Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន

ភ្នំពេញ ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអនុញ្ញាតឱ្យលោក Emmanuel DOLLFUS នាយកស្ដីទីនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍នានាលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ ចំពោះគណៈប្រតិភូទីភ្នាក់បារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដែលបានឆ្លៀតពេលដ៏មមាញឹកដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ជាពិសេសសាធារណរដ្ឋបារាំងដែលតែងតែជួយគាំទ្រដល់ប្រទេសកម្ពុជាគ្រប់កាលៈទេសៈ និយាយដោយឡែកការចូលរួមចំណែកយ៉ាងធំធេងលើវិស័យធនធានទឹក និងឧតុនិយម។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ប្រាប់ប្រតិភូបារាំងថា កម្មវិធីគ្រប់គ្រងធនធានទឹក និងផ្លាស់ប្តូរកសិកម្មនៅប្រទេសកម្ពុជា ជំហានទី១(WAT4CAM-1) ដែលបាននិងកំពុងអនុវត្តនៅតាមបណ្តាខេត្តមួយចំនួន បានចូលរួមចំណែកយ៉ាងធំធេងក្នុងការធានានូវសុវត្ថិភាពទឹកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជាកម្លាំងចលករជួយជំរុញដល់កំណើនសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាដែលបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញដល់ក្រុមការងារទាំងអស់សហការពន្លឿនការងារគម្រោង WAT4CAM ជំហានទី១ ដែលកំពុងអនុវត្ត និងបានសូមឱ្យភាគីបារាំងផ្តល់ជំនួយឥតសំណងសម្រាប់ការសិក្សាគម្រោង WAT4CAM ជំហានទី២ បន្តទៀត។ ជាពិសេសស្នើដល់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ជួយសហការពន្លឿនការងារគម្រោងអភិវឌ្ឍន៍ស្ទឹងស្វាយចេក ដើម្បីឱ្យភាគីទាំងពីរអាចចុះហត្ថលេខាលើឯកសារហិរញ្ញប្បទានក្នុងខែតុលា ឆ្នាំ២០២៤ និងអនុវត្ដភ្លាមៗ ដោយយកគំរូអនុវត្តស្ទឹងស្វាយចេកតាមបែបដំណោះស្រាយធម្មជាតិ (Natural Base Solution)។

តំណាងគណៈប្រតិភូទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) លោក Emmanuel DOLLFUS បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ជាពិសេសការចុះពិនិត្យដោយផ្ទាល់ពីវឌ្ឍនភាពគម្រោងក្រោមកម្មវិធី WAT4CAM ជំហានទី១ ក្នុងខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ និងបានថ្លែងនូវការកោតសរសើរដល់ក្រុមការងារអនុវត្តកម្មវិធី រួមទាំងក្រុមទីប្រឹក្សាបច្ចេកទេសដែលបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះដែរ តំណាងគណៈប្រតិភូបារាំងបានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីជួយអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។

សូមបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងសហការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) រៀបចំនីតិវិធីលក្ខខណ្ឌយោង និងសេចក្ដីព្រាងកិច្ចព្រមព្រៀង គម្រោងស្ដារឡើវិញ និងគ្រប់គ្រងស្ទឹងស្វាយចេកប្រកបដោយប្រសិទ្ធភាព ក្រោមហិរញ្ញប្បទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ ដែលនឹងគ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយភាគីសាធារណរដ្ឋបារាំងតំណាងដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD)នៅខែតុលា ឆ្នាំ២០២៤ ខាងមុខ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×