Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម វ៉ាត់ ចំរើន ៖ កម្ពុជារៀបចំទិវាកីឡាអាស៊ាន “ASEAN Sports Day” ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីឱ្យប្រជាជនយល់ដឹងអំពីអាស៊ាន លើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន ប្រកបដោយសុខភាពល្អ

រាជធានីភ្នំពេញ៖ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាកីឡាអាស៊ាន “ ASEAN Sports Day” ឆ្នាំ២០២៤។ ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន, ឯកឧត្តម កែ ប៊ុនខៀង, ឯកឧត្តម សាមឺឌី ស៊ីវឌ្ឍនា, ឯកឧត្តម ប៊ូ ជុំសេរី ឯកឧត្តម ប៉ុន សុខ ព្រមទាំងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងបុគ្គលិកអប់រំនៃនាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជនជាច្រើនរូបទៀត នៅក្នុងពហុកីឡដ្ឋានជាតិ។

ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាន៍ថា ការរៀបចំទិវាកីឡាអាស៊ាននេះ គឺអនុវត្តទៅតាមសេចក្តីសម្រេច នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាន នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ានលើកទី៤ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា បានសម្រេចឱ្យប្រទេសសមាជិកអាស៊ានទាំងអស់រៀបចំទិវាកីឡាអាស៊ាននេះឡើងនៅថ្ងៃទី៨ ខែសីហា ឬថ្ងៃដែលកៀកនៅរៀងរាល់ឆ្នាំ ដែលជាថ្ងៃបង្កើតសមាគមអាស៊ាននៅឆ្នាំ១៩៦៧ ក្នុងគោលបំណងដើម្បីឱ្យប្រជាជនយល់ដឹងអំពីអាស៊ាន លើកកម្ពស់ របៀបរស់នៅរបស់ប្រជាជនអាស៊ាន ប្រកបដោយសុខភាពល្អ សុខដុមនីយកម្ម តាមបាវចនា “អាស៊ានចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ “One Vision, One Identity, One Community” និងដើម្បីពង្រឹង និងលើកកម្ពស់វិស័យកីឡានៅក្នុងប្រទេសសមាជិកអាស៊ានទាំងមូល នៅថ្ងៃជាមួយគ្នានេះដែរប្រទេសឥណ្ឌូនេស៊ីក៏បានកំពុងរៀបចំទិវានេះដូចគ្នា និងបានអញ្ជើញប្រតិភូកម្ពុជាយើងចូលរួមនិងសំដែង កីឡាល្បុក្កតោ ដែលជាកីឡាប្រពៃណីជាតិ អត្តសញ្ញាណជាតិផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបន្ថែមទៀតថា ការរៀបចំទិវាកីឡាអាស៊ានជាការបំផុសឱ្យប្រជាជនកម្ពុជា ក៏ដូចប្រជាជនក្នុងសហគមន៍អាស៊ានទាំងមូលចូលរួមលេងកីឡាគ្រប់ប្រភេទ ដើម្បីលើកកម្ពស់សុខភាពប្រជាជន រឹតចំណងមិត្តភាព សាមគ្គីភាពនិងទំនាក់ទំនងគ្នា និងលើកកម្ពស់វិស័យកីឡារដ្ឋសមាជិកអាស៊ានផងដែរ។ ជាមួយគ្នានេះ គឺបំផុសសកម្មភាពឱ្យប្រជាជនចូលរួមអភិរក្ស និងអភិវឌ្ឍកីឡាប្រពៃណីជាតិនៅកម្ពុជាឱ្យកាន់តែផុសផុលថែមទៀត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងឱកាសនៃការបើក ការប្រកួតកីឡាយុទ្ធគុណចម្រុះអាស៊ីលើកទី២ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយអនុញ្ញាតជាគោលការណ៍ឱ្យកម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ នៅក្នុងខែតុលា រៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤ តទៅ ដើម្បីបើកចំហទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុណ គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទាំងសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា។

យោងតាមរបាយការណ៍ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ការរៀបចំទិវាកីឡាអាស៊ាន ក្នុងគោលបំណង រំលឹកដល់ថ្ងៃបង្កើតសហគមន៍អាស៊ាន និងលើកកម្ពស់សកម្មភាពកីឡារបស់សហគមន៍អាស៊ាន ផ្សព្វផ្សាយ បំផុសឱ្យប្រជាជន នៃបណ្តាប្រទេសសមាជិកអាស៊ានចូលរួមលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ ការការពារ និងអភិរក្សកីឡាប្រពៃណី និងល្បែងប្រជាប្រិយ ឱ្យក្លាយជាកីឡាទំនើប ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ នៅក្នុងតំបន់ និងពិភពលោក រួមចំណែកអភិវឌ្ឍសង្គមជាតិ។

បន្ថែមពីលើនេះទៀត ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថាការរៀបចំទិវាកីឡាអាស៊ាន មានប្រភេទកីឡាចំនួន៦ រួមមាន
កីឡាអត្តពលកម្ម វិញ្ញាសាដើរ បុរស នារី ហាត់ប្រាណតាមចង្វាក់ភ្លេង បុរស នារី កីឡាបាល់ទាត់ បុរស កីឡាបាល់ទះ បុរស នារី កីឡាបាល់បោះ បុរស នារី និងការសំដែងកីឡាប្រដាល់គុនខ្មែរបុរស នារី។

សូមបញ្ជាក់ព្រឹត្តិការណ៍ទិវាកីឡាអាស៊ាន ក្រុមចូលរួមមាន វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា គរុនិស្សិតចំនួន ១២៣នាក់
សាកលវិទ្យាល័យចេនឡា និស្សិតចំនួន ២០០នាក់ ក្រុមកីឡាបាល់ទាត់ក្រសួងអប់រំ យុវជន និងកីឡា ចំនួន ៧៥នាក់សហព័ន្ធកីឡាករប្រដាល់គុនខ្មែរ កីឡាករ កីឡាការិនីចំនួន ៥០នាក់ មហាជនចុះឈ្មោះចូលរួមចំនួន ៣០០នាក់ សរុប ចំនួន៧៩០នាក់ (ស្រី៣២៤នាក់)។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តម ប៉ុន​ សុខ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ ឯកឧត្តមលោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការ មន្ត្រីរាជការ និងសូមថ្លែងអំណរគុណដល់សាកលវិទ្យាល័យចេនឡា វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាបាល់ទាត់ សហព័ន្ធកីឡាបាល់ទះ សហព័ន្ធកីឡាបាល់បោះ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដែលបានសហការបញ្ជូននិស្សិត និងគរុនិស្សិត អាជ្ញាកណ្តាល មន្ត្រីបច្ចេកទេស និងបងប្អូនប្រជាពលរដ្ឋបានចូលរួមក្នុងកម្មវិធីនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×