ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសំឡេងពិសេស ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា បើប្រជាពលរដ្ឋមួយចំនួនព្រួយបារម្ភពីអនាគត ពីតំបន់អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ត្រូវតែរួមគ្នាថែរក្សា និងពង្រាយប្រជាជន ដើម្បីការពារនៅតំបន់ព្រំដែន។សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការយកប្រជាជនធ្វើខឿនការពារព្រំដែន ប្រសើរជាងធ្វើរបង ព្រោះប្រជាជនមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខឿនការពារជាតិ គឺប្រជាជន គឺមានកម្លាំងខ្លាំង ដែលអាចការពារជាតិច្រើនជាងរបងបេតុងច្រើនជាន់ នោះគឺការខិតខំធ្វើហេដ្ឋារចនាសម្ព័ន្ធ ដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើជាបន្តបន្ទាប់ ទាំងផ្លូវថ្នល់ ចែកផ្ទះឱ្យប្រជាជន សង់មន្ទីរពេទ្យ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដទៃទៀត ដែលប្រជាជនត្រូវការ ដើម្បីឱ្យពួកគាត់មានលទ្ធភាពកាន់តែច្រើនដើម្បីរស់នៅទីនោះ ដាំដុះ ធ្វើស្រែចំការ ដាំដំណាំឧស្សាហកម្ម ឬក៏សិប្បកម្មកែច្នៃជាដើម»។
បើតាមការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន, បើកម្ពុជាមានលុយធ្វើរបង នោះកម្ពុជានឹងធ្វើផ្លូវឱ្យល្អ នៅតាមព្រំដែន ទាំងខ្សែក្រវាត់ព្រំដែន និងផ្លូវពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ និងផ្ទះល្អៗជូនប្រជាជន នៅតាមបណ្តោយព្រំដែន នោះទើបជាការត្រឹមត្រូវជាង។ ការអភិវឌ្ឍនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីនាំចេញទៅវៀតណាម ដែលមានប្រជាជនជាង១០០លាននាក់ និងការនាំចេញទៅកាន់ប្រទេសឡាវ និងប្រទេសថៃផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា កម្ពុជាត្រូវប្រែក្លាយខ្សែព្រំដែនទៅជាព្រំដែនអភិវឌ្ឍ សន្តិភាព មិត្តភាព សហប្រតិបត្តិការ អភិវឌ្ឍន៍ ប្រសើរជាង ការវ៉ៃគ្នាដូចទសវត្ស៥០ ៦០ និង៧០ ដែលពេលនោះមានការវ៉ៃគ្នា មិនអាចឱ្យប្រជាជនធ្វើស្រែចម្ការតាមព្រំដែនបាន។
សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់អ្នកដែលចង់ធ្វើបាតុកម្ម និងអ្នកដែលចូលរួមជាមួយក្រុម «រួបរួមគ្នាដើម្បីជាតិ» ត្រូវបញ្ឈប់គំនិតនេះ ហើយត្រូវដកខ្លួនចេញឱ្យឆាប់ បើមិនចង់ជាប់ទោសទេនោះ។ សម្តេចបញ្ជាក់ថា ក្នុងគ្រុប Telegram ដែលមានឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» ត្រូវបានសម្តេច និងកម្លាំងកម្លាំងសមត្ថកិច្ចកំណត់មុខសញ្ញាអស់ហើយ។
សម្តេចបញ្ជាក់ថា គ្រុប Telegram ឈ្មោះថា «រួបរួមគ្នាដើម្បីជាតិ» នេះមានគោលដៅផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈកម្លាំង រាប់ទាំងកម្លាំងហិង្សាដែលប្រើប្រាស់ដោយមហាជន និងកម្លាំងប្រដាប់អាវុធដែលពួកគេបានញុះញង់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ម៉ោងនេះពេលនេះ ក្រៅពីអ្នកដែលត្រូវបានចាប់ខ្លួនហើយ អ្នកដែលមិនទាន់ត្រូវបានចាប់ខ្លួន យើងនឹងលើកលែងឱ្យ ប្រសិនបើអ្នកទាំងនោះដកខ្លួនចេញ ហើយឈប់ចូលរួមនៅក្នុងគ្រុប «រួបរួមគ្នាដើម្បីជាតិ» ដែលគោលដៅធំបំផុត របស់ពួកគេ គឺផ្តួលរំលំរាជរដ្ឋាភិបាល»។
សម្តេចលើកឡើងទៀតថា អ្នកចង់ផ្តួលរំលំរាជរដ្ឋាភិបាល ប៉ុន្តែរាជរដ្ឋាភិបាល មានកាតព្វកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ផងដែរ ដើម្បីរាជរដ្ឋាភិបាលស្របច្បាប់ ការពារប្រជាជនវិញ។
សម្តេចបញ្ជាក់ថា ប្រសិនបងប្អូនប្រជាពលរដ្ឋ មិនយល់អំពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម អាចចូលមើលឯកសារក្នុងគេហទំព័រក្រសួងពាណិជ្ជកម្មបាន។
សម្តេចតេជោ ហ៊ុន សែន យ៉ាងច្បាស់ថា កម្ពុជាមិនបានដាក់ដីរបស់ ៤ខេត្ត រតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង ទៅក្នុងការអភិវឌ្ឍរួមទេ ឬរកស៉ីចូលហ៊ុនគ្នានោះទេ គឺធ្វើក្នុងកម្រិតកិច្ចសហប្រតិបត្តិការប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ជាថ្មីម្តងទៀតថា កម្ពុជាមិនបានដាក់ដីទាំង៤ខេត្ត រួមមានស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី ទៅក្នុងការអភិវឌ្ឍរួមជាមួយវៀតណាម និងឡាវ ក្នុងតំបន់ត្រីកោណនោះទេ ប៉ុន្តែជាកម្រិតកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំង៣ មានជាមួយគ្នា ដោយសូមបែងចែកឱ្យច្បាស់រវាងការអភិវឌ្ឍរួម និងសហប្រតិបត្តិការ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងមិនបានដាក់ដីរបស់យើង ៤ខេត្ត ទៅក្នុងការអភិវឌ្ឍរួមទេ ហើយក៏គ្មាននរណាគេធ្វើអញ្ចឹងដែរនៅលើពិភពលោក ប៉ុន្តែយើងធ្វើក្នុងកម្រិតកិច្ចសហប្រតិបត្តិការ យើងមិនបានយកខេត្តរបស់យើងទៅដាក់រួម ក្នុងតំបន់ត្រីកោណនោះទេ ដីយើង យើងអភិវឌ្ឍដោយទឹកប្រាក់របស់យើង ដីយើង យើងអភិវឌ្ឍដោយយើងរកជំនួយ និងប្រាក់កម្ចីពីបរទេសមកអភិវឌ្ឍន៍នៅលើដីយើង នៅដីវៀតណាម និងឡាវក៏ដូចគ្នា ពួកគាត់រកប្រាក់របស់គាត់មកដាក់អភិវឌ្ឍន៍នៅដីរបស់គាត់ ដោយទៅរកជំនួយ និងប្រាកម្ចីពីប្រទេសផ្សេង។ គឺគ្មានការចែកផលរួមនៅទីនេះទេ»។
ទន្ទឹមគ្នានេះ សម្តេចបានបញ្ជាក់ផងដែរថា ប្រទេសនីមួយៗ អនុវត្តនូវច្បាប់រៀងៗខ្លួន ដោយការឆ្លងកាត់ព្រំដែនរបស់ប្រជាជននៃប្រទេសទាំង៣ មិនអាចធ្វើតាមរបៀបខុសច្បាប់នោះទេ ប៉ុន្តែក្នុងកិច្ចសហប្រតិបត្តិការនេះ ភាគីខាងឡាវ និងវៀតណាម អាចឆ្លងមកធ្វើទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ហើយប្រជាជនកម្ពុជា ក៏អាចឆ្លងទៅទេសចរណ៍ នៅប្រទេសវៀតណាម ដោយមានការសម្រួលគ្នាទៅវិញទៅមក និងមានបែបបទច្បាស់លាស់ទៅវិញទៅមក ដែលមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរ។
សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា «បងប្អូនមួយចំនួនបានទាមទារឱ្យដកខេត្តទាំង៤ ចេញពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍរួម ខ្ញុំបានប្រាប់ហើយ គ្មានការអភិវឌ្ឍរួម ប៉ុន្តែមានតែកិច្ចសហប្រតិបត្តិការ បើមានកិច្ចសហប្រតិបត្តិការ តើយើងត្រូវដាក់កាំភ្លើងបាញ់គ្នារាល់ថ្ងៃរវាងកម្ពុជា-វៀតណាម រវាងកម្ពុជា-ឡាវ ឬយ៉ាងណា? យើងត្រូវតែមានមិត្តភាពជិតខាងល្អ ហើយខិតខំបោះបង្គោលតាមព្រំដែនឱ្យបានចប់ ហើយស្រេច ដែលបាននិងកំពុងបោះ ដែលនៅសល់១៦ភាគរយទៀត ហើយយើងក៏ត្រូវធ្វើការអភិវឌ្ឍនៅក្នុងទឹកដីប្រទេសរបស់យើង ដើម្បីឱ្យប្រជាជនយើង មានលទ្ធភាព ក្នុងការការពារដីធ្លីទ្រព្យសម្បត្តិ របស់គាត់នៅតាមព្រំដែន»។
ជុំវិញការទាមទារឱ្យរបង សម្តេចបានពន្យល់ថា រវាងការចំណាយថវិកាធ្វើបង បើសិនយកថវិកាទៅធ្វើផ្លូវល្អៗ ជួយអភិវឌ្ឍន៍ផ្ទះប្រជាជននៅតាមព្រំដែនឱ្យ កាន់តែប្រសើរឡើង ធ្វើសាលារៀន និងមន្ទីរពេទ្យ គឺជាជម្រើសត្រឹមត្រូវជាង។ ហើយការបង្កើនផលិតទំនិញឱ្យបានច្រើន ដើម្បីនាំចេញទៅប្រទេសវៀតណាម ប្រទេសឡាវ និងថៃ នេះហើយ គឺជារបៀបអភិវឌ្ឍន៍ដ៏ល្អមួយ៕
សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានព្រមានមិនឱ្យក្រុងប្រឆាំងក្នុងប្រទេស ឆ្លងផុតបន្ទាត់ក្រហម ហើយឈានទៅចូលរួមផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅបងប្អូនមួយចំនួននៅក្នុងក្រុមនេះ អំពីឧបាយកលទុច្ចរិតរបស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការញុះញង់លើគម្រោងអភិវឌ្ឍតំបន់ត្រីកោណ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ «បងប្អូន ការញុះញង់ពីអ្នកក្រៅប្រទេស គឺអាក្រក់ខ្លាំងណាស់នៅពេលនេះ ប៉ុន្តែ បងប្អូននៅក្នុងប្រទេសមិនគួរត្រូវបានគេបោកប្រាស់ នៅពេលដែលខ្លួនកំពុងស្ថិតនៅទីនេះ ប៉ុន្តែខ្ញុំគ្រាន់តែសូមអំពាវនាវចំពោះបងប្អូនកុំដើរឆ្លងផុតបន្ទាត់ក្រហម ឈានទៅដល់ការផ្តួលរំលំដូចដែលពួកឧទ្ទាមក្រៅច្បាប់ បានធ្វើការអំពាវនាវប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលចាប់បង្ខំឱ្យរាជរដ្ឋាភិបាល ត្រូវតែយកវិធានការចាំបាច់ ដើម្បីនឹងទប់ស្កាត់អនាធិបតេយ្យ បង្កចលាចលនៅក្នុងសង្គម»។
សម្តេចបានបន្តថា «យើងគ្មានជម្រើសទេ ជម្រើសដែលនៅសេសសល់របស់យើង គឺការពារនូវសន្តិភាព ស្ថិរភាពនយោបាយ និងជីវិតប្រជាជនយើង»។
តាមរយៈសារសំឡេងសម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា យើងហ៊ានលះបង់ទោះតម្លៃណាក៏ដោយ ដើម្បីធានាឱ្យប្រជាជនយើង រស់នៅក្នុងសន្តិភាព ស្ថិរភាពនយោបាយ ជាមួយនឹងការខិតខំកសាងសេដ្ឋកិច្ច ដែលកំពុងរងផលប៉ះពាល់ពីខាងក្រៅ។
សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាជ្ញាធរ បានស្គាល់អត្តសញ្ញាណនៃសមាជិកនៅក្នុងគ្រុប «រួបរួមដើម្បីជាតិ»អស់ហើយ ដូច្នេះ សម្តេចបានស្នើកុំភ័ន្តច្រឡំថា រាជរដ្ឋាភិបាលមិនដឹងសកម្មភាពអ្វីឱ្យសោះ។
«សូម្បីតែខ្ញុំក៏អង្គុយស្តាប់ ហើយបានមើលសាររបស់អ្នកទាំងអស់គ្នា ដែលបានបញ្ចេញមក ប៉ុន្តែសារដែលបានបញ្ជូនមកពីខាងក្រៅ គឺបានញុះញង់ឱ្យបងប្អូននៅខាងក្នុងប្រទេសទទួលយកការវិនាសមួយដែលពិបាកនឹងស្រោចស្រង់»។ នេះជាការលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ជុំវិញការស្តាប់សាររបស់ក្រុមប្រឆាំង, ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការបញ្ចេញសារសំឡេងរបស់សម្តេចឱ្យបងប្អូននៅក្នុងគ្រុប «រួបរួមដើម្បីជាតិ» ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតដឹង គឺមិនមែនជាការគំរាមកំហែងនោះទេ ក៏ប៉ុន្តែ គឺជាការនិយាយដោយបញ្ជាក់ច្បាស់ៗអំពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍របស់ប្រជាជន។ រដ្ឋាភិបាលមិនអាចទុកឱ្យមនុស្សប៉ុន្មាននាក់ បំផ្លាញសេចក្តីសុខរបស់ប្រជាជន ១៧លាននាក់ បានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សូមបងប្អូនកុំប្រៀបធៀបកម្ពុជា ទៅជាមួយនឹងបង់ក្លាដេសឱ្យសោះ ប្រហែលជាបងប្អូនយល់ច្រឡំជាមួយនឹងសភាពការណ៍កម្ពុជា និងភាពការណ៍បង់ក្លាដេស ចំណុចនេះបងប្អូនត្រូវគិតឱ្យបានហ្មត់ចត់ ប្រសិនបើបងប្អូនភ្លាត់ភ្លាំងទៅដោយប្រការណាមួយបងប្អូនអាចរងនូវគ្រោះថ្នាក់។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿងនេះវាមិនអាចទៅរួចទេ រដ្ឋាភិបាលប្រទេសណាក៏ដោយ ដោយតម្លៃណាក៏ដោយ បងប្អូនមានត្រឹមប៉ុន្មាននាក់ ដើម្បីបំផ្លាញនៅសន្តិភាពសម្រាប់ប្រជាជនរាប់លាន់នាក់ មិនមែនជាជម្រើសដែលបងប្អូនត្រូវធ្វើទេ បងប្អូនត្រូវគិតឱ្យបានហ្មត់ចត់មុនពេលដែលបងប្អូនធ្វើដំណើរមកបាតុកម្ម ឬមហាបាតុកម្ម ឬឈានទៅដល់ការផ្តួលរំលំ។
សម្តេចតេជោ បានបញ្ជាក់ថា បន្ទាត់ក្រហមនៅទីនេះ គឺមានរដ្ឋធម្មនុញ្ញចែងហើយអំពីបញ្ហាសិទ្ធិបញ្ចេញមតិ យើងទទួលយកនៅកង្វល់របស់បងប្អូនស្តីពីការបាត់បង់ទឹកដី។ យើងកង្វល់អំពីបងប្អូនស្តីអំពីឯករាជ្យ អធិបតេយ្យជាតិ ប៉ុន្តែបងប្អូនត្រូវតែមើលឱ្យច្បាស់ទៅនឹងសភាពការណ៍ តើវាដូចអ្វីដែលពួកប្រឆាំងនៅបរទេសកំពុងតែញុះញង់ធ្វើនោះទេ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
