Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យវឌ្ឍនភាពអនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមនី្ទរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានអនុគម្រោងសំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

សូមជម្រាបថា អនុគម្រោងនេះជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ដែលមានសក្តានុពលពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី តាមស្ទឹងតូចក្នុងខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល ដោយហូរធ្លាក់ទៅទន្លេបាទីក្នុងខេត្តតាកែវ និងបន្តហូរធ្លាក់ទៅទន្លេបាសាក់។

បើតាមរបាយការណ៍បានឱ្យដឹងថា ការងារសំខាន់ៗរួមមាន៖ ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់ បាតក្រោមទំហំ ៤០ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺប្រវែង ១២,៥គីឡូម៉ែត្រ និងក្នុងខេត្តកណ្តាលប្រវែង ៣៨,៥គីឡូម៉ែត្រ និងទី២)ជួសជុលនិងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹក(ទ្វារទឹក) ១កន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ដែលទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ។ គិតមកដល់ដើមខែកញ្ញានេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៨៩%។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើដល់ក្រុមការងារសាងសង់ បង្កើនការយកចិត្តទុកដាក់លើគុណភាព បទដ្ឋានបច្ចេកទេស និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក និងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សូមបន្តចូលរួមសហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យដំណើរការសាងសង់សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានានូវសុវត្ថិភាពសន្តិសុខទឹកជូនដល់ភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ព្រមទាំងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកឱ្យបានគ្រប់គ្រាន់ដល់ការងារដាំដុះដំណាំកសិកម្មគ្រប់ប្រភេទ និងការប្រើប្រាស់ប្រចាំថ្ងៃ។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបត្រូវអនុវត្តជាបីជំហាន ហើយបច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម កំពុងអនុវត្តជំហានទី១ និងទី២ ដែលក្នុងនោះការងារសំខាន់ៗរបស់គម្រោងរួមមាន៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×