ក្នុងសម័យកាលដែលខឿនសេដ្ឋកិច្ចប្រឈមនឹងការលំបាក មនុស្សម្នាក់ៗក្រពុលមុខក្នុងការស្វែងរក…លុយ ។ ខ្លះប្រឹងប្រែងរកលុយតាមវិធីសុច្ចរិក ក្នុងពេលដែលខ្លះទៀត បែរជារង់ចាំ… លុយធ្លាក់ពីលើមេឃ ។ ខាងក្រោមជារឿងមួយបែបនេះ ។
ថ្ងៃទី ១៤ ខែសីហា កន្លងមក នៅទីលានចតរថយន្តសាធារណៈមួយនៅទីក្រុងក្វាងតុង កាមេរ៉ាសុវត្ថិភាពសាធារណៈបានថតជាប់ទិដ្ឋភាពរបស់ស្ត្រីម្នាក់កំពុងឈរពីក្រោយក្មេងប្រុសម្នាក់ ហើយក្បែរនោះមានបុរសម្នាក់ប្រហែលជាអ្នកនាំទំនិញយកទៅប្រគល់ឲ្យគេ (លក់ទំនិញអនឡាញ) ។
ពេលឃើញរថយន្តមួយបើក្នុងល្បឿនយឺត បើកចូលផុតច្រកទ្វារចូលមកទីសំចត ស្រាប់តែនារីនោះ បានស្ទុះច្រានក្មេងប្រុស (អាចជាកូន) ឲ្យផ្ទប់នឹងរថយន្ត ។ អ្នកបើកបរជាន់ហ្វ្រាំងជាប់ ហើយក្មេងប្រុសនោះពុំដួលឡើយ ។ ប្រហែលជាទាល់តម្រិះ នារីជើងឆើតរូបនេះ បានស្ទុះទៅដេកដួលពីមុខរថយន្ត ធ្វើបុកប្រកាច់ប្រកិន ទោះបីជារថយន្តពុំបានប៉ះនាងសូម្បីបន្តិច ។
ខណៈពេលនោះ ប្រហែលអ្នកដឹកទំនិញដែលឈរក្បែរ ធុញទ្រាន់ពេកពន់នឹងទង្វើរបស់ស្រីជាម្តាយ ក៏ប្រញាប់ទៅទាញដៃក្មេងប្រុសឲ្យមកឈរក្បែរដើម្បីការពារវា ។
ក្រោយមកខ្សែវីដេអូ ក៏ដូចជារឿងរ៉ាវនេះត្រូវបានចុះផ្សាយពេញប្រព័ន្ធព័ត៌មាននៅប្រទេសចិន ធ្វើឲ្យសាធារណៈជនផ្ទុះកំហឹងចំពោះទង្វើអរគុណធម៌របស់ស្ត្រីរូបនោះ ទោះបីក្មេងប្រុសខាងលើជាកូនឬមិនមែនជាកូនរបស់គាត់ក្តី ។
រឿងស្រដៀងគ្នានេះ ពុំកម្រឃើញប៉ុន្មានទេលើទឹកដីដែលមានពលរដ្ឋពាន់លាននាក់នេះ ។
យ៉ាងណាមេត្តា កុំឲ្យកើតមានលើទឹកដីរបស់យើងទាំងអស់គ្នាឲ្យសោះ ! ៕ បូព៌ា