សៀមរាបៈ ស្ថិតនៅក្នុងដែនដីដ៏ពិសិដ្ឋ នៅចំពីមុខនៃប្រាសាទអង្គរវត្ត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង បានដឹកនាំក្រុមការងារសមាគមសិល្បករខ្មែរ ក្រុមការងារមកពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត រួមជាមួយនឹងក្រុមសិល្បករសិល្បការិនី រៀបចំធ្វើពិធីក្រុងពាលីតាមបែបបទប្រពៃណី នៃព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» នៅព្រឹកថ្ងៃទី១៤ សីហា ឆ្នាំ២០២៤នេះ។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍ថា «ស្នាមញញឹមនៃកម្ពុជា» គឺជាព្រឹត្តិការណ៍ដែលសិល្បករ សិល្បការិនី បុគ្គលដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗ មកជួបជុំគ្នានៅលើដែនដីអង្គរតែមួយ ក្នុងបំណងរួមគ្នា ផលិតមាតិកាវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ប្រាង្គប្រាសាទ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ វប្បធម៌ធម្មជាតិរបស់កម្ពុជា ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយវីដេអូ ដែលផលិតបាន នៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា និងការផុសវីដេអូទាំងនោះជាលក្ខណៈអន្តរជាតិ នៅលើបណ្តាញសង្គមនានា ដូចជា យូធូប ហ្វេសប៊ុក តិកតុក ជាដើម។
លោកជំទាវប្រធានសមាគម បានបញ្ជាក់បន្ថែមថា ពួកយើងរួមគ្នាគិត រួមគ្នាធ្វើ ក្នុងគោលបំណងរួមមួយ គឺ ជំរុញ និងលើកតម្កើងសក្តានុពលទេសចរណ៍នៅកម្ពុជា ស្របទៅតាមគោលនយោបាយអទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដ៏ឆ្នើម។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែសីហា ជាថ្ងៃដែលសិល្បករ សិល្បការិនី អ្នកជំនាញផលិតមាតិកាជាច្រើនទៀត ធ្វើការផលិតវីដេអូថ្មីៗទៅតាមគំនិត ទស្សនៈ និងជំនាញរបស់ពួកគេ លើប្រធានបទ ទេសចរណ៍វប្បធម៌ ដោយមានការត្រួតពិនិត្យខ្លឹមសារយ៉ាងល្អិតល្អន់ មុននឹងចេញផ្សាយជាផ្លូវការ។ ដោយឡែក នៅថ្ងៃទី១៥ ខែសីហា ស្អែកនេះ សមាគមសិល្បករខ្មែរ មានរៀបចំពិព័រណ៍ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ មានការប្រគំតន្ត្រីខា្នតតូច សំឡេងស្រាល ការសម្តែងផ្ទាំងទស្សនីយភាពសិល្បៈផ្សេងៗជាច្រើនទម្រង់ អមដោយការអត្ថាធិប្បាយពីពិធីករពិធីការិនីល្បីៗ ដើម្បីជាកិច្ចស្វាគមន៍ និងផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕រក្សាសិទ្ធដោយ ៖ សុទ្ធលី