ទារកម្នាក់ត្រូវបានជួយសង្គ្រោះ ចេញពីមាត់លូបង្ហូរទឹកមួយ បន្ទាប់ពីវាត្រូវបានលឺស្រែកយំ ជាមួយទងផ្ចិតរុំព័ទ្ធជុំវិញករបស់វាដ៏គួរឲ្យអាសូរ ។ ទារកនេះត្រូវបានជួយសង្គ្រោះដោយស្ត្រីម្នាក់ឈ្មោះគ្រាន់តែប្រាប់ខ្លីថា Geeta ដែលបានទាញវាចេញតាមរយៈជើង និងបន្ទាប់មក ក៏បានយកវាមកលាងសម្អាតជាមួយទឹកស្អាត ។
អ្នកស្រី Geeta ត្រូវបានប្រាប់អំពីស្ថានភាពដ៏លំបាកនេះ ដោយអ្នកលក់ដើរទឹកដោះម្នាក់ ដែលបានគិតដំបូងថា វាគឺជាសត្វឆ្មាកំពុងស្រែកយំ ។ ទារកនេះត្រូវបានព្យាបាលបញ្ហាដង្ហើម នៅមន្ទីរពេទ្យ Egmore ក្នុងទីប្រជុំជន Valasaravakkam ស្រុក Chennai រដ្ឋ Tamil Nadu ។
គ្រូពេទ្យបានគ្រប់គ្រងព្យាបាលទារកនេះ ហើយឥឡូវនេះ បាននិយាយថា វាបានសះស្បើយពីហេតុការណ៍ដ៏លំបាកនោះ និងមានសុខភាពល្អ ។ Geeta អាយុ ៤៥ ឆ្នាំ ដែលរស់នៅជាមួយកូនស្រីរបស់នាង បាននិយាយថា នាងចង់ដាក់ឈ្មោះឲ្យទារកប្រុសនេះថា Suthanthiram ដែលមានន័យថាសេរីភាព ព្រោះវាត្រូវបានរកឃើញនៅក្នុងថ្ងៃឯករាជ្យជាតិរបស់ឥណ្ឌា ។
មន្ត្រីមន្ទីរពេទ្យម្នាក់បាននិយាយថា ទារកនេះនឹងនៅតែស្ថិតក្រោមការតាមដានសុខភាព មុនពេលត្រូវបានបញ្ជូនទៅកាន់មណ្ឌលកុមារកំព្រាក្នុងតំបន់ ។
ប្រព័ន្ធផ្សព្វផ្សាយមួយក្នុងតំបន់បានរាយការណ៍ថា មន្ទីរពេទ្យបានទទួលសំណើររាប់សិប ដោយស្នើសុំកូននេះមកចិញ្ចឹម បន្ទាប់ពីវីដេអូនៃការសង្គ្រោះវាត្រូវបានបង្ហោះនៅលើអ៊ិនធើរណេត ។
បច្ចុប្បន្ន ប៉ូលីសកំពុងបើកការស៊ើបអង្កេតហេតុការណ៍ដ៏គួរឲ្យអាសូរនេះ ប៉ុន្តែ ពុំទាន់មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងនោះទេ ៕ ចន្ទី (metro)