Wednesday, July 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Chery Holding Group Co., Ltd. ចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអញ្ជើញជួបជាមួយ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group Co., Ltd. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី៩ សីហា ២០២៤។

ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។ ក្រុមហ៊ុនបានចាប់អារម្មណ៍លើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់ ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជា ជាច្រើនកន្លែង។

ក្នុងឱកាសនៃជំនួបនេះ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន Chery Holding Group Co., Ltd. បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Chery Holding Group ដែលមានអាជីវកម្មលើវិស័យឧស្សាហកម្មផលិតរថយន្ត គ្រឿងបន្លាស់រថយន្ត ផលិតកប៉ាល់ទឹក និងការសាងសង់កំពង់ផែ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យឧស្សាហកម្មផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត នៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងអន្តរជាតិ។ ក្រុមហ៊ុនក៏កំពុងសិក្សាគម្រោងផ្សេងៗមួយចំនួនទៀត រួមទាំងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រោងពិភាក្សាជាមួយដៃគូកម្ពុជា។

សម្តេចធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន ក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា និង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកវិស័យផលិតរថយន្ត និងគ្រឿងបន្លាស់រថយន្ត ជាវិស័យអាទិភាពមួយ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅទីផ្សារបរទេស ដោយកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់ពីសក្តានុពលរបស់កម្ពុជាបន្ថែមទៀត រួមទាំងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស និងការកសាងកំពង់ផែក្នុងខេត្តសក្តានុពលមួយចំនួនរបស់កម្ពុជា តាមរយៈកិច្ចពិភាក្សាជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជននៅកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×