល់រួមជាមួយថ្នាក់ដឹកនាំ JETRO ពិតជាមានភាពកក់ក្តៅ និងរីករាយបំផុតដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសមាគមឧកញ៉ាកម្ពុជា ដែលបានរៀបចំជំនួបជាមួយសម្តេចធិបតីកាលពីម្សិលមិញ ក៏ដូចជាសន្និសីទ និងកម្មវិធីផ្គូផ្គងធុរកិច្ចរវាងធុរជន នៃប្រទេសទាំងពីរផងដែរ។
លោកស្រីបានបញ្ជាក់ថា នេះជាកាលានុវត្តភាពដ៏សំខាន់ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់មជ្ឈដ្ឋានធុរកិច្ចជប៉ុន ខណៈដែលមានវិនិយោគិនជប៉ុនច្រើនៗឡើងបានចាប់អារម្មណ៍អំពីប្រទេសកម្ពុជា ជាក់ស្តែងកាលពីឆ្នាំមុនមានក្រុមហ៊ុនតែ ៧ប៉ុណ្ណោះដែលមកចូលរួមសន្និសីទនេះ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤មានក្រុមហ៊ុនដល់ទៅ ១៩បានចូលរួម។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានឯកភាពគ្នាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតដើម្បីបង្កើតនូវកាលានុវត្តភាពនៃការចាប់ដៃគូរវាងធុរជនជប៉ុន និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជានាពេលអនាគត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី