ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ។
អនុស្សរណៈដែលមានរយៈពេល៤ឆ្នាំនេះ មានគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយដល់សាធារណជន និងការបញ្ជ្រាបការយល់ដឹងដល់សាធារណជនលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ព័ត៌មានទីផ្សារការងារ ព័ត៌មានស្តីពីទេសន្តរប្រវេសន៍ការងារ ការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ កម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។
ឯកឧត្តម ហេង សួរ ជឿជាក់ថា អនុស្សរណៈដែលភាគីទាំងពីរចុះហត្ថលេខានាពេលនេះ នឹងជួយជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែផុសផុលលើកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបន្ថែមទៀតតាមរយៈសមាគមសិល្បករខ្មែរដ៏មានប្រជាប្រិយភាព និងឥទ្ធិពលក្នុងសង្គម។ លើសពីនេះ អនុស្សរណៈ ក៏នឹងផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់សិល្បករដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងដើម្បីជួយពង្រឹងជីវភាពនៃក្រុមគ្រួសារសិល្បករបន្ថែមទៀតផងដែរ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យសិល្បករជួយផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល ដូចជាកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ កម្មវិធីថែទាំសុខភាពតាមរយៈភាគទានស្ម័គ្រចិត្ត និងការចូលរួមប្រយុទ្ធប្រឆាំងចំពោះពលកម្មកុមារគ្រប់ទម្រង់ជាដើម ដែលជាសកម្មភាពមនុស្សធម៌ដែលគ្រប់កោសិកាសង្គមត្រូវចូលរួម។
ជាមួយគ្នានេះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានប្តេជ្ញាចិត្តចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្សព្វផ្សាយពីកម្មវិធី និងគោលនយោបាយនានារបស់ក្រសួងឱ្យកាន់តែទូលំទូលាយបន្ថែមដើម្បីសម្រេចបាននូវចក្ខុវិស័យដើម្បីក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នៅក្នុងឱកាសនោះ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិត ម៉េង ប្រធានសមាគមសិល្បករខ្មែរ បានមានប្រសាសន៍លើកឡើងថា នេះជាការបោះជំហ៊ានថ្មីប្រកបដោយកិត្តិយសមួយបន្ថែមទៀតរបស់សមាគម សិល្បករខ្មែរ ក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាប្រកបដោយខ្លឹមសាររវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសិល្បករខ្មែរ ស្តីពី កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និង លើកកម្ពស់វិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ។
នេះជាសក្ខីភាពបញ្ជាក់ឱ្យឃើញកាន់តែច្បាស់បន្ថែមទៀត ពីការយកចិត្តទុកដាក់របស់ក្រសួង ការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ពិសេសពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ លើការពង្រឹង ពង្រីក និង លើកកម្ពស់វិស័យការងារនៅកម្ពុជា តាមរយៈការយកចិត្តទុកដាក់ប្រកបដោយសូចនាករកម្រិតយុទ្ធសាស្ត្រ ក្នុងការបណ្តុះបណ្តាល និងគាំពារធនធានមនុស្សលើគ្រប់មុខជំនាញវិជ្ជាជីវៈ ដែលដើរតួនាទីជាផលិតករដ៏មានសក្តានុពលក្នុងចរន្តសេដ្ឋកិច្ចជាតិ។
ក្នុងនាមសមាគមសិល្បករខ្មែរ ពិតជាមានមោទកភាពក្រៃលែង ដែលមានឱកាសដឹកនាំចលនា សិល្បៈចូលរួមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយនិងលើក កម្ពស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ និងបន្តទៅមុខ ទៀត។
ឈរលើគោលនយោបាយដ៏ប្រាកដនិយម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ជូនយុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥០០,០០០ នាក់ ជាមួយនឹងការផ្តល់ប្រាក់ឧបត្ថម្ភ និងការផ្តល់ឱ្យកម្មករ និយោជិតមានឱកាសសិក្សាបង្កើនសមត្ថភាព និងសិក្សាជំនាញថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការ កម្លាំងពលកម្មជំនាញកាន់តែមានការកើនឡើងខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីជាកម្លាំងស្រូប ទាញវិនិយោគិនបរទេស មកកាន់ទីផ្សារកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ។
លោកជំទាវអ្នកឧកញ៉ាប្រធានសមាគមសិល្បករខ្មែរ បានបន្តថា សិល្បៈគឺជាកាតាលីករជំរុញការ ផ្សព្វផ្សាយឱ្យកាន់តែមានភាពជឿជាក់ ងាយយល់ និងស្តាប់បាន ។ សិល្បៈ គឺជាអាវុធដ៏មុតស្រួច អាចចាក់ទម្លុះដល់ក្រអៅបេះដូងអ្នកស្តាប់ និងអ្នកទស្សនា ទោះស្ថិតនៅក្នុងទម្រង់និន្នាការណាក៏ដោយ ។ ក្នុងន័យនេះ សិល្បករ សិល្បការិនី ពិតជាបុគ្គលដ៏មានឥទ្ធិពល រួមចំណែកដល់ការ ផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ដូច្នេះការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសិល្បករខ្មែរ នាពេលនេះជាការបោះជំហ៊ានរួមគ្នា ក្នុងស្មារតីតែមួយ គឺផលប្រយោជន៍ វិស័យការងារ នៅកម្ពុជា។ តាងនាមលោកជំទាវអ្នកឧកញ៉ាជាប្រធាន សមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ាសូមធ្វើការប្តេជ្ញាចិត្តដឹកនាំចលនា សិល្បករ ប្រកបដោយការទទួលខុសត្រូវដូចខាងក្រោម៖
១. ដឹកនាំ សិល្បករ សិល្បការិនី សហការ និងចូលរួមសកម្មភាពនានារបស់ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ និងចែករំលែកបទពិសោធតាមការអញ្ជើញរបស់ក្រសួង។
២. ជំរុញសមាជិក និងក្រុមគ្រួសារសមាជិករបស់សមាគម សិល្បករ ខ្មែរ បន្តការសិក្សាកសាងសមត្ថភាពជំនាញ និងបច្ចេកទេស ដើម្បីបង្កើននូវឱកាសការងារឱ្យមានភាពប្រសើរឡើង។
៣. ពន្យល់ និងផ្សព្វផ្សាយដល់សមាជិក និង ភាគីពាក់ព័ន្ធក្នុងបណ្តាញរបស់ខ្លួនសំដៅលើកកម្ពស់ ការយល់ដឹងសាធារណជន ស្តីពីវិស័យការងារសន្តិសុខសង្គម និងបណ្តុះបណ្តាល វិជ្ជាជីវៈ រួមមាន ជាអាទិ៍ ព័ត៌មានស្តីពីទេសន្តរប្រវេសន៍ ការហាមឃាត់ ការប្រើប្រាស់ពលកម្មកុមារ និង អត្ថប្រយោជន៍ នៃបេឡាជាតិ សន្តិសុខសង្គម ជាដើម។
៤. ដឹកនាំសិល្បករ សិល្បការិនី ផ្សព្វផ្សាយគោលនយោបាយសំខាន់ៗរបស់ ក្រសួងពាក់ព័ន្ធនឹងវិស័យការងារនៅកម្ពុជា។
៥. សហការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ឬ ការជួបជុំធំៗនៅ ក្នុង និង ក្រៅ ប្រទេស ដើម្បីផ្តល់ភាពសប្បាយរីករាយជូនកម្មករនិយោជិត ពលករ និង ទេសន្តរប្រវេសករ នៅក្នុងឱកាសបុណ្យជាតិ ឬកម្មវិធីពិសេសរបស់ ក្រសួង និងរាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ ៖សុទ្ធលី