ភ្នំពេញ ៖ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជំនួបពិភាក្សាការងារអាហារថ្ងៃត្រង់ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដែលដឹកនាំឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី រាឆែល ថមសន់ (Rachel Thompson) នាយិកាប្រតិបត្តិនៃក្រុមប្រឹក្សាធនាគារអភិវឌ្ឍន៍អាស៊ី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមរដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការនៃក្រសួងពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមប្រឹក្សានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំទីសា្នក់កណ្តាល និងប្រចាំកម្ពុជា។
គោលដៅចម្បងនៃជំនួបនេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងកម្ពុជា និងADB ក៏ដូចជាទិសដៅការងារបន្តសំដៅចូលរួមចំណែក ដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
ថ្លែងក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាស៊ី នាពេលកន្លងមក និងបានជម្រាបជូនអំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន តាមរយៈ ផែនការមេគ្រប់ជ្រុងជ្រាយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ សំដៅជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្ត ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយមានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាប័ន្ន។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើទៅកាន់ភាគីធនាគារអភិវឌ្ឍន៍អាស៊ីឱ្យបន្តផ្តល់ការគាំទ្រទាំងផ្នែកបច្ចេក និងហិរញ្ញវត្ថុដល់វិស័យសាធារណការ និងដឹកជញ្ជូន ពិសេសគាំទ្រដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលបានកំណត់ក្នុងផែនការមេគ្រប់ជ្រុងជ្រោយ។
ជាការឆ្លើយតប លោកស្រីនាយិកាប្រតិបត្តិ រាឆែល ថមសន់ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចប្រតិបត្តិការដ៏ល្អប្រសើររវាង ADB និងកម្ពុជា និយាយជារួម និងនិយាយដោយឡែករវាង ADB និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនាពេលកន្លងមក។ បន្ថែមពីនេះ លោកស្រីក៏បានសន្យាថាធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តគាំទ្រដល់ការអនុវត្តគម្រោងក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ពិសេសគម្រោងអាទិភាពក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី










